មានមនុស្សជាច្រើនដែលរៀនចប់សាកលវិទ្យាល័យមានអារម្មណ៍ថាខ្លួនឯងវង្វេងជាមួយនឹងខ្សែជីវិតរបស់ខ្លួន។ សម្ពាធមានកាន់តែច្រើន ពីមិត្តភក្តិផង ពីក្រុមគ្រួសារផង ពីមជ្ឈដា្ឋនជុំវិញខ្លួនផង ពេលខ្លះសម្ពាធចេញមកពីខ្លួនឯងទៀត។ ទំនេរៗក៏អង្គុយសញ្ជឹងគិត ថាតើគួរបន្តដំណើរទៅមុខទៀតយ៉ាងដូចម្តេច? មានរឿងជាច្រើនដែលនិស្សិតដែលទើបបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យបានជួបប្រទះ។
ថ្ងៃនេះអេដមីននឹងលើកយកនូវភាពលំបាកមួយចំនួនដែលនិស្សិតទើបបញ្ចប់ការសិក្សាជាច្រើនបានជួបប្រទះ៖
ការងារ
មានមនុស្សមិនតិចទេដែលជួបនូវសម្ពាធមួយនេះ ពេលរៀនចប់ភ្លាមក្រលេកទៅណាក៏ឃើញអ្នកធ្លាប់ស្គាល់មាន ការងារធ្វើគ្រប់ៗគ្នា។ ចេះតែដេកតូចចិត្តនឹងខ្លួនឯងត្រង់ថាបទពិសោធន៍ការងារក៏គ្មាន បើនិយាយពីការសិក្សាក៏មិនជាដុំកំភួន។ ពីមួយថ្ងៃទៅ មួយថ្ងៃអូសចុះអូសឡើងមើលគេហទំព័រស្វែងរកការងារធ្វើមិនតិចជាង១០ដង CVផ្ញើរទៅមិនក្រោម៥ក្រុមហ៊ុនដែរ។ ពេលខ្លះក៏មានអារម្មណ៍ថាស្រពេចស្រពិលជាមួយខ្លួនឯង មិនដឹងថាខ្លួនឯងចង់ធ្វើការអ្វីឲ្យពិតប្រាកដ។
មិត្តភាព
រៀនចប់ភ្លាមមិត្តភក្តិទាំងស្និទ្ធនិងមិនសូវស្និទ្ធចាប់ផ្តើមដើរតាមក្តីស្រមៃរបស់គេ។ មិត្តខ្លះក៏បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅឯក្រៅ ប្រទេស រីឯមិត្តខ្លះទៀតក៏មានការងាររៀងៗខ្លួន ពេលវេលាជួបមុខគ្នាកាន់តែតិច ហើយក៏បានដាច់ទំនាក់ទំនងគ្នាទៅ។ ពេលខ្លះដាក់សម្ពាធជាមួយនឹងខ្លួនឯងដោយឃើញមិត្តរបស់ខ្លួនមានភាព ជោគជ័យក្នុងជីវិត។ មិត្តភក្តិខ្លះមានគូស្រករ ឬគម្រោងនឹងរៀបការឆាប់ៗ។
ការសិក្សា
រៀនចប់៤ឆ្នាំនឹងគេដែល ប៉ុន្តែមិនដែល apply អ្វីនឹងគេសោះ។ ឃើញមិត្តរួមថ្នាក់គេចូលរួមកម្មវិធីផ្លាស់ប្តូរទៅក្រៅប្រទេស ចូលកម្មវិធីហាត់ការ និងធ្វេីការងារស្ម័គ្រចិត្តជាដើម។ បើនិយាយពីវគ្គបណ្តុះបណ្តាលជំនាញទន់ ក៏មិនសូវមានទៀត រីឯ GPA វិញបានត្រឹមតែមួយជាប់។
ស្ថានភាពហិរញ្ញវត្ថុ
រៀនចប់ភ្លាមប្រាក់ខែដែលទទួលបានក៏មិនសូវជាច្រើនត្រឹមបានមួយចាយ។ មានអារម្មណ៍ថាខ្លួនឯងមិនមានប្រយោជន៍ ព្រោះដល់វ័យដែលនៅពេលមានការជួបជុំជាមួយមិត្តភក្តិ គេនាំគ្នាជជែកពិភាក្សាអំពីការវិនិយោគទុនលើភាគហ៊ុន ឬក៏បើកជំនួញណាមួយ ទាំងដែលខ្លួនពុំដឹងថាខ្លួនស្រលាញ់អ្វីឲ្យច្បាស់លាស់។ មានអារម្មណ៍ថាចូលចំណោមគេមិនចុះ។
ទំនួលខុសត្រូវ
អាយុកាន់តែចាស់ ទំនួលខុសត្រូវក៏កាន់តែមានច្រើន បទពិសោធន៍ក្នុងជីវិតក៏នៅតិច។ ទំនួលខុសត្រូវដែលប្រែក្លាយទៅជាសម្ពាធ ដែលពិបាកដោះស្រាយ។
សរុបមកវិញអ្នកត្រូវចង់ចាំថា សុំកុំប្រៀបធៀបខ្សែជីវិតរបស់ខ្លួនជាមួយនឹងខ្សែជីវិតរបស់អ្នកដទៃ។ ពេលវេលាមនុស្សម្នាក់ៗគឺមានភាពខុសគ្នា អ្នកមានអារម្មណ៍ស្រពេចស្រពិលជាមួយនឹងជីវិតអ្នកថ្ងៃនេះ ថ្ងៃទៅមុខទៀតអ្វីៗនឹងល្អប្រសើរឡើងជាងមុន។ អ្នកគួរតែរស់នៅក្នុង ពេលបច្ចុប្បន្នប្រសើរជាងស្តាយក្រោយជាមួយរឿងដែលអ្នកពុំបានធ្វើពីអតីតកាល។ កុំខ្វល់ខ្វាយជាមួយនឹងរឿងអនាគតខ្លាំងពេក រហូតដល់ប៉ះពាល់សុខភាពផ្លូវចិត្តរបស់ខ្លួន។ អេដមីនសង្ឃឹមថាប្រិយមិត្តកាក់សេនទាំងអស់ រៀនសួរខ្លួនឯងនិងដើរទៅតាមក្តីស្រមៃ ប៉ុន្តែក៏កុំតូចចិត្តនឹងខ្លួនឯងដែលមានអារម្មណ៍ថាវង្វេងជាមួយជីវិត។
“If it’s meant to be, it will be.”
ចុចទីនេះស្វែងយល់ពី: ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?
ឯកសារយោង:
5 Key Challenges That College Students Face After Graduation
The Biggest Hurdles Recent Graduates Face Entering the Workforce
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។