ចំណេះដឹងហិរញ្ញវត្ថុ ជាមេរៀនសំខាន់មួយដែលមនុស្សគ្រប់រូបគួរមានក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះយើងខំរៀនសូត្រ ខំធ្វើការដើម្បីរកលុយ ប៉ុន្តែបើមិនមានចំណេះដឹងហិរញ្ញវត្ថុ បានចំណូល ឬប្រាក់ខែប៉ុន្មានក៏មិនអាចទុកដាក់ឲ្យសល់ដែរ។
ក្នុងថ្ងៃនេះកាក់សេន ចង់ចែករំលែកមេរៀនហិរញ្ញវត្ថុ ៥ ពីសៀវភៅលុយ និងជីវិត ភាគ ១ ជូនប្រិយមិត្តទាំងអស់គ្នា!!
១. ការគ្រប់គ្រងលុយកម្រិតដំបូង
ការគ្រប់គ្រងកម្រិតដំបូងពិតជាមានសារសំខាន់ព្រោះវាជាស្ពានដែលនាំអ្នកគ្រប់គ្រងលុយឲ្យបានត្រឹមត្រូវ។ វារួមបញ្ចូលនូវទម្លាប់ល្អៗមួយចំនួនដូចជា៖ ចាយឲ្យតិចជាងចំណូល មានប្រភពចំណូល ២ ឬ៣ ដកយកលុយសន្សំផង វិនិយោគផង ចេះគ្រប់គ្រងបំណុល និងមានកញ្ចប់លុយគ្រាអាសន្ន។
២. ការចាយវាយតាមក្បួនខ្នាត
ការចាយវាយតាមក្បួនខ្នាត ជាការដាក់ច្បាប់ចាយវាយមួយ ក្នុងករណីអ្នកចង់សម្រេចគោលដៅតូច ឬធំណាមួយ ប៉ុន្តែត្រូវឲ្យសមស្របទៅស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន។
ជាទូទៅ ការចាយវាយតាមក្បួនខ្នាតមានដូចជា៖
- កំណត់ការចាយវាយ
- មានបញ្ជីចំណូលចំណាយត្រឹមត្រូវ
- កុំហ៊ឺហាលើសសមត្ថភាព
- បែងចែកដាច់រវាងតម្រូវការ និងការចង់បាន
- តាមវិធីសាស្រ្តគ្រប់គ្រងលុយ ៥០|៣០|២០ ជាដើម។
៣. បើចង់សល់លុយ កាត់បន្ថយលើចំណាយទាំងនេះ
ចំណាយទាំងនេះសំដៅដល់ ចំណាយមិនចាំបាច់ ឬចំណាយតាមចំណង់មានដូចជាទូរស័ព្ទដៃស៊េរីថ្មី កាបូប ស្បែកជើង គ្រឿងអលង្ការ។ល។ ក្រោយកាត់បន្ថយលើចំណាយមិនចាំបាច់ទាំងនេះ អ្នកអាចសង្កេតឃើញថា ខ្លួនឯងមានស្ថានភាពហិរញ្ញវត្ថុប្រសើរជាងមុន មានទម្លាប់ចាយវាយល្អៗ កាន់បន្ថយការខ្ជះខ្ជាយ និងសល់លុយសម្រេចគោលបំណង់ផ្សេងៗទៀត។
៤. វិន័យហិរញ្ញវត្ថុ
វិន័យហិរញ្ញវត្ថុ និយាយពីការចេះចាយ សន្សំ វិនិយោគ ទៅតាមផែនការគ្រោងទុក ដែលខ្លួនបានកំណត់ ដើម្បីសម្រេចបានគោលដៅហិរញ្ញវត្ថុណាមួយប្រកបដោយប្រសិទ្ធភាព។ វាជាទម្លាប់មួយដែលយើងរាល់គ្នាគួរអនុវត្តដូចជា កំណត់ និងកាត់បន្ថយចំណាយប្រចាំខែ សន្សំយ៉ាងណាឲ្យដល់គោលដៅ និងដាក់ច្បាប់ចាយវាយជាដើម។ មិនចាំបាច់ក្បិតក្បៀតជ្រុល ដាក់សម្ពាធលើខ្លួនឯងរហូតដល់ជីវិតគ្មានភាពសប្បាយរីករាយ ឬតុល្យភាពជីវិត និងការរកលុយ។ ការដាក់វិនិយឲ្យខ្លួនឯង គឺដើម្បីបំណងបង្ការការប្រើប្រាស់ថវិកាឥតគោលដៅ ហើយជះផលអាក្រក់ដល់ហិរញ្ញវត្ថុ។
៥. លុយអាចរកបានមកវិញ
គ្រប់បញ្ហាតែងមានដំណោះស្រាយ។ បើទោះជាអ្នកសម្រេចចិត្តហិរញ្ញវត្ថុខុសហើយក៏ដោយក៏នៅតែមានឱកាសថ្មីសម្រាប់កែកំហុសនោះ។ ទទួលស្គាល់ ហើយងាកមកឈ្វេងយល់ និងសិក្សាបន្ថែមពីចំណេះដឹងហិរញ្ញវត្ថុ រៀបចំផែនការហិរញ្ញវត្ថុជាថ្មី ស្វែងរកប្រភពចំណូលបន្ថែម កែទម្លាប់មិនល្អ នោះអ្នកនឹងមានវិធីសាស្ត្រដើម្បីរកលុយត្រឡប់មកវិញបាន។
ពេលយើងមានគោលដៅច្បាស់លាស់ក្នុងជីវិត ទើបយើងដឹងថា មួយកាក់មួយសេនមានតម្លៃប៉ុនណាដើម្បីសម្រេចគោលដៅរបស់ខ្លួនបាន។ ដូចនេះយើងត្រូវចាំទុកថា ទោះរកលុយបានច្រើនប៉ុនណា បើគិតតែចាយ ហើយមិនចេះសន្សំបានត្រឹមត្រូវទេ នោះយើងនឹងងាយប្រឈមមុខ និងបញ្ហាហិរញ្ញវត្ថុនៅថ្ងៃក្រោយជាក់ជាមិនខាន។
បន្ថែមពីមេរៀនហិរញ្ញវត្ថុទាំង ៥ ខាងលើនោះ ប្រិយមិត្តកាក់សេនទាំងអស់គ្នាក៏អាចសិក្សា ឈ្វេងយល់ និងអានបន្ថែមពីវិធីសន្សំ ការរៀបចំ គ្រប់គ្រងចំណូល ចំណាយជាច្រើនទៀតក្នុងសៀវភៅ «លុយ និង ជីវិត ភាគទី ១»។ សៀវភៅភាគ ២ របស់កាក់សេនដែលនិយាយពីការវិនិយោគ គ្រប់គ្រងបំណុល និងការរៀបចំផែនការហិរញ្ញវត្ថុក៏ជិតចេញលក់ក្នុងពេលឆាប់ៗនេះដែរ។ អ្នកទាំងអស់គ្នាអាចទំនាក់ទំនងរកទិញបានតាមរយៈ ហ្វេសបុកផេក និង Telegram របស់កាក់សេនឥឡូវនេះ៕