យើងដឹងហើយថា ការបង់ពន្ធគឺជាកាតព្វកិច្ចមួយដ៏ចាំបាច់របស់អ្នកជាប់ពន្ធ។ រីឯពន្ធក៏មានច្រើនប្រភេទខុសៗគ្នា អត្រាក៏ខុសគ្នា ហើយវាអាចនឹងមានការពិបាកនិងភាពស្មុគស្មាញដល់អ្នកជាប់ពន្ធក្នុងការអនុវត្តបង់ពន្ធ។ យ៉ាងណាមិញ អ្នកជាប់ពន្ធច្រើនតែចង់កាត់បន្ថយពន្ធដែលពួកគេត្រូវបង់ជូនរដ្ឋហើយ ដោយតាមរយៈនីតិវិធីឬវិធីស្របច្បាប់ផ្សេងៗ ឬគេហៅថាការជៀសពន្ធ។ តែបើមានការប្រព្រឹត្តនូវមធ្យោបាយខុសឆ្គងដើម្បីកាត់បន្ថយប្រាក់ពន្ធនោះ វានឹងក្លាយទៅជាការគេចពន្ធ ហើយវាជាអំពើខុសច្បាប់ បើយោងទៅតាមច្បាប់ស្ដីពីសារពើពន្ធ។
ដូចនេះ យើងនឹងមើលលម្អិតបន្ថែមទៀតថាការគេចពន្ធ និង ការជៀសពន្ធ ខុសគ្នាកម្រិតណា ហើយវិធីទាំងពីរត្រឹមត្រូវនិងខុសឆ្គងដោយរបៀបណាខ្លះទៅតាមនីតិវិធី ក្នុងការកាត់បន្ថយប្រាក់ពន្ធ។
“ការគេចវេសពន្ធ” :
កាលណាអ្នកជាប់ពន្ធប្រព្រឹត្តនូវមធ្យោបាយខុសច្បាប់ដោយចេតនា ដើម្បីគេចពីការបង់ពន្ធ។ សកម្មភាពនៃការគេចពន្ធមានដូចជា ការក្លែងសំណៅឯកសារផ្សេងៗ ការបន្លំតួលេខក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងការក្លែងបន្លំឬខុបខិតផ្សេងៗដើម្បីបំបាត់ប្រាក់ពន្ធ ឬបង់ពន្ធខុសពីការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ។ ការគេចវេសពន្ធ ជាបទល្មើសដោយចេតនាទៅលើបទប្បញ្ញត្តិស្ដីពីពន្ធដារ ហើយជនល្មើសនឹងទទួលការពិន័យ ការជាប់ទោសទណ្ឌផ្នែករដ្ឋបាល និងផ្នែកព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពីពន្ធដារ។
“ការជៀសវាងពន្ធ” :
កាលណាអ្នកជាប់ពន្ធប្រើវិធីស្របច្បាប់ក្នុងការកាត់បន្ថយប្រាក់ត្រូវបង់ពន្ធ។ ដើម្បីអនុវត្តការជៀសពន្ធឱ្យត្រឹមត្រូវនិងស្របទៅតាមច្បាប់ អ្នកជាប់ពន្ធត្រូវយល់ដឹងពីប្រភេទពន្ធ អត្រាកំណត់ពន្ធនិងបញ្ញត្តិពាក់ព័ន្ធផ្សេងៗឱ្យបានច្បាស់លាស់ ពីព្រោះប្រភេទពន្ធខ្លះមានការលើកលែងពន្ធ និងការអនុគ្រោះពន្ធ ដែលអាចឲ្យអ្នកជាប់ពន្ធ មិនត្រូវបង់ ឬអាចកាត់កងឬបង់ពន្ធតិចជាងមុនតាមអត្រាណាមួយ។
ឧទាហរណ៍: សម្រាប់ពន្ធប្រថាប់ត្រា មានករណីលើកលែងដូចជាចំពោះ៖
→ ការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរដ្ឋាភិបាល សម្រាប់ជាប្រយោជន៍សេដ្ឋកិច្ច ឬសង្គមកិច្ច
→ ការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់ក្នុងរង្វង់ញាតិ (រួមមានយាយតាបង្កើត ឪពុកម្ដាយបង្កើត កូនចៅបង្កើត ប្ដីប្រពន្ធ) ដែលមានពីរប្រភេទ គឺ
+ ការផ្ទេរសិទ្ធិជាកេរមរតកពីមនុស្សស្លាប់ និង
+ ការផ្ទេរសិទ្ធិដោយមិនគិតថ្លៃពីមនុស្សរស់ ត្រូវបានលើកលែងពន្ធសម្រាប់លើកទី១
តែបើលើកទី ២ នឹងត្រូវបានអនុគ្រោះឲ្យដកមូលដ្ឋានគិតពន្ធចំនួន ១០០លានរៀល។
→ ការផ្ទេរសិទ្ធិអចលនទ្រព្យតម្លៃក្រោម៧ម៉ឺនដុល្លារ ត្រូវបានលើកលែងពន្ធប្រថាប់ត្រា។
*ការលើកលែងនិងអនុគ្រោះពន្ធមានច្រើនផ្សេងទៀត ទៅតាមប្រភេទពន្ធ។
ដើម្បីកាត់បន្ថយប្រាក់ពន្ធ អ្នកជាប់ពន្ធគួររៀបចំផែនការបង់ពន្ធ និងវេលាប្រកាសពន្ធ ឲ្យបានម៉ត់ចត់ និងត្រឹមត្រូវ ជៀសវាងការភាន់ច្រឡំ ដែលអាចនាំឲ្យបង់ពន្ធខុស បង់ពន្ធត្រួត ឬបង់យឺតយ៉ាវ ធ្វើឲ្យទទួលការផាកពិន័យពីអង្គភាពពន្ធដារ។
អ្នកជាប់ពន្ធក៏អាចប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកពន្ធ អំពីការបង់ពន្ធឲ្យបានត្រឹមត្រូវ និងការកាត់បន្ថយពន្ធទៅតាមនិតីវិធី៕
Click here to read more about: Tax Evasion vs. Tax Avoidance