ការបោះឆ្នោតប្រធានាធិបតីអាមេរិកក្លាយជាព្រឹត្តិការណ៍សំខាន់ដែលមនុស្សស្ទើគ្រប់គ្នានៅលើពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់។ នេះក៏ដោយសារ វាមិនត្រឹមតែកំណត់ជោគវាសនាវាសនា នយោបាយអាមេរិកខ្លួនឯងប៉ុ ណ្ណោះទេ ប៉ុន្តែវាក៏កំណត់ពីកម្រិតហានីភ័យ និងឱកាសផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលពិភពលោក នឹង ជួបប្រទះដូចគ្នា។
ដូច្នេះហើយការត្រឡប់មកកាន់តំណែងប្រធានាធិបតីជាថ្មីរបស់លោក ដូណាល់ ត្រាំ ដែលធ្លាប់កាន់តំណែងនេះម្តង
ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ និងប្រកាន់ខ្ជាប់គោលនយោបាយការបរទេសតម្កល់ប្រយោជន៍អាមេរិកជាអាទិភាព (America First) កំពុងធ្វើឱ្យពិភពលោកទាំងមូលព្រួយបារម្ភ។ ។រដ្ឋាភិបាលនៃបណ្តាប្រទេស នៅតំបន់អាស៊ីជា ពិសេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខរៀងទីពីរ គិតរំពៃពីផលប៉ះពាល់ដែលបង្កឡើ ងដោយគោលនយោបាយរបស់លោក ត្រាំ ខ្លំាងជាងគេ។
តើអ្វីដែលបណ្តាប្រទេសទាំងនេះបារម្ភនោះអាចនឹងកើតមានឡើងពិតឬទេ? ជាទូទៅ ថ្វីបើការត្រឡប់មកកាន់សេតវិមានជាថ្មីរបស់លោក ត្រាំ ជាប្រធានាធិបតីទី ៤៧ ទំនងជាបង្កើតបញ្ហាច្រើន សម្រាប់ចិនមែន ប៉ុន្តែវាប្រហែលជានាំមកនូវផលវិជ្ជមានដែរសម្រាប់រដ្ឋដទៃនៅតំំបន់អាស៊ី។
លោក ដូណាល់ ត្រាំ ជះផលវិជ្ជមាន និងអវិជ្ជមានបែបណាចំពោះសេដ្ឋកិច្ចអាស៊ី?
តាមរយៈការវាយតម្លៃជារួម ផលវិជ្ជមានទីមួយសម្រាប់អាស៊ីគឺកំណើនរោងចក្រឧស្សាហកម្មពីប្រទេសចិន។ ដូចដែលគ្រប់គ្នាបានដឹងហើយថា គោលនយោបាយជាអាទិភាពរបស់លោក ត្រាំ គឺធ្វើឱ្យសេដ្ឋកិច្ច អាមេរិកមានការកើនឡើង និងកាត់បន្ថយអតិផរណា តាមរយៈការបង្កើនពន្ធលើគ្រប់ផលិតផល នាំចូលពីក្រៅ។ គោលដៅពិសេសគឺ ចិន ហើយរដ្ឋបាលលោក ត្រាំ ក៏គ្រោងនឹងដំឡើងពន្ធនាំចូលលើផលិតផលពីចិនរហូតដល់ 60 ភាគរយ។
ព្រោះកត្តានេះហើយចិនព្យាយាមរកវិធីសាស្ត្រដើម្បីធ្វើយ៉ាងណាឱ្យទំនិញដែលនាំចេញទៅអាមេរិកជាប់ពន្ធតិចជាងនេះ។ វិធីសាស្ត្រល្អបំផុតសម្រាប់ចិន គឺ ផ្លាស់ប្តូររោងចក្រឧស្សាកម្មដែលកំពុងដំណើរការនៅចិនមកកាន់ ប្រទេសដទៃដែលមានលក្ខខណ្ឌអំណោយផល ជាពិសេសកម្លាំងពលកម្មទាប ដូចជាកម្ពុជា វៀតណាម ថៃ ឡាវជាដើម។ ធ្វើដូច្នេះផលិតផលដែលនឹងត្រូវនាំចូលទៅកាន់ អាមេរិករងពន្ធទាបជាងការនាំទំនិញចេញ ផ្ទាល់ពីប្រទេសចិន។
ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលទៅកាន់អាមេរិកមានការកើនឡើង ចិន និងអាមេរិកសុទ្ធតែជាមហាអំណាច ទាំងទំហំសេដ្ឋកិច្ច យោធា និងចំនួនប្រជាជន។ ដូចនេះប្រទេសទាំងពីរនេះមានការពឹងពាក់គ្នាទៅវិញទៅមកជាពិសេសគឺវិស័យឧស្សាហកម្មដែលតែងតែមានការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។ ដូច្នេះ បើមានការប្រឈមមុខគ្នាជុំវិញការនាំចេញ និងនាំចូល ប្រទេសទាំងសង្ខាងប្រាកដជានឹងរកយុទ្ធសាស្ត្របន្ថយការពឹងផ្អែកលើគ្នាជាក់ជាមិនខាន។ ស្ថានភាពនេះនឹងក្លាយជាឱកាសមួយសម្រាប់ប្រទេសតូចៗនៅតំបន់អាសុីជំរុញការផលិតដើម្បីបំពេញតម្រូវការមហាអំណាចទាំងពីរជាពិសេសគឺអាមេរិក។ វាក៏នឹងជំរុញការនាំចេញ បង្កើនការងារក្នុងស្រុក និងបង្កឱ្យមានកំណើតសេដ្ឋកិច្ចដូចគ្នា។
ផលវិជ្ជមានមួយទៀតគឺ វាក៏ទំនងជានឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ដ្បិតថា ភាពតានតឹងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិន និងអាមេរិកជាបញ្ហាប្រឈមក៏ពិតមែន ស្ថានការណ៍ពិបាកស្មាននេះក៏អាចជាកត្តារុញច្រានឱ្យប្រទេសក្នុងតំបន់អាសុីចាប់ដៃគ្នាជាធ្លុងមួយដើម្បីបង្កើនភាពរឹងមាំផ្នែកពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។
បន្ថែមពីនេះ ការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាចទាំងពីរក៏អាចក្លាយជាឱកាសសម្រាប់ប្រទេសតូចៗក្នុងតំបន់ផងដែរ។ ការប្រណាំងប្រជែងគ្នាផ្នែកភូមិសាស្ត្រនយោបាយ ស្តែងឡើងតាមរយៈការបង្កើនឥទ្ធិពល និងអំណាចរបស់ខ្លួនលើប្រទេសក្នុងតំបន់។ ការបង្កើនជំនួយហិរញ្ញវត្ថុ រួមជាមួយការបង្កើនទុនវិនិយោគនានា សម្រាប់ប្រទេសនៅតំបន់អាស៊ី នឹងកា្លយឧបករណ៍នយោបាយការទូតចម្បងរបស់មហាអំណាចទាំងពីរនេះ។ «គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ» របស់ចិនដែលដាក់ចេញតាំងពីឆ្នាំ ២០១២ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាសុី និងជំរុញពាណិជ្ជកម្មនោះ ជាឧទាហរណ៍ជាក់ស្តែងមួយដ៏សំខាន់។
ដោយឡែក ការត្រឡប់មកជាថ្មីរបស់លោក ត្រាំ ក៏នឹងធ្វើឱ្យមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចច្រើនដែរ។ ថ្វីបើចិនជាគោលដៅចម្បងរបស់រដ្ឋបាលអាមេរិកថ្មីក្តី នេះក៏មិនមែនមានន័យថាប្រទេសអាស៊ីផ្សេងទៀតរួចខ្លួនដែរ។
គោលនយោបាយដំឡើងពន្ធនាំចូលរបស់លោកត្រាំគឺមានគោលដៅបង្កើនពន្ធនាំចូល ហើយវិធានការនេះគឺត្រូវអនុវត្តលើបណ្តាប្រទេសទាំងអស់មិនថាជាសម្ព័ន្ធមិត្តក៏ដោយ ហេតុដូច្នេះហើយប្រាក់ចំណេញដែលបានពីការនាំចេញផលិតផលទៅក្រៅប្រទេសរបស់ប្រទេសមួយចំនួនក្នុងតំបន់អាសុីដែលមិនបានទទួលការវិនិយោគរបស់ចិន នឹងរងការប៉ះទង្គិចខ្លាំង។ នេះក៏ដោយសារ មានតែប្រទេសសម្បូរសក្តានុពលមួយចំនួនក្នុងតំបន់អាសុីប៉ុណ្ណោះដែលមានសមត្ថភាពស្រូបយកការវិនិយោគ និងការតាំងទីរោងចក្រ ឬក្រុមហ៊ុនរបស់ចិន។
ផលប៉ះពាល់ធំមួយទៀតគឺ ការថយក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ចិន។ ជាទូទៅ ផលប៉ះពាល់ផ្នែកណាមួយនៃសេដ្ឋកិច្ចចិន នឹងជះឥទ្ធិពលខ្លាំងលើតំបន់អាសុីទាំងមូលដោយហេតុថាចិនគឺជាទីផ្សារនាំចូល និងនាំចេញដ៏សំខាន់មួយ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ច។ ជាឧទារណ៍៖ការធ្លាក់ចុះនៃការផលិតរបស់ចិននឹងធ្វើឱ្យការនាំចេញវត្ថុធាតុដើមមួយចំនួនពីបណ្តាប្រទេសក្នុងតំបន់ទៅកាន់ចិនធ្លាក់ចុះដូចគ្នា។
ចុងក្រោយ គឺភាពផុយនៃ ភូមិសាស្ត្រនយោបាយតំបន់ដែលកើតឡើងតាមរយៈការការប្រកួតប្រជែងឥទ្ធិពល។ វាជារឿងដែលបណ្តាប្រទេសក្នុងតំបន់ព្រួយបារម្ភខ្លាំងជាងគេ ដ្បិតថា ភាពតានតឹងនេះនឹងជំរុញការឆ្លើយតបរវាងមហាអំណាចទាំងពីរ ហើយវាក៏នឹងអាចបង្កើនកម្តៅកាន់តែខ្លាំង។ ជម្លោះរ៉ាំរ៉ៃនៅសមុទ្រចិនខាងត្បូង នឹងក្លាយជាចំណុចប្រទាញប្រទង់មួយដ៏ធំនៅពេលខាងមុខ ជាពិសេសការប្រឈមមុខគ្នាដោយ សកម្មភាពយោធារវាងចិន និងភាគីជម្លោះផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។ ជាផ្លូវពាណិជ្ជកម្មសំខាន់សម្រាប់អាសុីផង ការប្រឈមមុខដាក់គ្នានេះនឹងអាចបង្កការរំខាន ហើយវានឹងជះឥទិ្ធពលខ្លាំងដល់ចរន្តសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់ដូចគ្នា។
ជារួមការត្រឡប់មកវិញរបស់លោក ត្រាំ នឹងអាចនាំមកទាំងផលវិជ្ជមាន និងអវិជ្ជមានចំពោះសេដ្ឋកិច្ចអាស៊ី។ ប៉ុន្តែលទ្ធភាពអាចទាញប្រយោជន៍ពីផលវិជ្ជមានបានច្រើនឬតិច ប្រហែលជាអាស្រ័យលើការត្រៀមខ្លួន និងការរៀបចំយុទ្ធសាស្ត្រទុកជាមុនដើម្បីសម្របខ្លួនទៅនឹងបរិបទថ្មីរបស់បណ្តាប្រទេសក្នុងតំបន់។
លើសពីនេះ ការត្រៀមខ្លួននេះក៏នឹងជួយបន្ថយផលប៉ះពាល់ដែលអាចកើតឡើងពីគោល នយោបាយតម្កល់ប្រយោជន៍អាមេរិកជាអាទិភាព និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៍ស្រួចស្រាល់បាននៅពេលខាងមុខដែរ៕