ជាទូទៅ ការមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់នឹងជួយជម្រុញអ្នកឱ្យសម្រេចបានលទ្ធផលល្អ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់ការរៀបចំអនាគតរបស់អ្នក។ រីគោលដៅហិរញ្ញវត្ថុនេះដែរ អាចចែកជាពីរប្រភេទគឺ គោលដៅហិរញ្ញវត្ថុរយៈពេលខ្លី និងគោលដៅហិរញ្ញវត្ថុរយៈពេលវែង ហើយការកំណត់រយៈពេលគោលដៅហិរញ្ញវត្ថុអាចមានលក្ខណៈខុសៗគ្នា អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។
ចំពោះគោលដៅហិរញ្ញវត្ថុរយៈពេលខ្លី គឺនៅត្រឹមចន្លោះពី ១ខែទៅ១ឆ្នាំប៉ុណ្ណោះ។ ឧទាហរណ៍នៃគោលដៅហិរញ្ញវត្ថុរយៈពេលខ្លីមានដូចជា គោលដៅសន្សំសម្រាប់ដំណើរកម្សាន្ត សម្រាប់ទិញរបស់ប្រើប្រាស់ (គ្រឿងសង្ហារឹម ម៉ូតូ កុំព្យូទ័រ ទូរស័ព្ទដៃ -ល-) សម្រាប់កែលម្អផ្ទះបន្តិចបន្តួច សម្រាប់ជួសជុសរថយន្តជាដើម។
រីឯគោលដៅហិរញ្ញវត្ថុរយៈពេលវែងវិញ គឺនៅលើសពី១ឆ្នាំឡើងទៅ ដើម្បីសម្រេចក្ដីសុបិនរបស់អ្នកឱ្យទទួលបានជោគជ័យនាពេលអនាគត។ ប្រភេទគោលដៅហិរញ្ញវត្ថុរយៈពេលវែងនេះ ច្រើនលើសពីការសន្សំ ដោយវាអាចជាទម្រង់នៃការវិនិយោគដែលទាមទារស្ថេរភាព និងផ្តោតទៅលើកំណើនលុយ។ ឧទាហរណ៍នៃគោលដៅហិរញ្ញវត្ថុរយៈពេលវែងរួមមានដូចជាការសន្សំប្រាក់សម្រាប់ពេលចូលនិវត្តន៍ សម្រាប់ផ្គត់ផ្គង់កូនឬក្រុមគ្រួសារ ការបង់រម្លស់ ឬដោះស្រាយបំណុលជាដើម។
ទម្រាំអាចសម្រេចបំណងឬទៅដល់គោលដៅដែលយើងចង់ទៅ វាមិនងាយស្រួលទេ ហើយវាអាចនឹងមានឧបសគ្គជាច្រើន។ ប៉ុន្តែបើយើងកំណត់បានគោលដៅជាក់លាក់ណាមួយ វាក៏ជាកត្តាមួយដែលជួយជម្រុញអ្នកឱ្យសម្រេចបានគោលដៅនោះដែរ៕
ចុចទីនេះស្វែងយល់បន្ថែមពី: វិធីគណនាងាយៗស្វែងយល់ពីសុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន