ឥណទានបុគ្គល សំដៅលើការខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីយកទៅប្រើប្រាស់បញ្ហាផ្ទាល់ខ្លួន ដូចជាការខ្ចីប្រាក់ដើម្បី ទិញផ្ទះ យានជំនិះ ទូរសព្ទ ការសិក្សា ធ្វើដំណើរកម្សាន្ត ឬដើម្បីរៀបអាពាពិពាហ៍ជាដើម។ លើសពីនេះ គេក៏និយមយកកម្ចីនេះទៅធ្វើការសងបំណុលផ្សេងៗផងដែរ។
ឥណទានបុគ្គល មាន២ប្រភេទគឺ កម្ចីមានទ្រព្យបញ្ចាំ (Secured loan) និង កម្ចីគ្មានទ្រព្យបញ្ចាំ (Unsecured loan)។ ភាពខុសគ្នារវាងកម្ចីទាំងពីរនេះ គឺទៅលើអត្រាការប្រាក់ ចំនួនទឹកប្រាក់ដែលអនុញ្ញាតិឲ្យខ្ចី និង កម្រិតហានិភ័យដែលអាចជួបប្រទះ។ កម្ចីមានទ្រព្យបញ្ចាំ តម្រូវឲ្យមានទ្រព្យធានាដែលអាចជា ប្លង់ដី ផ្ទះ ទៅតាមចំនួនទឹកប្រាក់ដែលចង់ខ្ចី។ ចំពោះអត្រាការប្រាក់ជាមធ្យមអាចមានចន្លោះពី 8% ទៅ 18% ក្នុងមួយឆ្នាំ អាស្រ័យទៅតាមស្ថាប័ន រូបិយប័ណ្ណ (ដុល្លារ រៀល ឬបាត) ចំនួនរយៈពេល ក៏ដូចជាចំនួនកម្ចីទឹកប្រាក់ផងដែរ។
ក្រុមហ៊ុនផ្តល់ឥណទានក៏អាចឲ្យដាក់បញ្ចាំជារបស់ទ្រព្យដែលយើងខ្ចីប្រាក់ដើម្បីទិញផងដែរ ពោល គឺគេនឹងរឹបអូសយកជាកម្មសិទ្ធិនៅពេលគ្មានប្រាក់សងត្រឡប់។
ឧទាហរណ៍ថា អ្នកមានបំណងចង់ស្នើឥណទានបុគ្គលដើម្បីទិញរថយន្ត ដូច្នេះនៅពេលដែលអ្នកគ្មានលទ្ធភាពសងត្រឡប់វិញ គេនឹងយករថយន្តនោះជំនួសតែម្តង។
ប៉ុន្តែកម្ចីនេះមានការប្រាក់ទាប ហើយមានភាគរយខ្ពស់ក្នុងការទទួលបានទឺកប្រាក់ខ្ចី។ យ៉ាងណាមិញ អ្នកក៏តម្រូវឱ្យបង់ប្រាក់មួយចំនួនសិនដែរ។
រីឯកម្ចីដែលគ្មានទ្រព្យបញ្ចាំ អាចជំនួសមកវិញជា លិខិតបញ្ជាក់ប្រាក់បៀវត្ស ដែលចំនួនទឹកប្រាក់ដែលអ្នកអាចខ្ចីនោះអាចមានរហូតដល់ ៨ ទៅ ១២ដង នៃចំនួនទំហំទឹកប្រាក់បៀវត្សរបស់អ្នក។
បច្ចុប្បន្នឥណទានបុគ្គលកំពុងមានការចាប់អារម្មណ៍ប្រើប្រាស់ពីប្រជាជនយើង ជាពិសេសអ្នកមានចំណូលថេរ ដោយសារតែភាពងាយស្រួលរបស់វា ក្នុងការបំពេញតម្រូវការផ្ទាល់ខ្លួនផ្សេងៗ ប៉ុន្តែមុនពេលសម្រេចចិត្តខ្ចី អ្នកគួរដឹងច្បាស់ពីចំនួនដែលត្រូវខ្ចី ដើម្បីឲ្យសមស្របនឹងតម្រូវការ (មិនតិចពេក ហើយក៏មិនច្រើនពេក) និងគួរត្រួតពិនិត្យលើលទ្ធភាពសងរបស់ខ្លួនឲ្យបានច្បាស់។
យ៉ាងណាមិញ អ្នកគួរធ្វើការស្វែងយល់បន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ទាប ព្រមទាំងហានិភ័យទាប ដើម្បីបង្ការការជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុដោយប្រការណាមួយ៕
Click here to read more about: What Is a Personal Loan?