កាលពីលើកមុន កាក់សេន បានបកស្រាយអំពីពន្ធលើប្រាក់បៀវត្សរួចហើយ យ៉ាងណាមិញនៅក្នុងក្រុមហ៊ុន ឬស្ថាប័ននានា ច្រើនផ្ដល់អត្ថប្រយោជន៍បន្ថែមដែលអាចជាសាច់ប្រាក់ឬវត្ថុផ្សេងៗ ដល់និយោជក លើសពីប្រាក់បៀវត្ស ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងធ្វើការងាររបស់ពួកគេ។
សម្រាប់អត្ថប្រយោជន៍បន្ថែមទាំងនោះ ក៏ត្រូវជាប់ពន្ធលើអត្ថប្រយោជន៍បន្ថែម ដែលមានអត្រា ២០% ផងដែរ។
អត្ថប្រយោជន៍បន្ថែមរួមមាន:
- ថ្លៃម្ហូបអាហារ
- ថ្លៃឈ្នួលស្នាក់នៅ
- យានជំនិះគ្រប់ប្រភេទប្រើផ្ទាល់ខ្លួន
- ថ្លៃទឹក ភ្លើង កាតទូរសព្ទ
- ថ្លៃអប់រំផ្សេងៗ មិនទាក់ទងនឹងការងារ
- ថ្លៃជំនួយអប់រំសម្រាប់កូនបុគ្គលិក
- ធានារ៉ាប់រងអាយុជីវិត និងសុខភាព
- អត្ថប្រយោជន៍ផ្សេងៗដែលមិនមានចែងក្នុងច្បាប់ការងារ
បុគ្គលិកមានកាតព្វកិច្ចបង់ពន្ធ ក្នុងករណីទទួលបានអត្ថប្រយោជន៍ទាំងនេះ ខណៈបុគ្គលិកដទៃទៀតមិនទទួលបាន មានន័យថាបើបុគ្គលិកទទួលបានអត្ថប្រយោជន៍ទាំងនេះគ្រប់គ្នា នោះមិនចាំបាច់ត្រូវបង់ពន្ធលើអត្ថប្រយោជន៍បន្ថែមឡើយ។
ពន្ធលើអត្ថប្រយោជន៍នេះ ត្រូវគិតលើតម្លៃសរុបរបស់អត្ថប្រយោជន៍ដែលបុគ្គលិកទទួលបាន។
ឧទាហរណ៍ បុគ្គលិក «ក» ធ្វើការនៅក្រុមហ៊ុនមួយ ហើយទទួលបានប្រាក់សម្រាប់ថ្លៃឈ្នួលផ្ទះចំនួន ២០០$ និងប្រាក់ពីធានារ៉ាប់រងសុខភាព ២០$ រៀងរាល់ខែ ដូចនេះ បុគ្គលិក ក ត្រូវបង់ពន្ធចំនួន (២០០+២០)x២០%= ៤៤$ ក្នុង១ខែ ប៉ុន្តែបើសិនជា គ្រប់បុគ្គលិកទទួលបានថ្លៃឈ្នួលផ្ទះនិងប្រាក់ពីធានារ៉ាប់រងសុខភាព ទាំងអស់គ្នានោះ ពន្ធនេះមិនត្រូវបានគិតនោះទេ៕