រតនាគារជាតិ(Cambodia General Department of National Treasury)គឺជានាយកដ្ឋានមួយស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើងក្នុង ឆ្នាំ១៩៩០ ដែលបច្ចុប្បន្ន រតនាគារជាតិត្រូវបានរាជរដ្ឋាភិបាលតំឡើងឋានៈទៅជាអគ្គនាយកដ្ឋានរតនាគារជាតិ។ អគ្គនាយកដ្ឋានរតនាគារជាតិនៃកម្ពុជាដើរតួជា បេឡាករ និងជាគណនេយ្យករសាធារណៈតែមួយគត់របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រៅពីនេះអគ្គនាយកដ្ឋាននេះក៏មានភារកិច្ចផ្សេងៗជាច្រើនទាក់ទងទៅនឹងការគ្រប់គ្រងគណនេយ្យរបស់រដ្ឋ ប្រដូចទៅនឹងផ្នែកគណនេយ្យនៅក្នុងក្រុមហ៊ុនមួយដូច្នោះដែរ។ ដូច្នេះការគ្រប់គ្រងចំណូលចំណាយថវិកាជាតិ ក៏ដូចជាការផ្តល់សេវាដល់គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិលើការទូទាត់ការចំណាយផ្សេងៗ ការបើកប្រាក់បៀវត្សរ៍ ព្រមទាំងការធ្វើតុល្យភាពសាច់ប្រាក់ក៏ជាផ្នែកមួយដែលទទួលខុសត្រូវដោយអគ្គនាយកដ្ឋាននេះផងដែរ។
រតនាគារជាតិក៏ប្រៀបបានដូចជា អ្នកគ្រប់គ្រង ទ្រព្យ បំណុល និងមូលធនផ្សេងៗដែលជាកម្មសិទ្ធិរបស់រដ្ឋ រួមមានការគ្រប់គ្រងគណនីរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គណនីប្រាក់បញ្ញើឯកជន គណនីក្រៅថវិកា និងគណនីពិសេសរបស់រតនាគារ ការគ្រប់គ្រងប្រាក់កាសរបស់រដ្ឋ មូលប័ត្ររដ្ឋ និងសញ្ញាប័ណ្ណរដ្ឋ។
ដូចគ្នានេះដែរ រតនាគារជាតិក៏មានភារកិច្ចក្នុងការរួមចំណែកក្នុងការតម្រង់ទិសក្នុងការអនុវត្តន៍គោលនយោបាយរូបិយវត្ថុនិងបំណុលសាធារណៈ ដោយសហការយ៉ាងមោះមុតជាមួយនឹងធនាគារជាតិនៃកម្ពុជា។
ជាងនេះទៅទៀត ជារៀងរាល់ឆ្នាំ ស្ថាប័ននេះ ជាអ្នករៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ និង រៀបចំគោលការណ៍ និងបិទបញ្ជីគណនេយ្យសាធារណៈ ដែលចាំបាច់ក្នុងការធ្វើសេចក្តីសម្រេច និង ពន្លឿនការអនុម័តគម្រោងតូច ធំ របស់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ដែលបានដាក់ស្នើផងដែរ៕