នៅពេលគេនិយាយពី ហិរញ្ញវត្ថុ គេរមែងសំដៅទៅលើការគ្រប់គ្រងលុយកាក់ ដែលវាអាចមានដូចជា ការវិនិយោគ ការចាយវាយ ការខ្ចីប្រាក់ កម្ចីឥណទាន ការសន្សំ និងការរៀបចំទុកដាក់លុយកាក់សម្រាប់ពេលអនាគតនេះឯង។ ជាទូទៅ ហិរញ្ញវត្ថុមាន ៣ ប្រភេទគឺ៖ ហិរញ្ញវត្ថុផ្ទាល់ខ្លួន ហិរញ្ញវត្ថុសារជីវកម្ម ហិរញ្ញវត្ថុរដ្ឋាភិបាលឬហិរញ្ញវត្ថុសាធារណៈ ។
ក. ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance)
សំដៅដល់សកម្មភាពឬការសម្រេចចិត្តទាំងឡាយ ដែលពាក់ព័ន្ធទៅនឹងការទុកដាក់ ឬគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួន ដែលរួមមានទាំងលុយចាយ លុយសន្សំ លុយវិនិយោគ និងលុយសម្រាប់ប្រើប្រាស់ដទៃទៀត។
ឧទាហរណ៍ដូចជា ការសន្សំលុយដេីម្បីទិញផ្ទះ រៀបចំការចាយវាយប្រចាំថ្ងៃ រឺ បង្កេីតគោលដៅសន្សំ សម្រាប់ទុកវិនិយោគលេីអាជីវកម្មណាមួយដែលខ្លួនស្រឡាញ់។
ខ. ហិរញ្ញវត្ថុសាជីវកម្ម (Corporate Finance)
ហិរញ្ញវត្ថុសាជីវកម្ម សំទៅទៅលើការគ្រប់គ្រងលុយកាក់ ការផ្គត់ផ្គង់ ការរៀបចំប្រាក់ដើមទុន និងតាមដានសកម្មភាពទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងហិរញ្ញវត្ថុក្នុងក្រុមហ៊ុន ឬសាជីវកម្មណាមួយ។
ហិរញ្ញវត្ថុសាជីវកម្មរួមមាន៖
១. ការរៀបចំដើមទុន
២. ការទិញ-លក់ និងវិនិយោគលើភាគហ៊ុន ឬទ្រព្យសម្បត្តិផ្សេងៗ
៣. ការកំណត់ប្រភពថវិកា ដែលអាចជាមូលនិធិពីម្ចាស់ភាគហ៊ុន ឬកម្ចីឥណទាន
៤. ការកំណត់ឱកាសប្រាក់ចំណេញនាពេលអនាគត
៥. គ្រប់គ្រងហានិភ័យ និងការបង់ពន្ធ
ឧទាហរណ៍ថា ម្ចាស់ក្រុមហ៊ុន ឬសាជីវកម្មណាមួយ អាចនឹងសម្រេចចិត្តស្វែងរកដើមទុនបន្ថែម។ អញ្ចឹង! គេអាចនឹងពិចារណាថា តើគួរស្វែងរកដើមទុនបន្ថែមដោយស្នើទុនបន្ថែមពីម្ចាស់ដើមទុន ឬគួរស្នើឥណទានពីធនាគារ ជាដើម។
គ. ហិរញ្ញវត្ថុសាធារណៈ (Public Finance)
សំដៅទៅលើការគ្រប់គ្រងប្រាក់ចំណូល និងចំណាយរបស់មូលនិធិ និងការគ្រប់គ្រងប្រាក់ហិរញ្ញប្បទាន។ គោលដៅចម្បងគឺការគ្រប់គ្រង់ប្រភពប្រាក់ទាំងនោះឱ្យច្បាស់លាស់ បន្ទាប់មកបែកចែងប្រាក់ទាំងនោះទៅតាមវិស័យសំខាន់ៗរបស់រាជរដ្ឋាភិបាល។
ហិរញ្ញវត្ថុសាធារណៈរួមមាន៖
១. ការចាត់ចែងលើការចំណាយទៅលើសម្បត្តិរដ្ឋ និងសេវាកម្មសាធារណៈ
២. ការចាត់ចែងកញ្ចប់ប្រាក់ជាតិ និងប្រភពប្រាក់
៣. ការចាត់ចែងលើប្រាក់ហិរញ្ញប្បទាន
៤. ការគ្រប់គ្រងពន្ធ
ជាក់ស្ដែង ដូចថ្មីៗនេះ ប្រទេសកម្ពុជាកំពុងជួបនឹងគ្រោះធម្មជាតិទឹកជំនន់។ ដូចនេះ រាជរដ្ឋាភិបាលនឹងរៀបចំគម្រោងកញ្ចប់សាច់ប្រាក់ខ្លះដើម្បីជួយដល់ជនរងគ្រោះតាមរយៈការផ្គត់ផ្គង់ចំណីអាហារ ទីកន្លែងស្នាក់នៅ និងត្រៀមកញ្ចប់ប្រាក់សម្រាប់ការជួសជុលពីការរងខូចខាតដោយសារគ្រោះទឹកជំនន់នេះ។
អញ្ចឹងយើងអាចដឹងហើយថា ផ្នែកនីមួយៗនៃហិរញ្ញវត្ថុ គឺសុទ្ធត្រូវការការគ្រប់គ្រង និងចេះបែកចែកកញ្ចប់ប្រាក់យកទៅប្រើប្រាស់តាមតម្រូវការឱ្យបានត្រឹមត្រូវ។ ការគ្រប់គ្រងលុយកាក់ពុំមែនជារឿងងាយស្រួលនោះឡើយ ប៉ុន្តែបើយើងមានផែនការហិរញ្ញវត្ថុច្បាស់លាស់ យើងក៏នឹងឆាប់សម្រេចបានគោលដៅហិរញ្ញវត្ថុក្នុងរយៈពេលមួយលឿនដូចគ្នាដែរ៕