អាជីវកម្មនីមួយៗវាអាចមានភាពខុសៗគ្នាទៅតាមប្រភេទអាជីវកម្ម ទំហំ ក៏ដូចជាគោលដៅរបស់អាជីវកម្មនោះ។ ប៉ុន្តែការគ្រប់គ្រងលុយកាក់របស់អាជីវកម្ម គឺមិនអាចខុសគ្នាឆ្ងាយនោះទេ។
ការគ្រប់គ្រងលំហូរសាច់ប្រាក់ ក៏ប្រៀបបានដូចជាបេះដូងនៃអាជីវកម្មដូច្នោះដែរ ប្រសិនបើយើងមិនអាចគ្រប់គ្រង ឬគ្រប់គ្រងមិនបានល្អ អាជីវកម្មងាយនឹងបរាជ័យបំផុត។ អញ្ចឹង! តើគួររៀបចំ និងគ្រប់គ្រងរឿងលុយកាក់នេះដោយរបៀបណា?
១. ប៉ាន់ប្រមាណប្រាក់ចំណូល
រឿងដំបូងដែលម្ចាស់អាជីវកម្មខ្នាតតូចត្រូវដឹងមុនគេ មុននឹងចាប់ផ្ដើមដំណើរការអាជីវកម្មគឺ ប៉ាន់ប្រមាណប្រភពប្រាក់ចំណូលដែលខ្លួនអាចនឹងរកបាន។
ឧទាហរណ៍ថា ប្រសិនបើអ្នកបើកអាជីវកម្មលក់ម្ហូបអាហារ អ្នកអាចនឹងរកមានប្រភពចំណូល៖
– ពេលព្រឹកនិងថ្ងៃ អ្នកបើកអាហារដ្ឋាន
– ពេលល្ងាចឬយប់ អ្នកអាចបើកជាភោជនីយដ្ឋាន ឬ Pub ជាដើម។
ដូចនេះ អ្នកអាចកំណត់ប្រភពចំណូលច្បាស់លាស់បានរួចហើយ។
២. កំណត់ការចំណាយថេរ
ការចំណាយថេរ សំដៅលើចំណាយណាមួយដែលមិនប្រែប្រួលជាប្រចាំខែ ចំណាយនោះអាចមានរួមដូចជាអ៊ីនធឺណេត ឬទូរសព្ទ ថ្លៃអគារ/កន្លែង និងថ្លៃឈ្នួលបើកប្រាក់ខែ។ ការចំណាយថេរ គឺជាចំណាយចាំបាច់ដែលអ្នកត្រូវតែចំណាយ ទោះបីជាអ្នកទទួលបានប្រាក់ចំណេញ ឬខាតក្ដី។
៣. កំណត់ការចំណាយអថេរ
ការចំណាយអថេរ សំដៅលើការចំណាយដែលតួលេខអាចប្រែប្រួលជាប្រចាំខែ អាស្រ័យលើម្ចាស់អាជីវកម្ម។
ការចំណាយអថេរអាចរួមមានដូចជា គ្រឿងទេស សម្ភារការិយាល័យខូចខាត និងថ្លៃទឹកភ្លើងជាដើម។
៤. កំណត់ការចំណាយម្ដងរួចចប់
ក្រៅពីចំណាយថេរ និងអថេរមក ចំណាយម្ដងចប់ គឺជាចំណាយដែលអ្នកប្រមើរមើលបានថា អាចនឹងចំណាយក្នុងខែណាមួយដូចជា អ្នកត្រូវការទិញកុំព្យូទ័រថ្មីបន្ថែមសម្រាប់អាជីវកម្មរបស់អ្នកជាដើម។
គន្លឹះ៖ គួរបង្កើតតារាងចំណូលចំណាយ ដើម្បីងាយស្រួលតាមដានទិន្នន័យពេញមួយខែតែម្ដង។
៥. ទូទាត់ប្រាក់ចំណូល និងប្រាក់ចំណាយ ដើម្បីរកប្រាក់ចំណេញ
បន្ទាប់ពីបានដឹង និងប៉ាន់ប្រមាណប្រាក់ចំណូលចំណាយរួចមក អ្នកអាចប្រៀបធៀបលំហូរសាច់ប្រាក់ចូល (ចំណូល) ទៅនឹងលំហូរសាច់ប្រាក់ចេញ (ចំណាយ) ដើម្បីកំណត់ប្រាក់ចំណេញរួមរបស់អ្នក។
ឧទាហរណ៍ថា អ្នកប៉ាន់ប្រមាណប្រាក់ចំណូលប្រចាំខែអ្នកទទួលបាន ១លានរៀលក្នុងខែ និងប្រាក់ចំណាយសរុបទាំងអស់ ៩០ម៉ឺនរៀល។ ដូចនេះ អ្នកអាចរកឃើញលទ្ធភាពផលចំណេញ ១០ម៉ឺនរៀលជាប្រចាំខែហើយ។
ឬម្យ៉ាងវិញទៀត អ្នកអាចយកថ្លៃចំណាយសរុបមកចែកនឹង 30ថ្ងៃ នោះអ្នកនឹងដឹងថា ក្នុងមួយថ្ងៃអ្នកត្រូវការចំណាយប៉ុន្មាន បើទោះបីជាអ្នកមិនទទួលបានប្រាក់ចំណូលក្ដី។ ការធ្វើដូចនេះ ល្អសម្រាប់ម្ចាស់អាជីវកម្មដែលទូទាត់ប្រាក់ជាប្រចាំថ្ងៃ ដ្បិតថា ម្ចាស់អាជីវកម្មអាចដឹងថា ខ្លួនត្រូវរកចំណូល ឬប្រាក់ចំណេញឱ្យបានប៉ុន្មានក្នុងមួយថ្ងៃ ដើម្បីទប់ទល់នឹងការចំណាយ។
ដូចនេះ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ឬអ្នកមានបំណងចង់បើកអាជីវកម្មខ្នាតតូចនោះ អ្នកអាចពិចារណាលើវិធីសាស្ត្រខាងលើបាន។ យ៉ាងណាមិញ គួរសាកសួរ និងស្វែងយល់បន្ថែមឱ្យបានច្រើនពីអ្នកមានបទពិសោធន៍ផ្ទាល់ ចៀសវាងនូវហានិភ័យណាមួយដែលអាចកើតឡើងបាន៕