ការដែលមានធានារ៉ាប់រងអនុញ្ញាតឱ្យអ្នកទទួលបានសំណងលើការខូចខាត ឬខាតបង់ណាមួយនូវទ្រព្យសម្បត្តិដែលអ្នកបានទិញធានារ៉ាប់រង។ ប៉ុន្តែដូចដែលមានមតិផ្សេងៗទៀតបានលើកឡើងថា ការទិញធានារ៉ាប់រងនេះមិនជាបានប្រយោជន៍ដល់ពួកគេប៉ុន្មានទេ ព្រោះគេជឿថាកន្លងមកមិនដែលមានបញ្ហាផង ឬភាគរយតិចណាស់ដែលគេអាចនឹងជួបបញ្ហាធំដំ។ តើវាពិតជាគ្មានប្រយោជន៍មែនឬយ៉ាងណា?
អ្នកដឹងទេថា ការទិញធានារ៉ាប់រងហាក់បីដូចជាការបណ្ដាក់លុយវិនិយោគទៅលើកញ្ចប់គម្រោងមួយដែលអាចនឹងជួយស្រោចស្រង់អ្នកបាន (លើកលែងធានារ៉ាប់រងជីវិត) ប្រសិនបើអ្នកជួបប្រទះនឹងគ្រោះអាសន្នណាមួយដែលបង្កឱ្យមានការខាតបង់លុយកាក់ធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយ មុននឹងសម្រេចចិត្តទិញធានារ៉ាប់រង អ្នកអាចពិចារណាលើកត្តាពីរធំៗនេះសិន៖
• ហានិភ័យនៃការខាតបង់
តើទ្រព្យសម្បត្តិរបស់អ្នករងហានិភ័យនៃការខូចខាតឬបាត់បង់ដែរឬទេ? បើមាន តើហានិភ័យដែលមាននោះ ស្ថិតក្នុងកម្រិតណា? ជាធម្មតានោះទេដែលទ្រព្យសម្បត្តិមួយណាក៏តែងរមែងមានហានិភ័យខូតខាត ឬខាតបង់ដែលយើងមិនអាចមើលឃើញ។
ឧទាហរណ៍ថា អ្នកចង់ទិញធានារ៉ាប់រងរថយន្ត អ្នកអាចពិចារណាសិនថា រថយន្តអ្នកងាយរងនឹងហាភ័យនៃការខូចខាតកម្រិតណា? អ្នកប្រើវាជាញឹកញាប់ដែរឬទេ? អ្នកឧស្សាហ៍ជិះទៅផ្លូវឆ្ងាយៗ ឬតែក្នុងក្រុង? តើរថយន្តរបស់អ្នកចតទុកនៅទីតាំងដែលមានសុវត្ថិភាពឬអត់? តើរថយន្តរបស់អ្នកមានស្ថានភាពចាស់ឬថ្មី? នៅពេលដែលមានបញ្ហាណាមួយកើតឡើង តើធានារ៉ាប់រងអាចជួយសម្រួលបន្ទុកខាតបង់អ្នកបានឬទេ?
អញ្ចឹង! ប្រសិនបើអ្នកចង់ការពារហិរញ្ញវត្ថុផ្ទាល់ខ្លួនអ្នកពីការខាតបង់លើសលស់ទាំងនោះ អ្នកអាចពិចារណាលើការទិញធានារ៉ាប់រងបាន។
• ធានារ៉ាប់រងគឺជាគម្រោងកញ្ចប់ថវិការក្នុងគ្រាមានអាសន្ន
បើទោះបីជាអ្នកកំពុងមានប្រភពប្រាក់ចំណូលទាំងសកម្ម និងអកម្មច្រើនក្ដី តែការមានធានារ៉ាប់រងគឺជាផែនការរៀបចំហិរញ្ញវត្ថុមួយការពារខ្លួនអ្នកពីខាតបង់បាន។ សាកស្រមៃមើលថា បើត្រូវការប្រាក់បន្ទាន់ទៅបង់ថ្លៃខូចខាតទ្រព្យសម្បត្តិណាមួយ តែគ្មានលុយសល់នឹងខ្លួន នោះជម្រើសបន្ទាប់ អ្នកអាចនឹងទៅខ្ចីលុយសាច់ញាតិ កម្ចីធនាគារ ឬចងការប្រាក់ជាដើម ដែលអ្នកនឹងធ្លាក់ខ្លួនជាប់បំណុលភ្លាមៗ។
យ៉ាងណាមិញ បើអ្នកសម្រេចចិត្តទិញធានារ៉ាប់រង គួរចាំបាច់ពិនិត្យលើចំណុចគោលៗទាំងនេះ៖
ទី១៖ ពិនិត្យមើលលើគោលការណ៍នៃសេវាធានារ៉ាប់រងដែលជាឯកសារបញ្ជាក់ពីលក្ខខណ្ឌនិងការលើកលែងនៃការរ៉ាប់រង។
ទី២៖ អ្នកគួរសិក្សាពីការបង់បុព្វលាភ ឬ premium (ចំនួនទឹកប្រាក់) ដែលអ្នកត្រូវបង់ជារៀងរាល់ខែ ឬប្រចាំឆ្នាំ (គួរចំណាំផងដែរថាថ្លៃបុព្វលាភគឺអាស្រ័យលើកម្រិតហានិភ័យដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវទទួលខុសត្រូវលើទ្រព្យសម្បត្តិរបស់អ្នកដែលត្រូវបានកំណត់ដោយស្ថានភាពនៃទ្រព្យនោះ) ។
ទី៣៖ អ្នកក៏គួរពិចារណាជាពិសេសទៅលើលក្ខខណ្ឌនៃការទាមទារសំណង ឬការរ៉ាប់រងមកវិញនោះ តើមានប្រសិទ្ធិភាព ឬសក្តិសមនឹងបុព្វលាភដែលបានបង់ដែរឬទេ?
យើងឃើញថា ការទិញធានារ៉ាប់រងអាចជាជម្រើសល្អមួយដើម្បីផ្ទេរហានិភ័យនៃការខាតបង់ទ្រព្យរបស់ខ្លួនទៅឱ្យអ្នកធានារ៉ាប់រងទទួលខុសត្រូវជំនួស និងដើម្បីការពារចំពោះហេតុការណ៍ដែលយើងមិនបានរំពឹងទុក។ ប៉ុន្តែបើអ្នកសម្រេចចិត្តពុំទិញទេ ក៏គួរប្រាកដថាអ្នកបានត្រៀមខ្លួនផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនជាមុនផងចៀសវាងពេលត្រូវការបន្ទាន់មិនមានអ្វីយកទៅដោះស្រាយ៕