រឿងលុយកាក់ វាអាចនឹងភាពងាយស្រួលគ្រប់គ្រង ប្រសិនបើយើងមានវិន័យ និងទម្លាប់នៃការចាយវាយលុយកាក់។ ប៉ុន្តែក្នុងចន្លោះអាយុ ២០ឆ្នាំឡើងទៅ កំហុសដែលយើងម្នាក់ៗបានបង្កើតឡើង រឿងលុយកាក់ហ្នឹង វាមានច្រើន ដែលវាជាហានិភ័យដល់អនាគតរបស់យើង។ អញ្ចឹង! យើងគួរតែចៀសវាងឱ្យបាននូវកំហុសទាំងនេះ៖
១. មិនទាន់ចេះសន្សំ
តាមពិតទៅ រឿងសន្សំលុយកាក់នេះ មិនមែនទើបតែសំខាន់ពេលដែលចូលវ័យ ២០ឆ្នាំនេះទេ តែវាសំខាន់តាំងពីយើងម្នាក់ៗនៅតូចមកម្ល៉េះ។ ការសន្សំ មិនមែនជាការរិះថាំនោះទេ ព្រោះយើងចង់សន្សំដើម្បីសម្រេចបានគោលដៅអ្វីមួយ។ ឧទាហរណ៍ថា កាលពីតូចយើងសន្សំដើម្បីទិញរបស់ដែលយើងចង់បាន រីឯនៅពេលធំឡើងយើងសន្សំសម្រាប់ប្រាក់គ្រាមានអាសន្ន សម្រាប់គោលដៅហិរញ្ញវត្ថុណាមួយជាដើម។
២. ចំណាយច្រើនជាងចំណូល
ចូលដល់វ័យនេះ អ្នកអាចកំពុងនៅពឹងអាស្រ័យប្រាក់កាសអ្នកផ្ទះនៅឡើយ រីឯអ្នកខ្លះអាចនឹងកំពុងមានប្រាក់ចំណូលខ្លួនឯងបណ្ដើរៗហើយ ប៉ុន្តែកំហុសភាគច្រើនក្នុងអំឡុងវ័យនេះ គឺប្រើប្រាស់លុយលើសពីចំណូលដែលខ្លួនមាន រហូតដល់អាចធ្លាក់ខ្លួនជាប់បំណុលជាដើម។ សម្រាប់អ្នកពឹងអាស្រ័យលើប្រាក់កាសអ្នកផ្ទះ គាត់អាចនឹងអាងថា “បើអស់លុយ ក៏នឹងមានគ្រួសារជួយទំនុកបម្រុងបន្ថែម រីឯអ្នកដែលមានប្រភពចំណូលខ្លួនគិតថា “ជាវ័យនៅក្មេង រកបានប៉ុនណា ចាយប៉ុណ្ណឹងសិនចុះ” ដែលជាហេតុធ្វើឱ្យពួកគេមិនសល់លុយកាក់ ឬពេលខ្លះដាច់លុយតាំងពីពាក់កណ្ដាលខែក៏មាន។
៣. មិនហ៊ានវិនិយោគ
មកដល់វ័យនេះ អ្នកអាចគួរតែរៀនពីការវិនិយោគ ដ្បិតថាអ្នកនៅមានឱកាសច្រើនក្នុងការរៀនសូត្រ ចំណេះជំនាញនៃការវិនិយោគ។ អ្នកអាចចាប់ផ្ដើមចាប់ផ្ដើមសន្សំលុយកាក់ បន្ទាប់មកយកលុយសន្សំនោះមកវិនិយោគបណ្ដើរៗក៏បាន។ ដូចដែលយើងឧស្សាហ៍និយាយពីការវិនិយោគលើវិស័យមូលបត្រ ភាគហ៊ុនជាដើម។ ប៉ុន្តែសូមដាច់ខាត ក៏កុំភ្លេចការសិក្សា ប្រសិនបើអ្នកកំពុងសិក្សាថ្នាក់ឧត្ដមសិក្សានោះ។
៤. មិនរៀនបន្ថែមពីចំណេះដឹងហិរញ្ញវត្ថុ
ចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះពិតជាសំខាន់សម្រាប់មនុស្សម្នាក់ៗ មិនថាតែតិចជាង ឬច្រើនជាង ២០ឆ្នាំនោះឡើយ។ យើងគួរតែរៀនយល់ដឹងពីការរៀបចំទុកដាក់លុយកាក់ទាំងការសន្សំ វិនិយោគ ក៏ដូចជារៀបចំផែនការកញ្ចប់ប្រាក់ក្នុងរយៈពេលមួយ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានគ្រប់ទីកន្លែងអាចជាអត្ថបទ វីដេអូ ឬប្រសិនបើមានគេបើកថ្នាក់បង្រៀនពីចំណេះដឹងហិរញ្ញវត្ថុនេះ អ្នកពុំគួររំលងនោះឡើយ។
៥. មិនទាន់ចេះបែងចែកដាច់រវាងតម្រូវការ និងចំណង់
សម្រាប់ចំណុចនេះ កន្លងមកយើងក៏ធ្លាប់បានលើកឡើងដូចគ្នាដែរ ដ្បិតថាក្នុងកំឡុងវ័យ២០ឆ្នាំជាង គឺជាវ័យដែលចូលចិត្តសប្បាយច្រើន ឬអាចមិនទាន់បែងចែកឱ្យដាច់រវាងចំណុចទាំងពីរ។ នៅពេលអ្នកមិនអាចបែងដាច់ អ្នកនឹងមិនអាចសម្រេចបាននូវសេរីភាពហិរញ្ញបាននោះឡើយ ព្រោះលុយដែលរកបានអាចនឹងចំណាយមិនចំគោលដៅ ដែលជាផលប៉ះពាល់ដែលហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ប្រភពចំណូលដែលគួរបង្កើតពេលអាយុ២០ ៣០ ៤០