អង្គុយធ្វើការសុខៗ ក៏ស្រាប់តែនឹកឆ្ងល់ថា “អេ៎! រាល់ថ្ងៃប្រឹងធ្វើការ រកលុយម្លឹងៗ រកដើម្បីអី ហើយពេញចិត្តនឹងជីវិតបែបនេះឬអត់? សប្បាយចិត្តនឹងអ្វីដែលកំពុងមានជុំវិញខ្លួនអត់?” គុណភាពជីវិតសំដៅទៅលើការដែលមានប្រាក់ចំណូលច្រើនហ៎? មិនមែនទេ!
គុណភាពជីវិតត្រូវបានគេឱ្យនិយមន័យផ្សេងៗគ្នាអាស្រ័យលើបុគ្គលម្នាក់ៗ ដោយអ្នកខ្លះគិតថា វាជាការមានទ្រព្យសម្បត្តិហូរហៀរ និងការពេញចិត្តជាមួយទ្រព្យទាំងនោះ រីឯអ្នកខ្លះទៀត ក៏ឱ្យអត្ថន័យគុណភាពនៃជីវិត ថាជាការណ៍ដែលមានជីវភាពសមរម្យមួយ មានសមត្ថភាពអាចរកប្រាក់ចំណូលសមរម្យ និងអាចធ្វើឱ្យខ្លួនឯងសប្បាយចិត្តបាន ទាំងផ្លូវកាយ និងផ្លូវចិត្ត។
មិនខុសអីទេ! តាមពិតទៅ គុណភាពនៃជីវិតសំដៅទៅលើភាពនិងកម្រិតនៃសុភមង្គលដែលអ្នកអាចផ្ដល់ឱ្យខ្លួនឯងបាន ហើយវាអាចកំណត់បានតាមរយៈកត្តាជាច្រើនចំពោះបុគ្គលម្នាក់ៗ ដោយអាចជាការសម្រេចបានសេរីភាពហិរញ្ញវត្ថុ ការប្រកបការងារដែលខ្លួនស្រឡាញ់ សេចក្ដីសុខក្នុងគ្រួសារ សុខភាពល្អ ក៏ដូចជាជីវិតមួយប្រកបដោយសុវត្ថិភាពនិងសុភមង្គល។
កត្តាទាំងនេះ គឺជាផ្នែកដែលជះឥទ្ធិពលដល់គុណភាពជីវិតយើងម្នាក់ៗ៖
• ចំណេះដឹង៖
ចំណេះដឹងដើរតួយ៉ាងសំខាន់នៅក្នុងជីវិតយើងម្នាក់ៗ។ វាជាទ្រព្យអរូបីដែលជម្រុញដល់ការលូតលាស់និងរីកចម្រើនផ្នែកប្រាជ្ញាស្មារតី ភាពច្នៃប្រឌិត ដែលចំណុចទាំងនេះហើយនឹងផ្ដល់ឱ្យការរស់នៅប្រកបដោយភាពរីករាយ។
ការណ៍មានចំណេះក្នុងខ្លួននឹងជួយតម្រង់ផ្លូវនៃអាជីពការងារនិងមុខរបររបស់យើងរាល់គ្នា និងជាកត្តាចំបងដែលជះឥទ្ធិពលដល់គុណភាពនៃការរស់នៅក្នុងជីវិត។
• អាជីពឬមុខរបរ៖
យើងម្នាក់ៗចំណាយពេលវេលាចន្លោះពី ៨ ទៅ ៩ម៉ោងក្នុងមួយថ្ងៃ ឬច្រើនជាងនេះដើម្បីបំពេញកិច្ចការងារ។ ប៉ុន្តែតើការចំណាយពេលវេលារាល់ថ្ងៃនេះបានផ្ដល់នូវសុភមង្គលដល់ខ្លួនឬទេ? តើអ្នកស្រលាញ់អាជីពឬមុខរបររបស់អ្នករាល់ថ្ងៃដែរឬទេ? ឬគ្រាន់តែបំពេញវាដើម្បីផ្គត់ផ្គង់ដល់ជីវភាពរស់នៅប៉ុណ្ណោះ? ពេលវេលាចេះដើរទៅមុខ យូរៗទៅ ក៏ឃើញថាខ្លួនខ្វះនូវគុណភាពជីវិតទៅវិញ។ ទោះយ៉ាងណា មិនថាហេតុផលដែលអ្នកប្រកបការងារសព្វថ្ងៃគឺដោយសារកត្តាប្រាក់ចំណូលឬដោយសារចំណង់ចំណូលចិត្ត យើងសង្ឃឹមថាអ្នកនឹងរៀនស្រលាញ់នូវការងារដែលអ្នកមាន។
• គ្រួសារ៖
ចំណេះក៏មាន ការងារក៏មាន ប៉ុន្តែបែរជាមិនអាចបែងចែកពេលវេលាដាច់រវាងគ្រួសារ និងខ្លួនឯងផ្ទាល់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ការងារនិងប្រាក់ចំណូល ដ្បិតថាសំខាន់ ប៉ុន្តែគ្រួសារ ឪពុកម្ដាយកាន់តែសំខាន់ ព្រោះពួកគាត់ជាមនុស្សទីមួយដែលចាំលើកទឹកចិត្ត ផ្ដល់មតិយោបល់ និងតែងតែគាំទ្រនូវការសម្រេចចិត្តយើងជានិច្ច។ តើជីវិតនឹងមានន័យបានទៅយ៉ាងណា បើអ្នកទទួលបានប្រាក់ចំណូលច្រើននិងប្រកបការងារដែលខ្លួនស្រឡាញ់ ប៉ុន្តែបែរជាមិនមានសុភមង្គលនិងគ្មានពេលគ្រប់គ្រាន់សម្រាប់គ្រួសារនោះ?
• ទំនាក់ទំនងសង្គមនិងមិត្តភក្តិ ៖
ក្រៅពីគ្រួសារ យើងម្នាក់ៗរមែងមានទំនាក់ទំនងល្អជាមួយមិត្តភក្តិជិតស្និទ្ធ សាច់ញាតិ ព្រោះពួកគាត់ម្នាក់ៗគឺជាចំណែកមួយផ្នែកធំទៀតនៃជីវិតរបស់យើង។ នៅពេលយើងមានមិត្តភក្តិល្អៗ ហ៊ានចែករំលែករឿងក្នុងចិត្តដោយមិនទើសទាស់ នោះហើយជីវិតដែលប្រកបដោយគុណភាព។
• សុខភាពផ្លូវកាយ និងផ្លូវចិត្ត៖
អ្នកណាៗក៏ចង់បាននូវសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តដូចគ្នា។ អ្នកខិតខំប្រឹងប្រែងធ្វើការងារហើយរំពឹងថានឹងទទួលបានកម្រិតហិរញ្ញវត្ថុក្នុងគ្រួសារមួយដែលល្អសមរម្យ។ បន្ទាប់មកចំណាយលុយកាក់ទាំងនោះដើម្បីទិញអ្វីដែលខ្លួនចង់បាន ធ្វើដំណើរកម្សាន្តទៅកន្លែងដែលចង់ទៅ ឬដើម្បីទទួលបានសេរីភាពហិរញ្ញវត្ថុជាដើម។ តែគួរក្រើនរំលឹកថា អ្នកចំណាយពេលស្ទើរតែពេញមួយជីវិតលើការងារ ប៉ុន្តែស្របពេលជាមួយគ្នានេះ អ្នកមិនត្រូវភ្លេចថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តទេ។ ចៀសវាងទម្រាំតែដឹងខ្លួនក៏យឺតពេលបាត់ទៅហើយ ឯចុងក្រោយត្រូវចំណាយលុយកាក់ដែលខំរកបានទៅលើការព្យាបាលជំងឺសុខភាពខ្លួនឯងទៅវិញ។
យ៉ាងណាមិញ គុណភាពនៃជីវិតក៏អាចអាស្រ័យលើឥរិយាបថនៃការចាយវាយផងដែរ ព្រោះថាជីវិតរស់នៅដែលប្រកបដោយគុណភាពឬមានសេចក្ដីសុខ មិនមែនប្រាកដថា អ្នកចាំបាច់ត្រូវតែមានលុយច្រើនចាយមិនអស់នោះទេ។ ប៉ុន្តែអ្វីដែលសំខាន់គឺយើងចេះរស់នៅដោយសេចក្តីរីករាយជាមួយនឹងអ្វីយើងមាន និងចេះបង្កើតសុភមង្គលជាមួយមនុស្សដែលយើងបានជួប៕