មនុស្សម្នាក់ៗតែងតែមានតម្រូវការ និងចំណង់ខុសៗគ្នា ទៅតាមស្ថានភាពជីវភាពរស់នៅជាក់ស្ដែង។ តែមិនប្រាកដថា ពួកគេអាចធ្វើឲ្យតម្រូវការ និងចំណង់ទាំងអស់នោះ អាចសម្រេចបានដូចបំណងភ្លាមៗទេ ដោយសារកត្តារាំងស្ទះផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលជំរុញឲ្យពួកគេសម្រេចថាគួរតែបង់រម្លស់ ឬប្រើលុយសន្សំទាំងអស់ដែលមាន។ តាមពិតទៅ វិធីទាំង២យ៉ាងនេះមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន ហើយមានតែយើងខ្លួនឯងទេដែលអាចសម្រេចថាមួយណាល្អជាងមួយណា៖
១. ចំណង់ ឬតម្រូវការ
ចំណុចដំបូងបង្អស់ដែលគួរពិចារណានោះគឺ តើលោកអ្នកត្រូវការរបស់នោះជាបន្ទាន់ដែរឬទេ? ឬមួយគ្រាន់តែជាចំណង់មួយឆាវទេ? បើសិនជាអ្នកពិតជាត្រូវការវាមែន ដើម្បីបម្រើប្រយោជន៍ក្នុងជីវភាព រស់នៅ ហើយប្រាក់សន្សំមិនទាន់គ្រប់គ្រាន់នៅឡើយ អ្នកអាចជ្រើសរើសការបង់រម្លស់បាន តែបើអ្នកគិតថា អ្នកមិនទាន់ត្រូវការវាភ្លាមៗទេ ហើយមិនចង់ខាតបង់លើការប្រាក់ច្រើន ការសន្សំឲ្យគ្រប់ចំនួន ជាជម្រើសប្រសើរបំផុត។
២. ផែនការចំណូលចំណាយ
អត្ថប្រយោជន៍ធំបំផុតរបស់សេវាកម្មបង់រម្លស់គឺអ្នកពុំចាំបាច់ចំណាយលុយទាំងដុលទៅទិញរបស់ដែលអ្នកស្រឡាញ់ ដោយចំណាយបន្តិចៗម្ដងជារៀងរាល់ខែ ជាជាងបង់ទាំងដុលដែលអាចប៉ះពាល់ដល់ផែនការហិរញ្ញវត្ថុផ្សេងៗទៀត។ ប៉ុន្តែបើអ្នកមានលុយសន្សំគ្រប់ហើយ ស្រាប់តែអ្នកបែរជាគ្មានប្រាក់សម្រាប់គ្រាមានអាសន្ន ប្រាក់សម្រាប់ចំណាយលើការចាយវាយហានិភ័យណាមួយនោះ ច្បាស់ណាស់អ្នកគួររៀបចំរៀបផែនការចំណូលចំណាយសាឡើងវិញ។
៣. អត្រាការប្រាក់ និងតម្រូវការឯកសារ
ជាធម្មតាទៅហើយដែលសេវាកម្មបង់រម្លស់តម្រូវឱ្យអ្នកបង់អត្រាការប្រាក់ប្រចាំខែដែល អត្រាការការប្រាក់នៃសេវាកម្មបង់រម្លស់វាអាស្រ័យលើរបស់អ្នកចង់បានដូចជា ផ្ទះ ឡាន ម៉ូតូឬ ឬទូរសព្ទ។ សេវាកម្មបង់រម្លស់ទាមទារឯកសារច្រើនដើម្បីបញ្ជាក់ថា អ្នកពិតជាមានចំណូលចំណាយប្រចាំខែ និងមានលទ្ធភាពអាចបង់រម្លស់បានកម្រិតណា ខណៈពេលដែលការប្រើប្រាស់លុយសន្សំទៅទិញ មិនសូវឈឺក្បាលនឹងអត្រាការប្រាក់ ក៏ដូចជាឯកសារសាំញ៉ាំទម្រាំមានរបស់មកប្រើ។ ជួនកាលទៀត បូកដកថ្លៃការប្រាក់ចុះឡើងៗ ចង់ប្រហាក់ប្រហែលលុយដែលសន្សំក៏ថាបាន! បើអ៊ីចឹងមែននោះ ម្ដេចមិនទិញផ្ដាច់ដោយប្រើលុយសន្សំទាំងអស់ដែលមានតែម្ដងទៅ ហើយអ្នកក៏មិនខាតការប្រាក់ផង។
ឧទាហរណ៍ថា ទូរសព្ទដែលអ្នកចង់ទិញតម្លៃ $1,000 ដោយគេបញ្ជាក់ប្រាប់អ្នកថា បង់រម្លស់ត្រឹមតែ $105 ប៉ុណ្ណោះក្នុងមួយខែ ជាមួយរយៈពេល ១ឆ្នាំ។ អញ្ចឹងយើងអាចឃើញថា ដើម្បីបានទូរសព្ទមួយគ្រឿងតម្លៃ $1000 អ្នកត្រូវខាតការប្រាក់ $260 បន្ថែមទៀត។ ចឹងបើសិនលោកអ្នកគិតថា អាចនៅប្រើទូរសព្ទចាស់ជាបណ្ដោះអាសន្នសិនបាន ក៏គួរប្រើសិនទៅ ហើយតម្លៃ iPHONE 12 ក៏អាចធ្លាក់ថ្លៃខ្លះៗដែរ ទម្រាំអ្នកអាចសន្សំលុយគ្រប់ចំនួន ប្រសិនបើអ្នកមិនចង់ខាតថ្លៃការប្រាក់។
យើងឃើញថា មធ្យោបាយទាំងទ្វេនេះ យើងពុំអាចសន្និដ្ឋានមួយណាល្អជាងមួយណាឡើយ ដ្បិតថាវាអាស្រ័យលើស្ថានភាពហិរញ្ញវត្ថុ និងរូបភាពផ្សេងៗគ្នានៃតម្រូវការរបស់មនុស្សម្នាក់ៗ។ បើសិនជាត្រូវការវាបន្ទាន់ ហើយលោកអ្នកមិនចង់ដកលុយសន្សំមកចាយឲ្យអស់ពីខ្លួន ដើម្បីសល់ប្រាក់ខ្លះទប់ទល់នឹងចំណាយផ្សេងៗ អ្នកអាចជ្រើសរើសការបង់រម្លស់បាន តែបើអ្នកមិនចង់ខាតការប្រាក់ច្រើន ហើយមិនទាន់ត្រូវការវាភ្លាមៗនោះ ការសន្សំបែបតក់ៗពេញបំពង់ជាជម្រើសប្រសើរបំផុត៕