កន្លងមក យើងតែងជួបប្រទះជារឿយៗនូវករណីទាក់ទងនឹងការចម្លងស្នាដៃបង្កើតថ្មី និងការងារច្នៃប្រឌិតជាច្រើនទៀត ស្របពេលដែលការងាររបស់ពួកគាត់មានសិទ្ធិទទួលបានការការពារដោយសិទ្ធិកម្មសិទ្ធិបញ្ញា (ឬ Intellectual Property Rights)។
‣ តើកម្មសិទ្ធិបញ្ញាមានន័យដូចម្ដេច? ហើយគ្របដណ្ដប់លើផ្នែកណាខ្លះ?
បើយោងតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញា «កម្មសិទ្ធិបញ្ញា» សំដៅដល់ស្នាដៃឬការបង្កើតដោយគំនិតបញ្ញាហើយត្រូវបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម។
កម្មសិទ្ធិបញ្ញា ត្រូវបានបែងចែកជា២ប្រភេទគឺ
- កម្មសិទ្ធិឧស្សាហកម្ម
- សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
តែអត្ថបទថ្ងៃនេះ យើងនឹងផ្តោតតែលើ «សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល» ដែលរួមមានស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ដូចជារឿងប្រលោមលោក កំណាព្យ អត្ថបទកាសែត ការងារយោង ល្ខោន ភាពយន្ត ស្នាដៃតន្រ្តី គំនូរ រូបថត ចម្លាក់ និងស្ថាបត្យកម្មជាដើម។
‣ ហេតុអីចាំបាច់មានច្បាប់ស្ដីពី «សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល»?
ច្បាប់នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងគោរពសិទ្ធិអ្នកនិពន្ធដែលជាម្ចាស់ដើមនៃស្នាដៃបង្កើតថ្មីរបស់ពួកគាត់ និងការពារស្នាដៃដើមទាំងនោះពីការលួចចម្លងដោយគ្មានសុំការអនុញ្ញាតហើយយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ជាទូទៅ អ្នកនិពន្ធមានសិទ្ធិផ្ដាច់មុខលើការងារមួយរបស់គាត់ក្នុងការបង្កើត ផ្សាយ អនុវត្ត ទំនាក់ទំនង និងសម្រួលការងារនោះ ដែលគេហៅថា ការរក្សាសិទ្ធិ (Copyright ឬ Author’s right) ហើយការរក្សាសិទ្ធិនេះអនុញ្ញាតឱ្យម្ចាស់នៃការងារដើមត្រួតពិនិត្យ ប្រសិនមានការកេងប្រវ័ញ្ចបែបពាណិជ្ជកម្មលើការងាររបស់គាត់។
បើយោងទៅតាម មាត្រា ៦៤ និង មាត្រា ៦៥ នៃច្បាប់ស្ដីពី «សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល» អ្នកលួចចម្លងស្នាដៃអ្នកដទៃ នឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ និងជាប់ពន្ធគារចាប់ពី ១ខែឡើងទៅថែមទៀត។
‣ ហេតុអ្វីយើងមិនគួរគាំទ្រការលួចចម្លងស្នាដៃអ្នកដទៃ?
មែនទែនទៅ វាមិនមែនជារឿងថ្មីនោះទេ។ យើងធ្លាប់ប្រទះឃើញកន្លងមកមាន ករណីលួចចម្លងស្នាដៃអ្នកដទៃយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម ក្រោមរូបភាពដូចជាការលួចចម្លងការងាររចនាក្រាហ្វិក បទចម្រៀង ចម្លងសៀវភៅ និងអត្ថបទដើម ដើម្បីទទួលបានប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីប្រយោជន៍អាជីវកម្មទៀត។ ទង្វើទាំងនេះជាអំពើខុសច្បាប់ដែលពុំគួរលើកលែងឱ្យ បំភ្លេចចោល ឬមើលរំលងដាច់ខាត ដោយហេតុផលថា៖
- វាជាទង្វើប្រាសចាកទៅនឹងក្រមសីលធម៌អាជីវកម្ម
- វាជាទង្វើប្រឆាំងនឹងសិទ្ធិអ្នកនិពន្ធ ឬម្ចាស់ដើមនៃស្នាដៃបង្កើតថ្មី
- វាបំបាក់ដល់ទឹកចិត្តបុគ្គលដែលបានខិតខំបង្កើតនូវស្នាដៃថ្មីៗ
- វាប៉ះពាល់ដល់គុណតម្លៃការងារ និងទីផ្សារនៃវិស័យការងារឬស្នាដៃនោះ
កាក់សេន លើកយកប្រធានបទនេះមកនិយាយថ្ងៃនេះ ក្នុងគោលបំណងចង់លើកកម្ពស់ និងជម្រុញលើកទឹកចិត្តដល់អ្នករាល់គ្នាឱ្យគោរពនិងឱ្យតម្លៃស្នាដៃបង្កើតថ្មីរបស់អ្នកដទៃ។ ទន្ទឹមនឹងនេះ ក៏សូមសំណូមពរដល់បុគ្គលដែលចង់យកស្នាដៃបង្កើតថ្មីរបស់នរណាម្នាក់ឬស្ថាប័នណាមួយទៅប្រើប្រាស់បន្ត សូមស្នើសុំការអនុញ្ញាតពីម្ចាស់ដើមឱ្យបានត្រឹមត្រូវជាមុនសិន។
ប្រភពឯកសារស្រាវជ្រាវ
១. នាយកដ្ឋានកម្មសិទ្ធិបញ្ញា | សិទ្ធិអ្នកនិពន្ធ «ស្នាដៃដែលការពារដោយច្បាប់»
២. ជំនួយផ្នែកច្បាប់នៃកម្ពុជា | ច្បាប់ស្ដីពី «សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល»
៣. World Intellectual Property Organization (WIPO). Copyright. www.wipo.int/copyright/en