«ទម្លាប់» គឺជាសកម្មភាពដែលមនុស្សតែងធ្វើ ហើយវាជារឿងមួយដែលពិបាកនឹងផ្លាស់ប្តូរណាស់ ប៉ុន្តែមិនមែនបានន័យថា យើងមិនអាចផ្លាស់ប្ដូរបាននោះឡើយ។ ប្រៀបបានដូចជាការចាយវាយលុយកាក់ជាដើម បើអ្នកមានទម្លាប់មិនល្អក្នុងការចាយវាយលុយ ឬមិនមានគោលបំណងច្បាស់លាស់ ពិតណាស់អ្នកនឹងជួបបញ្ហាហិរញ្ញវត្ថុនាពេលអនាគតជាមិនខាន។ ដល់ពេលដែលយើងផ្លាស់ប្ដូរទម្លាប់ចាយវាយលុយកាក់ហើយ ហើយទម្លាប់ចាយវាយលុយកាក់អ្វីខ្លះ ជាទម្លាប់មិនល្អ៖
១. ទម្លាប់មិនខ្វាយខ្វល់រឿងការរៀបចំបញ្ជីចំណាយ (budgeting)
ការរៀបចំបញ្ជីចំណាយ (budgeting) ជារឿងសំខាន់ដែលអ្នកគួរធ្វើ ប្រសិនបើ មិនចង់ទទួលរងនូវវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួននាពេលបច្ចុប្បន្ន ឬអនាគត ព្រោះ budgeting ជួយអ្នកពីការចាយវាយហួសប្រមាណលើរបស់ដែលមិនចាំបាច់។ ជាពិសេស ក្នុងរយៈពេលការ រីករាលដាលនៃជំងឺកូវីដនេះ អ្នកត្រូវកម្រិតការចាយវាយផ្ទាល់ខ្លួនទៅលើអ្វីដែលគិត ថាចាំបាច់ទៅបានហើយ ដោយហេតុថា ក្នុងករណីដែលអ្នកអាចឈឺ ឬឡានខូចដែលតម្រូវឲ្យអ្នកចំណាយច្រើនលើវា នោះ budgeting របស់អ្នកនឹងមានប្រសិទ្ធភាពដោះស្រាយបាន។
២. ទម្លាប់នៃការទិញរបស់របរតាមអារម្មណ៍
ជាក់ស្តែង ប្រសិនបើអ្នកធ្វើអ្វីមួយដោយយកអារម្មណ៍ដាក់មុខក្នុងកាលៈទេសៈណាក៏ដោយ វាមិនមែនជារឿងល្អនោះទេ ប្រៀបដូចជាការទិញរបស់របរអ៊ីចឹងដែរ។ ជាឧទាហរណ៍ យើងតែងឮគេថា បើចង់ឈប់ Sad ទៅដើរ Shopping ទិញសម្ភារៈប្រើប្រាស់ ផលិតផល ឬសម្លៀកបំពាក់ទៅ អារម្មណ៍នឺងស្រស់ស្រាយហើយ ហើយបើមិនចង់ទិញនៅផ្សារទេ អាចកម្ម៉ង់តាមអនឡាញទៅ នឹងបានរបស់របរតាមដែលចង់បានហើយ។ ប៉ុន្តែ អ្នកត្រូវគិតថា ការទិញរបស់របរតាមអារម្មណ៍ដោយមិនបានគិតច្បាស់លាស់បែបនេះ ធ្វើឲ្យអ្នកអស់ប្រាក់ច្រើន ដោយមិនដឹងខ្លួន ព្រោះថារបស់ដែលបានទិញ ដូចជាសម្លៀកបំពាក់ជាដើម ថាតើអ្នកនឹងប្រាកដជាពាក់មែន ឬក៏ទុកចោល? តើសម្ភារៈដែលអ្នកបានទិញ ផ្តល់នូវប្រយោជន៍អ្វីខ្លះដល់អ្នក?
៣. ទម្លាប់ចាយវាយលុយនៅខាងក្រៅ
តាមពិតទៅ ការដែលចំណាយលុយទៅផឹកកាហ្វេ ឬញ៉ាំអីជុំគ្នាជាមួយមិត្តភក្តិ ឬមិត្តរួមការងារយូរៗម្តងជារឿងធម្មតា។ ប៉ុន្តែប្រសិនបើអ្នកទិញកាហ្វេប្រែន ឬកម្ម៉ង់អាហារពីខាងក្រៅជារៀងរាល់ថ្ងៃ នោះអ្នកចាប់ផ្តើមមានទម្លាប់ ខ្ជះខ្ជាយលុយដែលអ្នកអាចប្រើវាសម្រាប់គោលបំណងនៅពេលក្រោយ។ ដូច្នេះ ជំនួសដោយការទិញកាហ្វេពីក្រៅ អ្នកអាចរៀនឆុងកាហ្វេកញ្ចប់ដោយខ្លួនឯង ក្នុងគោលបំណងជួយសន្សំទាំងការចាយវាយ និងពេលវេលារបស់អ្នក។ ដូចគ្នានឹងការចៀសវាងទទួលទានអាហារក្រៅផ្ទះជាញឹកញាប់ អ្នកអាចសរសេរបញ្ជីមុខម្ហូបអាហារដែលអ្នកត្រូវធ្វើមុនមួយសប្តាហ៍ ដូចនេះ អ្នកអាចយកម្ហូបដែលអ្នកបានធ្វើនោះយកមកបរិភោគដោយមិនចាំបាច់ទិញរបស់គេ។
៤. ទម្លាប់នៃការទិញហួសសមត្ថភាព
ការទិញហួសពីលទ្ធភាព ជាការធ្វេសប្រហែសរបស់អ្នកទិញដែលចូលចិត្តទិញរបស់របរថ្លៃៗ ដូចជា ឡានទំនើប ឬសម្លៀកបំពាក់ឆើតឆាយ ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន ឬដើម្បីយកចំណាប់អារម្មណ៍ពីអ្នកដទែក៏ថាបាន។ ប៉ុន្តែ អ្នកត្រូវដឹងថាចំណាយលុយ ទៅលើការទិញរបស់របរតាមទំនើងចិត្ត (ផ្តល់ការសប្បាយក្នុងរយៈពេលខ្លី) ជាបញ្ហាដែលអ្នកទិញតែងមើលរំលង ព្រោះថាការធ្វើដូច្នេះធ្វើឲ្យអ្នកទិញប្រឈមនឹងបញ្ហា ក្នុងនោះអាចឈានដល់ការជំពាក់បំណុលគេវ័ណ្ឌកថែមទៀត។
យើងម្នាក់ៗសុទ្ធតែដឹងហើយថា ទម្លាប់មិនល្អៗជាច្រើន អាចធ្វើឲ្យអ្នកអស់លុយដោយមិនដឹងខ្លួន ប៉ុន្តែ ទម្លាប់ទាំង៤ដែលបានលើកឡើងខាងលើនេះ សុទ្ធសឹងតែជាទម្លាប់ជាក់ស្តែងដែលមនុស្សមួយចំនួនធំកំពុងតែមាន។ ដើម្បីចៀសវាងការជួបប្រទះនឹងបញ្ហាប្រឈមនានា យល់ល្អ អ្នកគួរចាប់ផ្តើម គ្រប់គ្រងបញ្ជីចំណាយរបស់អ្នកឲ្យបានត្រឹមត្រូវ ដើម្បីជាសុវត្ថិភាពនៅថ្ងៃមុខ៕
Copyright Notice
© 2021 - 2022 KAKCENT
រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។