នៅប្រទេសកម្ពុជា បំណុលរបស់រដ្ឋ ត្រូវបានគ្រប់គ្រងដោយអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ដែលបំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បំណុលរដ្ឋមានន័យដូចម្ដេច?
បំណុលរបស់រដ្ឋ ឬ Government Debt គឺទំហំទឹកប្រាក់ ដែលរដ្ឋាភិបាលនៃប្រទេសមួយបានជំពាក់ភាគីផ្សេងទៀតដែលជាម្ចាស់បំណុល នៅក្នុងកំឡុងពេលជាក់លាក់មួយ។ បើនិយាយឱ្យងាយយល់ បំណុលរបស់រដ្ឋ គឺជាបំណុលដែលរដ្ឋាភិបាលនៃប្រទេសមួយបានខ្ចីពីភាគីនៅក្នុងស្រុករបស់ខ្លួន ឬពីភាគីនៅក្រៅប្រទេស នៅអំឡុងពេលណាមួយ ដែលអាចជាឆមាស ឬឆ្នាំ។
បំណុលរបស់រដ្ឋ កើតចេញមកពីឱនភាពថវិកា (Budget Deficits) ប្រចាំឆ្នាំរបស់រដ្ឋ ដែលឱនភាពថវិកានេះកើតមាននៅពេលចំណាយរដ្ឋលើសពីចំណូលរបស់រដ្ឋ។ តួយ៉ាង រដ្ឋាភិបាលរបស់ប្រទេសមួយអាចរកប្រាក់ចំណូលតាមរយៈគោលនយោបាយសារពើពន្ធនិងគោលនយោបាយផ្សេងៗទៀតជាដើម។
*បំណុលរដ្ឋក៏អាចហៅបានផ្សេងទៀតដែរថា បំណុលសាធារណៈ (Public Debt) ឬ បំណុលជាតិ (National Debt)
តើបំណុលរដ្ឋជះឥទ្ធិពលអ្វីខ្លះដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ?
ដើម្បីកាត់បន្ថយបំណុលរដ្ឋ ក៏ដូចជាឱនភាពថវិកា រាជរដ្ឋាអាចប្រើប្រាស់មធ្យោបាយមួយចំនួនដូចជា ការបង្កើនពន្ធ ការបោះផ្សាយមូលបត្ររដ្ឋាភិបាល ខ្ចីប្រាក់ពីទីផ្សារមូលធនក្នុងស្រុក ផលិតក្រដាសក្រដាសប្រាក់បន្ថែម(មធ្យោបាយអាចប៉ះពាល់បង្កើតមានអតិផរណា) និងកាត់បន្ថយចំណាយថវិកាជាតិជាដើម។
នោះបានន័យថា ប្រសិនបើរាជរដ្ឋាភិបាលជ្រើសរើសយកវិធីសាស្ត្របង្កើនពន្ធ នោះប្រជាពលរដ្ឋក៏មានកាតព្វកិច្ចបង់ពន្ធច្រើនជាងមុនដែរ។ ក្រៅពីនេះ នៅមានឥទ្ធិពលដទៃទៀត តែដោយវាទាមទារការបកស្រាយស៊ីជម្រៅ អេដមីនសូមបកស្រាយនៅអត្ថបទក្រោយដើម្បីបានលម្អិត។
បើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយលើកទី១១ – ទិន្នន័យត្រឹមដំណាច់ឆ្នាំ២០២០ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសកម្ពុជាមានសន្និធិបំណុលសាធារណៈសរុប (Total Public Debt Outstanding) ចំនួន ៨.៨១ ប៊ីលានដុល្លារអាមេរិក ដោយសុទ្ធសឹងតែជាបំណុលសាធារណៈក្រៅប្រទេស។ ចំណែកឯបំណុលសាធារណៈក្នុងប្រទេស ត្រូវបានទូទាត់បញ្ចប់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រទេសដែលបានផ្ដល់កម្ចីដល់ប្រទេសកម្ពុជារួមមាន ចិន ជប៉ុន កូរ៉េ បារាំង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) ជាដើម ខណៈបំណុលទាំងនេះត្រូវបានយកប្រើប្រាស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យនានាក្នុងប្រទេសកម្ពុជា។
យើងឃើញថា រាជរដ្ឋាភិបាលមានការប្រុងប្រយ័ត្នខ្ពស់ជាមួយបំណុលទាំងនេះ តាមរយៈការចេញនូវយុទ្ធសាស្ត្រសំខាន់ចំនួនពីរ គឺ យុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣ និងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩ - ២០២៥ ផងដែរ៕
ពាក្យគន្លឹះ៖
- សន្និធិបំណុល៖ សំដៅដល់ទំហំបំណុលជាក់ស្ដែងដែលភាគីជំពាក់បំណុលមិនទាន់បានទូទាត់ជូនភាគីម្ចាស់បំណុល។
ឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី៖
- អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល | សេចក្ដីសង្ខេបស្ដីពីស្ថានភាពបំណុលសាធារណៈកម្ពុជា
- សៀវភៅណែនាំអំពីថវិកាជាតិ
- Investopedia | The National Debt Explained
- The Balance | The National Debt and How It Affects You
- សម្រាប់ព័ត៌មានបន្ថែមពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល អ្នកអាចចូលទៅកាន់វេបសាយ៖ https://gdicdm.mef.gov.kh/។