«បំណុលមិនល្អ» សំដៅទៅដល់បំណុល ឬកម្ចីឥណទានទាំងឡាយណាដែលត្រូវបានប្រើប្រាស់ ចំណាយទៅលើសម្ភារៈ ភាពសប្បាយរីករាយ និងមិនអាចបង្កើតផលចំណេញត្រឡប់មកវិញបាន។ បំណុលមិនល្អអាចមានដូចជា យកលុយទៅលេងល្បែងស៊ីសង បង់រំលស់សម្ភារៈដែលមិនមែនជាតម្រូវការជាក់ស្ដែង (ឧទាហរណ៍ ទិញទូរសព្ទ ម៉ូតូឡានទំនើបៗជាដើម) ខណៈដែលទំនិញទាំងនេះទៀតសោត អាចនឹងធ្លាក់តម្លៃក្នុងពេលអនាគតថែមទៀត។
អ្នកទាំងអស់គ្នាមានដឹងឬទេថា ប្រសិនបើបំណុលដែលអ្នកកំពុងមានជាបំណុលមិនល្អ ហើយវាលើសពីសមត្ថភាពអ្នកអាចដោះស្រាយបាន វាអាចនឹងប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុរបស់អ្នកជាច្រើនយ៉ាង ហើយថែមទាំងប៉ះពាល់ដល់សុខភាពផ្លូវចិត្តទៀតផង។
តើបំណុលមិនល្អ ប៉ះពាល់ដល់សុខភាពផ្លូវចិត្តដូចម្ដេចខ្លះ? ហើយគួរដោះស្រាយបញ្ហាទាំងនោះដោយរបៀបណា?
ធុញថប់ និងបាក់ទឹកចិត្ត៖
បញ្ហាដែលកើតឡើងពីបំណុលអាក្រក់អាចបង្កឲ្យយើងអស់កម្លាំងកាយ កម្លាំងចិត្តតស៊ូដោះស្រាយបញ្ហា មានអារម្មណ៍ធុញថប់ មិនចង់ជួបជាមួយអ្នកណា មិនចង់និយាយជាមួយអ្នកដទៃសូម្បីតែគ្រួសារខ្លួន ហើយចង់នៅតែក្នុងបន្ទប់ ឬកន្លែងស្ងាត់ម្នាក់ឯង។ បន្ថែមពីនេះ បញ្ហាទាំងនោះនឹងតាមជាប់យើងប្រៀបបាននឹងស្រមោលរបស់យើងផងដែរ។
ងាយខឹង និងអាក់អន់ស្រពន់ចិត្ត៖
ពិបាកគ្រប់គ្រងអារម្មណ៍ ឲ្យតែពេលនិយាយជាមួយអ្នកដទៃចេះតែមានអារម្មណ៍ថា គេមិនយល់ពីស្ថានភាពរបស់យើង ស្ដាប់ទៅចេះតែមិនចូលត្រចៀក។ សម្ដី និងកាយវិការធ្លាប់ប្រើជាមួយគ្នាពីមុនមិនអីផង តែពេលនេះបែរជាធ្វើឲ្យយើងខឹងទៅវិញ។
មានភាពតានតឹង និងគិតច្រើន៖
អ្នកជួបបញ្ហាបែបនេះមិនសូវជាមានសេរីភាពផ្លូវចិត្ត និងសប្បាយរីករាយប៉ុន្មាននោះទេ ពួកគេតែងតែមានអារម្មណ៍ភ័យខ្លាច ជាពិសេសពេលជិតដល់ថ្ងៃសងបំណុល តែមិនមានប្រាក់គ្រប់គ្រាន់។ មួយថ្ងៃៗចេះតែគិតពីវីធីរកប្រាក់មកសងបំណុលមិនចេះឈប់ ពេលខ្លះគិតច្រើនរហូតមិនបានគេងគ្រប់គ្រាន់ និងប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួនក៏មាន។
មានអារម្មណ៍ថាស្តាយក្រោយ៖
ពេលធ្លាក់ខ្លួនចូលជ្រៅក្នុងបញ្ហាបែបនេះ ជាទូទៅអ្នកជួបបញ្ហាទាំងនោះតែងតែស្ដីបន្ទោសខ្លួនឯង មិនគួរបណ្ដោយខ្លួនឲ្យជាប់បំណុលបែបនេះសោះ ហើយនឹកស្ដាយដល់ការសម្រេចចិត្តពីមុន។ មិនគួរណាគិតតែមួយជ្រុង មិនគិតឲ្យបានវែងឆ្ងាយពីបញ្ហាប្រឈម និងតែងតែស្រមៃចង់ឲ្យអ្វីៗត្រឡប់ទៅដូចគ្រាមុន ដើម្បីឲ្យពួកគេអាចសម្រេចចិត្តសាជាថ្មី។
«នរណាក៏ធ្លាប់បង្កើតកំហុស!» កំហុសដែលកន្លងហួសចូរកត់ត្រាទុកជាមេរៀនដើម្បីជៀសវាងជាន់ដានចាស់ម្ដងទៀត ហើយយកពេលវេលាដែលគិតពីវា មកស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហាជំនួសវិញ។
បំណុលមិនល្អនឹងនាំមកនូវបញ្ហាជាច្រើន ទាំងសុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន និងសុខភាពផ្លូវចិត្តរបស់យើង។ ដូច្នេះហើយ យើងគួរតែចៀសវាងបង្កើតបំណុលមួយនេះ ដោយថ្លឹងថ្លែងពីផលចំណេញ និងកំហាតនៃបំណុលប្រភេទនេះ ទាំងក្នុងបច្ចុប្បន្ន និងអនាគត មុននឹងសម្រេចចិត្តផ្ដិតមេដៃទទួលយកបំណុលថ្មីក្រោយៗទៀត។