សែក ឬមូលប្បទានបត្រ(Cheque) គឺ ជាបញ្ជាដោយឥតលក្ខខណ្ឌទៅធនាគារ ជាលាយលក្ខណ៍អក្សរនិង មានចុះហត្ថលេខាដោយបុគ្គលអ្នកចេញបញ្ជានេះ ក្នុងគោលបំណងតម្រូវឲ្យធនាគារទូទាត់ប្រាក់ក្នុងចំនួនកំណត់ណាមួយឲ្យទៅបុគ្គលម្នាក់ទៀតតាមបញ្ជា។
បើនិយាយជាសាមញ្ញ សែកជាបណ្ណដែលបោះពុម្ពដោយគ្រឹះស្ថានហិរញ្ញវត្ថុ (ធនាគារ) សម្រាប់ឲ្យអតិថិជនរបស់ពួកគេប្រើប្រាស់ក្នុងការទូទាត់ផ្សេងៗ ហើយភាគច្រើនគឺពេលត្រូវទូទាត់ចំណាយធំៗ។ នៅពេលដែលម្ចាស់គណនីចុះហត្ថលេខាលើបណ្ណរួចរាល់ អ្នកទទួលមានសិទ្ធិអាចទៅ ដកប្រាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុនោះបានហើយ។
ទោះបីសែកជាមធ្យោបាយទូទាត់ប្រាក់មានសុវត្ថិភាព តែវាក៏មានហានិភ័យខ្ពស់ដែរ តួយ៉ាងដូចជា ពេលប៉ះចំសែកខ្យល់ (សែកស្អុយ) ឬសែកដែលមានបញ្ហាលើការលាយល័ក្ខណ៍អក្សរ។ អ៊ីចឹង តើត្រូវមើលទៅលើចំណុចអ្វីខ្លះលើសែក ដើម្បីធានាភាពត្រឹមត្រូវនិងមានសុពលភាពរបស់វា? នៅក្នុងអត្ថបទនេះ យើងនឹងលើកយកចំណុចសំខាន់ៗអំពីសែកមកបង្ហាញ និងចំណុចមួយចំនួនដែលគួរ ប្រុងប្រយ័ត្ន។
រាល់ចំណុចត្រូវបំពេញទាំងអស់នៅលើសែកត្រូវសរសេរដោយដៃ លើកលែងករណីខ្លះឈ្មោះបហារ័កត្រូវបានបោះពុម្ពចេញមកស្រាប់។
➊ កាលបរិច្ឆេទ
ថ្ងៃខែឆ្នាំដែលសរសេរនៅលើសែកចាំបាច់ត្រូវតែមាន (ថ្ងៃចេញសែក)។ ប្រសិនបើគ្មានថ្ងៃខែឆ្នាំ ច្បាស់លាស់ ធនាគារនឹងចាត់ទុកសែកនេះជាមោឃៈ។ យ៉ាងណាក៏ដោយ ខាងធនាគារមិនលើកទឹកចិត្តឱ្យអ្នកចេញសែក សរសេរថ្ងៃទុកមុននោះឡើយ។
➋ ឈ្មោះអ្នកទទួល (Drawee’s Name)
អ្នកទទួលត្រូវពិនិត្យមើលឈ្មោះរបស់ខ្លួនឲ្យបានច្បាស់ចៀសវាងសរសេរឈ្មោះខុស ពុំដូច្នោះករណីមានកំហុសត្រង់ណាមួយនោះ ខាងធនាគារនឹងបដិសេធមិនទទួលយកសែករបស់អ្នកនោះឡើយ ។ ឈ្មោះអ្នកទទួល គឺជាឈ្មោះអ្នកដែលនឹងបើកសែកនេះ ហើយខាងធនាគារនឹងសុំ អត្តសញ្ញាណបណ្ណអ្នកដើម្បីពិនិត្យបញ្ជាក់។ ដូចនេះអ្នកត្រូវប្រាកដថាឈ្មោះដែលបានសរសេរលើសែកដូចទៅនឹង ឈ្មោះក្នុងអត្តសញ្ញាណបណ្ណរបស់អ្នក។
➌ ចំនួនទឹកប្រាក់
ចំនួនទឹកប្រាក់នៅលើសែកត្រូវមានសរសេរពីរដង។ មួយសរសេរជាលេខ និងមួយទៀតសរសេរបញ្ជាក់ជាអក្សរ។ អ្នកត្រូវពិនិត្យទឹកលុយឲ្យបានត្រឹមត្រូវទាំងសំណេរ ជាអក្សរ និងសំណេរចំនួនទឹកលុយជាលេខ។
➍ ឈ្មោះបហារ័ក (Drawer’s Name)
ឈ្មោះបហារ័កជាឈ្មោះរបស់ក្រុមហ៊ុន ឬបុគ្គលដែលជាអ្នកចេញសែកឲ្យអ្នកទទួល។
➎ អាសយដ្ឋាន
ជាទូទៅនៅចំណុចនេះ គេអាចមិនបំពេញ ឬទុកទំនេរចោលតែម្ដង ព្រោះវាមិនសូវជាចាំបាច់។
➏ គោលបំណង
អ្នកចេញសែកត្រូវបញ្ជាក់ពីគោលបំណងនៃសែកនេះដោយសរសេរខ្លីៗ ដើម្បីផ្ដល់ព័ត៌មានឱ្យខាងធនាគារ ប៉ុន្តែគេអាចទុកចន្លោះនេះចោលក៏បាន។
➐ ហត្ថលេខា
ធនាគារមិនទទួលយកសែកមួយនោះឡើយ ប្រសិនបើសែកមិនមានហត្ថលេខា និង/ឬ ត្រានោះទេ (អាស្រ័យទៅតាមលក្ខខណ្ឌធនាគារ អាចតម្រូវឲ្យមានទាំងពីរ ឬតែហត្ថលេខា)។ អ្នកគួរពិនិត្យបញ្ជាក់ឲ្យហើយដែរ ថាសែកមានហត្ថលេខា ឬត្រាត្រឹមត្រូវតាមលក្ខខណ្ឌសិនសឹមទទួលយក។
ចំណុចមួយចំនួនដែលធ្វើឲ្យធនាគារមិនទទួលសែក
- សែកមិនមានសរសេរកាលបរិច្ឆេទ
- សែកទុកយូរហួសថ្ងៃបើក លើសពី 03ខែ ទៅ 06ខែ
- អ្នកទៅដកសែកមុនថ្ងៃ
- គណនីរបស់អ្នកចេញសែកគ្មានលុយ
ក្រៅពីចំណុចខាងលើនេះ ធនាគារមួយចំនួនអាចនឹងផ្ដល់លក្ខខណ្ឌផ្សេងៗដូចជាការគូសឆូត ដើម្បីដកប្រាក់បានតែរយៈបញ្ចូលលុយទៅក្នុងគណនី (មិនឱ្យជាប្រាក់សុទ្ធ)ជាដើម។ អ្នកចេញសែក (Drawer) អាចស្វែងយល់លម្អិតបន្ថែមពីលក្ខន្តិកៈមួយចំនួនពីខាងធនាគាររបស់គាត់ ដ្បិតថា លក្ខន្តិកៈអាចនឹងខុសគ្នាពីធនាគារមួយទៅធនាគារមួយផ្សេងទៀត៕