មិនថានៅកន្លែងធ្វើការ ឬពេលធ្វើការពីចម្ងាយ ទន្ទឹមជាមួយបទពិសោធន៍ការងារជាច្រើនក៏មានលាយឡំជាមួយគ្នានូវភាពនឿយហត់ អារម្មណ៍ផ្ដោតមិនបានល្អដូចមុន ដែលនាំឲ្យលទ្ធផលការងារមិនសូវសមប្រកប។ ក៏ប៉ុន្តែបញ្ហាទាំងនោះ យើងពុំអាចបន្ទោសបរិស្ថានការងារទាំងស្រុងរហូតនោះទេ។
ជាក់ស្ដែង វាអាចបណ្ដាលមកពីកត្តាផ្ទាល់ខ្លួនផងដែរ ដែលទាមទារឲ្យយើងស្វែងយល់ និងយកចិត្តទុកដាក់ ព្យាយាមបង្កើនផលិតភាពការងារ ឬ work productivity ដោយខ្លួនឯង ដើម្បីធានាភាពរលូនទៅមុខនៃការងារ ប្រកបដោយប្រសិទ្ធភាព ក៏ដូចជារក្សាបាននូវសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកបំពេញការងារដូចគ្នា។
ខាងក្រោមនេះជាគន្លឹះមួយមួយចំនួនដែលអ្នកគួរអនុវត្ត។
១. រាយកិច្ចការដែលត្រូវធ្វើ
ដើម្បីឱ្យការងារមានភាពរលូន ហើយអ្នកនឹងមិនស្មុគថា គួរធ្វើអីមុន ទុកអីក្រោយ អ្នកគួររៀបកិច្ចការទាំងនោះទៅក្នុង To-do-list មួយ ឱ្យមានរបៀបរៀបរយ។ វានឹងបង្ហាយឱ្យអ្នកឃើញអាទិភាពការងារណាសំខាន់ត្រូវធ្វើមុន ការងារសំខាន់តែមិនបន្ទាន់ និងបន្តបន្ទាប់រៀងគ្នា។ វាប្រៀបដូចជាការកំណត់គោលដៅតូចមួយ ដែលអ្នកត្រូវបំពេញការងារដែលបានគ្រោងនោះ ម្ដងមួយ ជាជំហានៗបន្តបន្ទាប់ មិនស្មុគស្មាញ និងងាយស្រួលតាមដានសកម្មភាពការងាររបស់ខ្លួនផង។
២. កុំធ្វើការច្រើនមុខក្នុងពេលតែមួយ (Multi-tasking)
អ្នកជំនាញផ្នែកចិត្តសាស្ត្រ និងអ្នកស្រាវជ្រាវមួយចំនួនបានរកឃើញថា ការធ្វើការងារច្រើនក្នុងពេលតែមួយ នឹងកាត់បន្ថយផលិតភាពដល់ទៅ ៤០% ឯណោះ។ ជាការល្អ យើងគួរបណ្ដុះទម្លាប់ធ្វើការងារមួយឲ្យចប់ សឹមចូលការងារមួយទៀត។ ធ្វើបែបនេះ អាចពង្រឹងការផ្ដោតស្មារតីបានខ្លាំងជាងមុន មិនច្របូកច្របល់ ចំណេញពេលវេលា និងអាចបញ្ចប់ការងារបានរហ័សជាងមុនទៀតផង។
៣. ចៀសវាងផលរំខានដោយឧបករណ៍អេឡិចត្រូនិចពីកម្មវិធីកំសាន្តផ្សេងៗ
សំឡេង notifications ទីងទឹងៗចេញពីទូរសព្ទ អ៊ីមែល កម្មវិធីបណ្ដាញសង្គមដូចជា ហ្វេសប៊ុក Instagram យូធូប ឬហ្គេម អាចរំខានសកម្មភាពការងារបាន។ យើងគួរកំណត់កាលវិភាគឆែកអ៊ីមែល និងបិទសំឡេងរំខាន បិទ notifications មិនទាក់ទងនឹងការងារ ឬប្រើប្រាស់វាក្នុងរយៈពេលសមស្របមួយត្រឹមសម្រាកខួរក្បាលពីការងារមួយភ្លែតបានហើយ។ ដូចនេះទើបមិនបែកអារម្មណ៍ អាចបង្កើនផលិតភាពការងារបានប្រសើរជាងមុន ហើយយើងក៏មិនជាប់ឈ្មោះជាទាសករបច្ចេកវិទ្យាផងដែរ។
៤. មានម៉ោងពេលសម្រាកត្រឹមត្រូវ
យើងគិតថាអង្គុយធ្វើការយូរ បង្ហើយការងារបានកាន់តែច្រើន។ តែតាមពិតទៅ វាធ្វើឲ្យយើងងាយហេវហត់ ផលិតភាពការងារធ្លាក់ចុះទៅវិញទេ។ ក្រៅពីអង្គុយអូសហ្វេសប៊ុកជំនះភាពស្ត្រេស អ្នកអាចចាយពេល ៥នាទី សម្រាកដៃជើង ចក្ខុ និងខួរក្បាល ដើរជុំវិញបរិវេណធ្វើការបន្តិច ឬ១៥នាទីទទួលទានកាហ្វេ និងធ្វើលំហាត់ប្រាណតិចតួច ដើម្បីអារម្មណ៍ស្រស់ស្រាយ។
៥. គេងឱ្យបានគ្រប់គ្រាន់
ក្រោយពីបញ្ចប់ការងាររួចរាល់ នៅពេលត្រឡប់ផ្ទះវិញ ស្រស់ស្រូបអាហារឲ្យមានកម្លាំង ងូតទឹកឲ្យត្រជាក់កាយា ចូលគេងឲ្យបានគ្រប់ ទើបអារម្មណ៍ស្កប់ស្កល់។ ការគេងមិនគ្រប់គ្រាន់ ធ្វើឲ្យការគិតចុះខ្សោយ ភ្លេចភ្លាំង ឆាប់មួម៉ៅ បាក់ទឹកចិត្ត សុខភាពទ្រុឌទ្រោម ដែលទាំងនេះសុទ្ធតែជះឥទ្ធិពលអវិជ្ជមានដល់ផលិតភាពការងារ។ យោងទៅតាម National Sleep Foundation មនុស្សដែលមានអាយុចន្លោះ ២៦ ដល់ ៦៤ គួរទទួលទានដំណេករយៈពេល ៧ ទៅ៩ម៉ោងក្នុងមួយយប់។
ការយកចិត្តទុកដាក់លើការជំរុញផលិតភាពការងារ មិនត្រឹមតែជួយឲ្យអ្នកបំពេញការងារបានជោគជ័យ លទ្ធផលការងារចេញមកមានគុណភាព និងប្រសិទ្ធភាពប៉ុណ្ណោះទេ តែវាថែមទាំងធានាបានថា ការធ្វើការងារនោះមិនផ្ដល់សម្ពាធដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តថែមទៀតផង។
បញ្ជាក់៖ វិធីសាស្ត្រខាងលើពុំសំដៅដល់ក្រឹត្យក្រមដែលលោកអ្នកត្រូវប្រតិបត្តិជាចាំបាច់ទេ អត្ថបទនេះគ្រាន់តែចែករំលែកគន្លឹះខ្លះៗក្នុងការជំរុញផលិតភាពការងារប៉ុណ្ណោះ។ លោកអ្នកអាចអនុវត្តនូវវិធីសាស្ត្រផ្សេងៗទៀតដែលមានប្រសិទ្ធភាពបំផុតចំពោះខ្លួន ដ្បិតវាក៏អាស្រ័យលើស្ថានភាពផ្ទាល់ខ្លួន ចំណង់ចំណូលចិត្ត ការបង្កភាពងាយស្រួល និងផាសុកភាពនៅពេលធ្វើវា៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។
ឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី៖
១. 5 Ways To Increase Your Productivity At Work (forbes.com)
២. 15 Ways to Increase Productivity at Work | Inc.com
៣. How Multitasking Affects Productivity and Brain Health (verywellmind.com)
៤. How to Increase Your Productivity at Work (thebalancesmb.com)
៥. How Much Sleep Do We Really Need? | Sleep Foundation