ក្នុងន័យរូបភាពសិល្បៈ និងការរចនាផ្សេងៗ “minimalism” ឬ “minimalist design” គឺរចនាបទមួយប្រភេទដែលមានការតុបតែងតិចតួចបំផុត ប៉ុន្តែផ្តល់មកវិញនូវភាពស្រស់ស្អាតបែបសាមញ្ញ ច្បាស់លាស់ និងមើលទៅគ្មានភាពស្មុគស្មាញ។
តាមរយៈវចនានុក្រមរបស់ Cambridge បានពន្យល់ថា ការរចនាដែលមិនប្រើប្រាស់ពណ៌ចូលគ្នាច្រើន ឬការរៀបចំគ្រឿងលម្អដែលមានទម្រង់ធម្មតាៗក៏ត្រូវបានគេហៅថារចនាបទបែប minimalist ដែរ។ រចនាបទនេះ ទំនងលេចចេញជាផ្លូវការនៅទីក្រុង New York នាទសវត្សទី ៦០ ប៉ុន្តែភាពល្បីល្បាញនៃរចនាបទនេះចាប់ផ្តើមតាំងពីឆ្នាំ ១៩១៥ មកម្ល៉េះដោយសារតែគំនូរ «ប្រអប់ខ្មៅ» របស់លោក KAZIMIR MALEVICH។ ដោយមានការពេញចិត្តពីសិល្បករជាច្រើនលើស្នាដៃគំនូរដែលមានសោភ័ណភាពបែបសាមញ្ញ ច្បាស់ៗ មិនសាំញ៊ាំបែបនេះទើបធ្វើអោយ minimalism ក្លាយជារចនាបទដ៏ល្បីល្បាញមួយ និងបានជះឥទ្ធិពលដល់ការឌីហ្សាញផ្សេងៗរួមមាន វិស័យស្ថាបត្យកម្ម និងសំណង់ទៀតផង។
នៅក្នុងវិស័យស្ថាបត្យកម្ម និងសំណង់ minimalist design ត្រូវបានគេឱ្យនិយមន័យថា ជាការរចនាដែលកាត់បន្ថយគ្រឿងលម្អមិនចាំបាច់ ហើយពឹងផ្អែកទៅលើការភ្ជាប់ទំនាក់ទំនងពីវត្ថុមួយទៅវត្ថុមួយវិញទៀត។ អ្នកអាចកត់សម្គាល់រចនាបទបែប minimalist បានក្នុងសំណង់អាគារណាមួយដែលមាន៖
- ទម្រង់ធរណីមាត្រសុទ្ធ (Pure Geometric Forms)
- ការតុបតែងតិចបំផុត ឬគ្មានការតុបតែងបន្ថែមទាល់តែសោះ
- ប្រើប្រាស់សម្ភារៈសាមញ្ញដូចជា ដែកថែប កញ្ចក់ ឬបង្ហាញឲ្យឃើញគ្រោងសំណង់តែម្តង
- លំហទូលាយអាចមើលឃើញគ្រឿងសង្ហារឹមច្បាស់ៗ
ជាការពិត ការរចនាដែលប្រកបដោយទម្រង់សាមញ្ញបំផុត និងគ្មានគ្រឿងលម្អច្រើនមុខ គឺជាសោភ័ណភាពគោលនៃរចនាបទ minimalist។ ស្របពេលដែលវិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជាកំពុងមានសន្ទុះ យើងសង្កេតឃើញថា សំណង់អាគារជាច្រើនបានរចនាឡើងដោយយកលំនាំតាមបែបបទខុសៗគ្នា។ ក្នុងនោះ រចនាបទ minimalist ក៏ត្រូវបានគេយកមកប្រើប្រាស់ក្នុងការរចនាហាងលក់ទំនិញ ភោជនីយដ្ឋាន ព្រមទាំងលំនៅដ្ឋានជារឿយៗ។ តាមរយៈភាពភាពល្បីល្បាញនៃរចនាបទមួយប្រភេទនេះ minimalism ក៏បានជះឥទ្ធិពលលើសង្គមរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងមួយចំនួនដូចគ្នា។
# ចុះបើជីវិតរស់នៅបែប “តិចតែច្រើន” វិញ មានន័យដូចម្តេច?
ស្របពេលដែលការផ្សព្វផ្សាយនានាហាក់ដូចជាពង្វក់ឲ្យយើងជឿថា ជីវិតនឹងពោរពេញដោយក្តីសុខ ដរាបណាយើងចំណាយប្រាក់ទៅទិញផលិតផលរបស់ពួកគេ minimalism បានបង្រៀនអោយយើងយល់ច្បាស់ពីការរស់នៅបែបសាមញ្ញមិនពឹងផ្អែកលើសម្ភារៈដែលមិនចាំបាច់។ មានមនុស្សជាច្រើន បានយល់ខុសពីអត្ថន័យនៃ minimalism នៅក្នុងជីវិតរស់នៅ។
ប៉ុន្តែតាមរយៈអត្ថបទរបស់ The Minimalists បានពន្យល់ថា របៀបរស់នៅបែប minimalist បានបង្រៀនយើងអោយចេះថ្លឹងថ្លែង និងអោយតម្លៃទៅលើអ្វីដែលពិតជាសំខាន់នៅក្នុងជីវិត ក៏ដូចជារំដោះខ្លួនពីការចង់បានហួសប្រមាណផងដែរ។ ការប្រើជីវិតបែបសាមញ្ញៗដូច្នេះ អនុញ្ញាតឲ្យយើងសម្រេចចិត្តដោយមានមនសិការ និងចំគោលដៅជាងមុន។ The Minimalists បានបន្ថែមទៀតថា minimalism ជាចលនាដែល
អាចធ្វើឲ្យយើងមានសេរីភាពផ្លូវចិត្តជាងមុន ព្រោះយើងមានរបស់របរតិចជាងមុន ហើយក៏ខ្វល់ខ្វាយតិចជាងមុនដែរ។
ផ្ទុយទៅវិញ វាធ្វើអោយយើងស្វែងយល់ពីគោលបំណងពិតប្រាកដក្នុងជីវិត ផ្តោតលើសុខភាព ក៏ដូចជារស់នៅក្នុងបច្ចុប្បន្នភាពទៀតផង។ សាកគិតទៅមើល ប្រសិនបើយើងឈប់ចង់បានរបស់របរផ្តេសផ្តាស តើយើងប្រហែលសល់ថវិកាបានប៉ុន្មានហើយ?
ប្រភពអានបន្ថែម៖
- Minimalist Architecture | Designing Buildings Wiki
- The History and Concepts of Minimalism | LARSEN & ERIKSEN
- What Is Minimalism? | The Minimalists
- What is Minimalist Architecture? | Minimalist Design | Perkins Architecture
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។