ចង់បានប៉ុន្មានដែរ? បានពិភាក្សាជាមួយអនាគតម៉ាក់ឬប៉ារបស់អនាគតកូនខ្លួនឬនៅ?
ធ្លាប់ឮលោកតា លោកយាយអ្នកនិយាយទេថា៖ “ចាស់ៗពីដើមមានកូនដល់លើសពី ១០នាក់ ក៏ចិញ្ចឹមរស់ដែរ ក្មេងៗឥឡូវ មានកូនតែពីរបីនាក់សោះ ចិញ្ចឹមមិនចង់រស់”។ យល់ម៉េចដែរ?
តាមពិតទៅ ការកំណត់ចំនួនកូនដែលប្ដីប្រពន្ធមួយគូប្រាថ្នា
គឺជាផែនការគ្រួសារដែលគូស្វាមីភរិយាសម័យថ្មីគួរតែគិតគូរនិងរៀបចំ ដើម្បីសម្របតាមជីវភាពនិងសម្រេចអនាគតគ្រួសារមួយដែលពួកគេចង់បាន។
ខាងក្រោមនេះ ជាកត្តាមួយចំនួនដែលគូស្រករថ្មីថ្មោងគួរពិចារណាពេលរៀបចំផែនការគ្រួសារ។
១. ការចំណាយ
មានកូនហើយ ឪពុកម្ដាយត្រូវចាប់ផ្ដើមរ៉ាប់រងចំណាយលើការផ្គត់ផ្គង់អាហារ សម្លៀកបំពាក់ ថ្លៃសេវាពេទ្យពេលកូនឈឺ ថ្លៃសេវាអប់រំ របស់លេង និងការកំសាន្ដផ្សេងៗជាដើម។ ចំពោះក្មេងអាយុក្រោម ៣ឆ្នាំ យើងប្រមាណថាក្នុងមួយខែ ត្រូវចំណាយលើថ្លៃទឹកដោះគោ ៤កំប៉ុងចុះ នោះវាប្រហែល ៤០ដុល្លារ ថ្លៃសាលាប្រហែល ១០០ដុល្លារ ថ្លៃសេវាពេទ្យប្រហែល៣០ដុល្លារ សរុបទៅប្រហែល ១៧០ដុល្លារក្នុងមួយខែ នេះនៅមិនទាន់គិតថ្លៃខោអាវ និងរបស់លេងផង។
កាលណាកូនកាន់តែលូតលាស់ធំទៅ ចំណាយទាំងអស់នេះនឹងកាន់តែកើនឡើង។ ត្រង់នេះមិនមែនបានន័យថា មិនគួរមានកូនព្រោះត្រូវរ៉ាប់រងចំណាយទាំងអស់នេះទេ តែចង់លើកជាការពិចារណាលើទំនួលខុសត្រូវថ្មីពេលមានសមាជិកបន្ថែមក្នុងបន្ទុកគ្រួសាររបស់ខ្លួន។
២. ការបំពេញតួនាទីជាឪពុកម្ដាយ
ក្រៅពីការចិញ្ចឹមថែទាំកូនឱ្យធំធាត់ ឪពុកម្ដាយក៏ត្រូវចំណាយពេលកំដរកូនលេង ជួយកូន ធ្វើកិច្ចការសាលា និងអប់រំទូន្មានកូនឱ្យយល់ដឹងពីអ្វីដែលខុស អ្វីដែលត្រូវ អ្វីដែលគួរធ្វើ អ្វីដែលគួរប្រុងប្រយ័ត្ន។ ជាឪពុកម្ដាយតែងចង់ឱ្យកូនធំឡើងក្លាយជាកូនល្អ ជាបងឬប្អូនល្អ និងជាមនុស្សល្អនៅក្នុងសង្គម។
ហេតុនេះពេលមានកូន អ្នកនឹងត្រូវព្យាយាមលៃលកពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញតួនាទីជាឪពុកម្ដាយ ទូន្មានប្រៀនប្រដៅបុត្រធីតារបស់ខ្លួន ហើយត្រង់កន្លែងនេះក៏មានទំនាក់ទំនងនឹងចំណុចទី ៣ ខាងក្រោមដែរ។
៣. គម្លាតពីកូនមួយទៅកូនមួយទៀត
ការរក្សាគម្លាតសមស្របពីកូនមួយទៅកូនមួយទៀត អនុញ្ញាតឱ្យម្ដាយមានពេលគ្រប់គ្រាន់ថែទាំសុខភាពខ្លួនបន្ទាប់ពីសម្រាលបុត្រ មុននឹងមានគ័ត៌បុត្រមួយទៀត ក៏ដូចជាផ្ដល់ពេលវេលាឱ្យឪពុកម្ដាយថ្មីថ្មោងមើលថែ ចំណាយពេល បំពេញតួនាទីជាមាតាបិតា និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយកូនម្នាក់ៗផង។
ម្យ៉ាងវិញទៀត អ្នកក៏អាចគិតដល់អនាគតកាលផងដែរ។ ឧបមាថា អ្នកទុកចន្លោះ ៣ឆ្នាំរវាងកូនម្នាក់ទៅម្នាក់ទៀត រៀបការនៅអាយុ ២៨ឆ្នាំ មានកូនទី១ នៅអាយុ ២៩ឆ្នាំ និងកូនទី៣ នៅអាយុ ៣៥ឆ្នាំ។ ទម្រាំកូនពៅអាយុ ២០ឆ្នាំ អ្នកអាយុ ៥៥ឆ្នាំហើយ។ ប្រសិនបើអ្នកសង្ឃឹមថាចង់ចិញ្ចឹមកូនៗគ្រប់គ្នាឱ្យធំដឹងក្ដី និងអាចរៀបចំកូនៗឱ្យមានគ្រួសាររៀងៗខ្លួន មុនពេលខ្លួនមានវ័យចាស់ជរា អ្នកអាចគន់គូររៀបចំផែនការទុកជាមុន។
៤. កូនទោល និងកូនចាប់ពី២នាក់ឡើងទៅ
ការមានកូនចាប់ពី២នាក់ឡើងទៅ ផ្ដល់ឱកាសឱ្យកូនរៀនសូត្រពីគ្នា ចេះមើលថែគ្នា និងចែករំលែកជាមួយបងប្អូនដោយក្ដីស្រឡាញ់ មិនថារបស់លេង របស់ញ៊ាំ និងសម្ភារប្រើប្រាស់ផ្សេងៗ។ មិនតែប៉ុណ្ណោះ មានបងប្អូន មានគ្នាលេងជាមួយ និងមានដៃគូពិភាក្សារឿងរ៉ាវក្នុងជីវិតពេលពួកគេធំដឹងក្ដីរៀងខ្លួន។
ជារួម មិនកំណត់ថា មានកូនប៉ុន្មាននាក់ទើបល្អនោះទេ តែផែនការគ្រួសារគួរអាស្រ័យលើស្ថានភាពរបស់អ្នក ទាំងផ្នែកហិរញ្ញវត្ថុ ពេលវេលា ព្រមទាំង សុខភាព និងវ័យរបស់មាតាបិតាដូចគ្នា៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។