តើអ្នកដឹងថាហេតុអ្វីបានជាអ្នកគួរចាប់ផ្តើមសន្សំប្រាក់តាំងពីអាយុ ២០ ឆ្នាំដែរឬទេ? ថ្ងៃនេះ អេដមីនបង្ហាញហេតុផល៣ដែលអ្នកគួរចាំបាច់ចាប់ផ្ដើមពីឥលូវនេះ!
ការបង្កើតទម្លាប់សន្សំ:
នៅវ័យនេះ ទោះបីជាអ្នកមិនអាចសន្សំប្រាក់បានរាប់រយដុល្លារជារៀងរាល់ខែនៅឡើយក៏ដោយ ការរៀនសន្សំពីចំនួនបន្តិចបន្តួចឱ្យបានឆាប់តាមដែលអាចធ្វើទៅបានពីវ័យក្មេង វាអាចបង្កើតបានជាទម្លាប់ល្អ មួយ។ ជាធម្មតា យើងត្រូវចំណាយពេលច្រើនខែច្រើនឆ្នាំអនុវត្តអ្វីមួយ ដើម្បីអេាយវាក្លាយជាទម្លាប់បាន។ នៅពេលយើងចេះទម្លាប់តាំងពីនៅក្មេង វាផ្តល់ភាពងាយស្រួលសម្រាប់យើងនៅពេលអនាគត ព្រោះនៅពេលចាស់ទៅ យើងនឹងមានទំនួលខុសត្រូវ និងចំណាយកាន់តែច្រើន។ ម្យ៉ាងវិញទៀត ពេលយើងឆាប់បានឃើញទឹកប្រាក់ដែលបានសន្សំចេះតែកើនឡើងតាំងពីវ័យក្មេងទៅ វាថែមទាំងអាចលើកទឹកចិត្តយើងបន្ថែមក្នុងដំណើរបន្តផ្លូវឆ្ពោះទៅរកគោលដៅហិរញ្ញវត្ថុ។
Click here to read more about: How to save money from salary
ឆាប់សម្រេចបានគោលដៅហិរញ្ញវត្ថុ៖
មនុស្សគ្រប់រូបតែងមានគោលដៅហិរញ្ញវត្ថុរៀងៗខ្លួន ដូចជា ទិញផ្ទះ ទិញយានជំនិះ បង្កើនទ្រព្យ ឬសន្សំប្រាក់ទុករៀបការ។ល។ ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុណាមួយនេះបាន វាត្រូវការទាំងថវិកានិងពេលវេលា។ ដូច្នេះការចាប់ផ្តេីមសន្សំអេាយកាន់តែឆាប់អាចជួយពន្លឿនការសម្រេចបានមួយផ្នែកផងដែរ។ ឧទាហរណ៍៖ អ្នកកំណត់គោលដៅសម្រាប់ខ្លួនថា អ្នកត្រូវសន្សំប្រាក់ ដើម្បីទិញផ្ទះមួយល្វែងនៅមុនអាយុ៣០។ ឥឡូវនេះ អ្នកត្រូវគិតនិងបែងចែកថា តើត្រូវសន្សំប៉ុន្មានក្នុងមួយខែ? ហើយត្រូវការពេលប៉ុន្មានខែ ឬឆ្នាំទើបអាចសម្រេចបាន? ឬគួរចាប់ផ្ដើមសន្សំពីថ្ងៃនេះទៅ ទើបឆាប់សម្រេចបានលឿនជាងនេះ? បន្ថែមពីនេះ អ្នកគួរមានផែនការត្រឹមត្រូវក្នុងការសម្រេចគោលដៅនេាះផង ដើម្បីឱ្យវាមានប្រសិទ្ធភាព។
ជៀសវាងភាពតានតឹងហិរញ្ញវត្ថុ៖
មូលហេតុសំខាន់មួយទៀតក្នុងការចាប់ផ្តើមសន្សំប្រាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានគឺដោយសារតែវា អាចជួយបញ្ជៀសភាពតានតឹងហិរញ្ញវត្ថុ។ ដូចបានលើកឡើងពីខាងលើ ពេលយើងចាស់ទៅ ទំនួលខុសត្រូវ និងតម្រូវការចំណាយដែលត្រូវរ៉ាប់រងនឹងកាន់តែកើនច្រេីន។ ជាពិសេស ប្រសិនបេីមានអាសន្នដែលមិននឹកស្មានដល់បានកើតឡើងដូចជា ពេលបាត់បង់ការងារ ឬធ្លាក់ខ្លួនឈឺ ពេលនេាះអ្នកនឹងត្រូវការប្រាក់ជាចាំបាច់មកដោះស្រាយបញ្ហា។ តែបើអ្នកមានប្រាក់ សន្សំខ្លះនៅនឹងខ្លួន អ្នកនឹងមានអារម្មណ៍ធូរស្បើយ និងសុវត្ថិភាពមួយកម្រិត ទោះបីមានបញ្ហាហិរញ្ញវត្ថុណាកើតឡើងដោយ ចៃដន្យ ។
ត្រូវចងចាំថា ការសន្សំប្រាក់តាំងពីវ័យក្មេងអាចជួយឱ្យអ្នកបង្កើតបានទម្លាប់សន្សំ ជៀសវាងភាពតានតឹងហិរញ្ញវត្ថុ ហើយក៏អាចជួយឱ្យអ្នកឆាប់សម្រេចបាន គោលដៅផ្សេងៗរបស់អ្នកទៀតផង៕
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។