ទាំង PayPal និង Apple Pay គឺជាប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំ ដែលមានប្រជាប្រិយភាព និងមានការទទួលស្គាល់ច្រើនជាងគេក្នុងចំណោមប្រព័ន្ធទូទាត់ប្រាក់ឌីជីថលដទៃទៀត។
យើងឧស្សាហ៍ឃើញគេប្រៀបធៀបប្រព័ន្ធទូទាត់ប្រាក់ទាំងពីរ ជាតួយ៉ាងទៅលើគុណភាព និងសុវត្ថិភាព។ អ៊ីចឹង ថ្ងៃនេះយើងមកមើលពីលក្ខណៈដូចគ្នា និងខុសគ្នារបស់ PayPal និង Apple Pay ទាំងអស់គ្នាបន្តិចទៅមើល៍!!
PayPal
PayPal បង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដោយ Max Levchin និង Peter Theil មានឈ្មោះដើមថា Confinity ជាប្រព័ន្ធទូទាត់តាមប្រព័ន្ធអ៊ីនធឺណិត។ PayPal ទទួលបានភាពល្បីល្បាញជាងគេ ដោយសារអតិថិជនអាចទទួល ឬទូទាត់ប្រាក់ដោយគ្រាន់តែភ្ជាប់កាតធនាគារចូលគណនី PayPal។
Apple Pay
Apple Pay បង្កើតឡើងដោយក្រុមហ៊ុន Apple Inc កាលពីឆ្នាំ ២០១៤ ដែលអនុញ្ញាតឲ្យអតិថិជនដែលប្រើប្រាស់ប្រព័ន្ធ iOS អាចរក្សាកាតធនាគាររបស់ពួកគេនៅក្នុង Apple Wallet និងអាចទូទាត់ប្រាក់តាមឧបករណ៍អេឡិចត្រូនិចរបស់ Apple ដែលពួកគេមានដូចជា iPhone, iPad, Macbook និង Apple Watch។
បច្ចុប្បន្ន ទាំង PayPal និង Apple Pay សុទ្ធតែអាចប្រើប្រាស់បាននៅប្រទេសកម្ពុជា និងទទួលបានប្រជាប្រិយភាពខ្ពស់ ក៏ព្រោះតែគុណតម្លៃសេវារបស់ពួកគេស្ថិតនៅស្ដង់ដារអន្តរជាតិ ហើយសុទ្ធតែមានភាពងាយស្រួល និងឆាប់រហ័សក្នុងការទូទាត់ទិញទំនិញអនឡាញដូចគ្នា។ មិនតែប៉ុណ្ណោះ ប្រព័ន្ធទូទាត់ប្រាក់ទាំងពីរមានភាពងាយស្រួល ដោយអ្នកគ្រាន់តែភ្ជាប់គណនីជាមួយនឹងកាតធនាគារណាមួយរបស់ខ្លួន ដូចជាកាតឥណទាន និងកាតឥណ្ណពន្ធ ក៏អាចប្រើប្រាស់បានទៅហើយ។
ដោយឡែក ក្រៅពីលក្ខណៈដូចគ្នាៗដែលបានរៀបរាប់ខាងលើ PayPal និង Apple Pay ក៏មានលក្ខណៈពិសេសខុសៗគ្នាដូចបង្ហាញក្នុងរូបភាព។
បើតាមការសង្កេតឃើញជាក់ស្ដែង PayPal ត្រូវបានចាត់ទុកថាជាប្រព័ន្ធទូទាត់ប្រាក់នាំមុខក្នុងប្រទេសតូចធំជាច្រើន ដោយវាមានវត្តមានយូរឆ្នាំមកហើយ រួមទាំងមានភាពទូលំទូលាយជាង Apple Pay ផង។ ម៉្យាងទៀត ដោយ Apple Pay មកក្រោយ នៅមិនទាន់អាចប្រើប្រាស់ក្នុងប្រទេសច្រើនទូលំទូលាយ ហើយអាចប្រើបានតែអតិថិជន iOS ប៉ុណ្ណោះទេ នោះវាត្រូវបានគេឲ្យមតិថាវានៅមានកម្រិតនៅឡើយ។
ចុះប្រិយមិត្តអ្នកអានវិញ យល់យ៉ាងណាដែរលើប្រព័ន្ធទូទាត់យក្សទាំងពីរនេះ?
ចុចទីនេះដើម្បីស្វែងយល់បន្ថែម: អត្ថប្រយោជន៍នៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។