ថ្ងៃនេះប្លែកបន្តិច! អេដមីនសូមពាំនាំបទពិសោធន៍មិត្តភក្ដិម្នាក់របស់អេដមីន មកចែករំលែកជាមួយអ្នកទាំងអស់គ្នា។
រាល់ថ្ងៃ សុជាតិ មានគណនីធនាគារដល់ទៅ ៥ ឯណោះ! ចុះប្រិយមិត្តឆ្ងល់ឬអត់ថា ម៉េចបានគាត់មានច្រើនម៉្លេះ?
គាត់បានបកស្រាយថាវាគឺជាវិធីសាស្រ្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់គាត់ ដែលគណនីនីមួយៗសុទ្ធមានគោលដៅប្រើប្រាស់ខុសៗគ្នា ដែលមានដូចខាងក្រោម។
១. គណនីសម្រាប់ចំណាយទូទៅប្រចាំថ្ងៃ
គណនីនេះប្រើសម្រាប់ផ្គត់ផ្គង់ចំណាយទូទៅប្រចាំថ្ងៃ ដូចជាលើម្ហូបអាហារ សម្ភារ:ប្រើប្រាស់តូចតាច និងតម្រូវការប្រចាំថ្ងៃផ្សេងៗ។ គាត់តែងកំណត់ចំនួនចំណាយសរុបជារៀងរាល់ខែ ហើយចាយលើចំណាយទូទៅប្រចាំថ្ងៃតែពីគណនីមួយនេះទេ ដើម្បីចៀសវាងការចាយលើសកំណត់។ ណាមួយ វាផ្ដល់ភាពងាយស្រួលក្នុងការតាមដានចំណាយរបស់គាត់ទៀតផង។ ចំពោះគណនីមួយនេះ គាំត់បានបើកជាប្រភេទគណនីចរន្ត(Current Account)ដែលវាងាយស្រួលក្នុងការដាក់ប្រាក់ និងដកប្រាក់។
២. គណនីសម្រាប់បង់ថ្លៃសេវាប្រចាំខែ
សម្រាប់គណនីនេះ គាត់ទុកដាក់តែថវិកាដែលត្រូវចំណាយមួយប្រចាំខែដូចជា ថ្លៃទឹក ថ្លៃភ្លើង ថ្លៃអ៊ីនធឺណែត និងថ្លៃឈ្នួលផ្ទះ។ ដូច្នេះហើយ គាត់មិនសូវស្មុគស្មាញ ឬភ័យព្រួយថាច្រឡំដកលុយចាំបាច់ទៅចាយវាយលើអ្វីផ្សេងទេ។ ដូចគ្នានឹងគណនីសម្រាប់ចំណាយប្រចាំថ្ងៃដែរ គាត់បានបើកគណនីនេះជាប្រភេទគណនីចរន្ត(Current Account) ព្រោះត្រូវធ្វើប្រតិបត្តិការចេញចូលជាប្រចាំ។
៣. គណនីសម្រាប់ Emergency Fund
Emergency Fund គឺជាកញ្ចប់ថវិកាសម្រាប់ទុកប្រើប្រាស់នៅពេលមានអាសន្ន ឬមានបញ្ហាកើតឡើងភ្លាមៗ ដែលមើលមិនឃើញ។ តួយ៉ាង ដូចជាការព្យាបាលជំងឺ ការជួសជុលផ្ទះសម្បែង និងតម្រូវការមួយចំនួនទៀតដែលមិនបានរំពឹងទុក។ គណនីនេះជាគណនីសំខាន់មួយរបស់សុជាតិ ព្រោះគាត់ត្រូវត្រៀមខ្លួនក្នុងករណីគាត់ប្រឈមនឹងបញ្ហាអាសន្ន។ គាត់បានណែនាំថា ចំពោះកញ្ចប់លុយ Emergency Fund នេះគួរតែមានចំនួនប្រហាក់ប្រហែល ឬយ៉ាងតិចណាស់ក៏អាចផ្គត់ផ្គង់លើចំណាយទូទៅក្នុងរយៈពេល៣ខែ ទៅ៦ខែដែរ។ ម្យ៉ាងទៀត យើងគួរតែបើកគណនីនេះជាគណនីបញ្ញើសន្សំមានកាលកំណត់ ក្នុងរយៈពេលកំណត់ ៣ ទៅ៦ខែ ដ្បិតថាគណនីប្រភេទនេះវាផ្ដល់អត្រាការប្រាក់ច្រើនជាង គណនីសន្សំធម្មតា។
៤. គណនីសម្រាប់ចូលនិវត្តន៍
ដោយគាត់មានគោលដៅចង់ចូលនិវត្តន៍ពេលចាស់ទៅ អ៊ីចឹងហើយ គាត់បានចាប់ផ្ដើមអនុវត្តផែនការហិរញ្ញវត្ថុរបស់គាត់ដោយទុកប្រាក់សន្សំសម្រាប់ចូលនិវត្តន៍ដាច់ដោយឡែក។ សុជាតិបានបន្ថែមថា ដោយគណនីនេះគឺសម្រាប់គោលដៅរយៈពេលវែង ព្រោះនៅយូរឆ្នាំទៀត ដូចនេះ បើអ្នកប្រើគណនីសន្សំសម្រាប់ចូលនិវត្តន៍ គួរតែប្រើគណនីសន្សំមានកាលកំណត់ ឬជ្រើសរើសគណនីណាដែលផ្តល់អត្រាការប្រាក់ខ្ពស់។ អ្នកអាចចាប់ផ្តើមសន្សំបន្តិចម្តងៗ ដោយដកប្រហែល ៥% ទៅ ១០% នៃប្រាក់ចំណូលក៏បាន ហើយចាប់ផ្ដើមកាន់តែឆាប់ កាន់តែល្អ។
៥. កាតឥណទាន
ចុងក្រោយ មិនចំជាគណនីទេ តែគឺជាកាតឥណទាន ដែលសុជាតិប្រើដើម្បីកសាងពិន្ទុឥណទានឲ្យល្អ ហើយដើម្បីងាយស្រួលក្នុងការស្នើសុំកម្ចីផ្សេងៗនៅថ្ងៃក្រោយ។ ដើម្បីធានាថាគាត់មានលទ្ធភាពសងវិញទាន់កាលកំណត់ និងអាចសន្សំពិន្ទុបានល្អប្រាកដ គាត់ប្រើកាតឥណទានសម្រាប់ទូទាត់តែចំណាយតិចតួច ហើយចាយមិនឲ្យលើស៣០%នៃចំនួនកំណត់ទេ។
យើងឃើញថា នេះក៏អាចចាត់ទុកជាវិធីសាស្រ្តគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនល្អមួយដែរ ដ្បិតថាយើងមានគណនីសម្រាប់ប្រភេទចំណាយផ្សេងគ្នា មិនឡូកឡំគ្នា និងមានភាពច្បាស់លាស់ក្នុងការពិនិត្យ តាមដាន បែងចែកចំណាយចំណូល និងរៀបគម្រោងផ្ទាល់ខ្លួនផង។
ចុះប្រិយមិត្តកាក់សេនវិញ យល់យ៉ាងណាដែរលើវិធីគ្រប់គ្រប់លុយរបស់សុជាតិមួយនេះ?
ចុចទីនេះដេីម្បី យល់ពី វិធីបង្កើត Emergency Fund
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។