កំពុងធ្វើការសុខៗ គ្មាននរណាចង់ត្រូវគេបញ្ឈប់ពីការងារនោះទេ ព្រោះយើងត្រូវបាត់បង់ការងារ តួនាទី មុខតំណែង ជាពិសេសគឺប្រឈមបាត់បងប្រាក់ចំណូលចិញ្ចឹមជីវិត។ ប៉ុន្តែដូចពាក្យចាស់បានពោលថា “ការពារប្រសើរជាងព្យាបាល”។ បើសិនជាយើងបានត្រៀមចំណុចមួយចំនួននេះទុកមុន ទោះបីត្រូវគេបញ្ឈប់ពីការងារភ្លាមៗ នោះយើងនឹងមិនសូវបារម្ភ និងពិបាកក្នុងការប្រឈមមុខជាមួយបញ្ហាមួយនេះទេ។ 😉
អ៊ីចឹង យើងទៅមើលទាំងអ្នកគ្នាថាតើយើងគួរត្រៀមទុកនូវចំណុចអ្វីខ្លះ?
ត្រៀម Emergency Fund
កំឡុងពេលកំពុងធ្វើការ យើងអាចត្រៀមប្រាក់សន្សំសម្រាប់ពេលអាសន្ន ឬពេលមានបញ្ហាភា្លមៗដែលយើងមិនអាចដឹងមុន។ យើងគួរដាក់ប្រាក់សន្សំប្រហាក់ប្រហែល ឬអាចផ្គត់ផ្គង់លើការចំណាយទូទៅក្នុងរយៈពេល៣ខែ ទៅ៦ខែ។ ដូច្នេះ យើងអាចមានពេលគ្រប់គ្រាន់ក្នុងការស្វែងរកការងារថ្មី និងអាចយកប្រាក់ទាំងនោះមកប្រើប្រាស់ដោះទ័លមួយពេលសិន។
សន្សំចំណេះដឹង សមត្ថភាព និងបទពិសោធន៍
មិនថាកន្លែងការងារណាទេ សុទ្ធតែត្រូវការបុគ្គលិកដែលមានសមត្ថភាព និងចំណេះដឹងខ្ពស់មកធ្វើការ។ ហេតុនេះហើយ បើយើងបានសន្សំចំណេះដឹង បទពិសោធន៍ការងារឱ្យបានច្រើន ទោះបីត្រូវគេបញ្ឈប់ពីការងារភ្លាមៗ យើងនៅតែអាចយកជំនាញនិងចំណេះដឹងទាំងប៉ុន្មានទៅប្រើប្រាស់នៅកន្លែងការងារថ្មី។ បន្ថែមពីនេះ យើងក៏គួរហ្វឹកហាត់លើជំនាញទន់បន្ថែមទៀតដើម្បីជាប្រយោជន៍ក្នុងការស្វែងរកការងារថ្មីដូចជា ជំនាញទំនាក់ទំនង ឬជំនាញដោះស្រាយបញ្ហាជាដើម។
បង្កើនបណ្ដាញទំនាក់ទំនង
បណ្តាញទំនាក់ទំនងមានសារៈសំខាន់មិនគួរឱ្យជឿក្នុងអំឡុងពេលស្វែងរកការងារថ្មី។ ពួកគាត់អាចណែនាំយើងពីកន្លែងការងារថ្មីៗ ឬផ្ដល់ព័ត៌មានផ្សេងៗទាក់ទងនឹងការងារ ក៏ដូចជាណែនាំ និងនិយាយពីលក្ខណៈល្អៗរបស់យើងទៅកាន់ក្រុមហ៊ុនឬកន្លែងការងារថ្មីទាំងនោះ។
រៀបចំនិង update ប្រវត្តិរូបសង្ខេប (CV)
ការកែតម្រូវចំណុចខ្វះខាត ឬបន្ថែមលក្ខណៈថ្មីៗរបស់ខ្លួនក្នុង CV ដូចជាបទពិសោធន៍ការងារ ជំនាញ និងទេពកោសល្យថ្មីៗដែលយើងមាន អាចជាជំនួយនៅពេលដែលត្រូវគេបញ្ឈប់ពីការងារ ដោយយើងបានត្រៀមខ្លួនរួចរាល់ក្នុងការដាក់ពាក្យការងារថ្មីភ្លាមៗ។
រៀនត្រៀមចិត្តសម្រាប់ការណ៍មិនបានរំពឹងទុក
ការត្រៀមចិត្តទុកជាមុន នឹងសម្រួលដល់អ្នក កាលណាបើយើងត្រូវបានបញ្ឈប់ពីការងារមែន យើងមិនសូវពិបាកចិត្ត ឬពិបាកសម្របខ្លួនតាមស្ថានការ។ ផ្ទុយទៅវិញ បើសិនជាយើងមិនបានត្រៀមចិត្តទុកទេ ហើយត្រូវបានគេបញ្ឈប់ពីការងារមួយរំពេច នោះអ្នកអាចនឹងមានអារម្មណ៍ថាពិបាកទទួលយក ដ្បិតថាវាដូចជាឆាប់រហ័សពេក។
ដូច្នេះ ការត្រៀមខ្លួនទុកជាមុនពិតជាមានប្រយោជន៍ ដើម្បីសម្រួលផលពិបាកប្រសិនបើត្រូវបានគេបញ្ឈប់ពីការងារដោយមិនបានព្រាងទុកមុន៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។