ធ្លាប់តែឮគេប្រើពាក្យ “Procrastination” ដើម្បីសំដៅដល់ការពន្យារពេល ធ្វើកិច្ចការសាលា ឬការងារនានា ប៉ុន្តែមានដឹងទេថា ការ Procrastinate លើហិរញ្ញវត្ថុ ក៏ជាបញ្ហាដែលមិនគួរមើលរំលងដែរ។
តើអ្នកយល់ដឹងពី Procrastination លើហិរញ្ញវត្ថុដល់កម្រិតណា? ការ Procrastinate នេះមានសញ្ញា និងបង្កជាបញ្ហាបែបណាខ្លះ? ហើយធ្វើយ៉ាងណាទើបយើងអាចយកឈ្នះបញ្ហានេះបាន?
និយមន័យ
Procrastination ជាការដែលយើងពន្យារពេលបំពេញភារកិច្ចណាមួយ រហូតជិតដល់ពេលឬ ហួសថ្ងៃកំណត់។
អ្នកខ្លះយកពេលវេលានោះ ទៅធ្វើអ្វីផ្សេងដែលមិនទាក់ទងនឹងភារកិច្ចរបស់គេ ទាំងដែលគេអាចសម្រេចវាបានក្នុងអំឡុងពេលនោះ។ (បើនិយាយឱ្យស្រួលស្ដាប់ទៅ ទោះបីពេលក៏មិនធ្វើកិច្ចការឱ្យហើយដែរ នៅចាំទាល់ជិតដល់ថ្ងៃបានស្ទុះស្ទាតាមក្រោយ)។
សញ្ញាបង្ហាញថាអ្នកកំពុងProcrastination
Procrastination រយៈពេលខ្លី៖ ជាការពន្យារពេលធ្វីកិច្ចការណាមួយដែលមានថ្ងៃកំណត់ជាក់លាក់។ ប្រសិនបើអ្នកមិនអាចដែលបំពេញភារកិច្ចនោះមុនកាលកំណត់ អ្នកអាចប្រឈមនឹងការពិន័យផ្សេងៗដែលមានរូបរាងជាសាច់ប្រាក់ជាដើម។
ឧទាហរណ៍នៃការ Procrastinate រយៈពេលខ្លី៖
• បង់ថ្លៃរម្លស់អចលនទ្រព្យ និងចលនទ្រព្យយឺតយ៉ាវ
• បង់ថ្លៃទឹក ភ្លើង សាលា ផ្ទះជួល ពន្ធដារ ឬសេវាកម្មផ្សេងៗមិនទាន់ពេលវេលា
• មិនបានសងលុយ ឬទារលុយគេជំពាក់
Procrastination រយៈពេលវែង៖ ជាការពន្យារពេលធ្វើអ្វីមួយដែលមិនមានពេលកំណត់។ វាអាចធ្វើឲ្យអ្នកខាតបង់ពេលវេលា និងឱកាសរកលុយឬសន្សំលុយ។
ឧទាហរណ៍នៃការ Procrastinate រយៈពេលវែង៖
• ពន្យារការកត់ត្រាចំណូល-ចំណាយ ពីមួយថ្ងៃទៅមួយថ្ងៃ
• មិនមានគម្រោងសន្សំសម្រាប់ថ្ងៃអនាគត ដូចជាលុយចូលនិវត្តន៍ ឬប្រាក់បម្រុងសម្រាប់គ្រាអាសន្ន
• ពន្យារពេលវិនិយោគ ឬ ផែនការហិរញ្ញវត្ថុនានា
ហេតុអ្វីបានជាយើងProcrastinate?
ភាគច្រើនយើងProcrastinate ដោយសារយើងចាំដល់កំឡុងពេលណាមួយដែលយើងមានកម្លាំងកាយ និងកម្លាំងចិត្តដើម្បីបំពេញភារកិច្ចនោះ ជាពិសេសចាំទាល់តែជិតដល់ពេលកំណត់។
ពេលខ្លះក៏ដោយសារ៖
• ស្មុគស្មាញ មិនដឹងថាគួរចាប់ផ្ដើមពីណា ហើយគួរធ្វើអ្វីខ្លះ ដូចជាបើចង់បើកគណនីសន្សំ មិនដឹងថាបើកនៅធនាគារណា ឬចាប់ផ្តើមត្រូវមានឯកសារអ្វីខ្លះ
• គិតថានៅមានពេលវេលា អាចធ្វើនៅថ្ងៃស្អែកបាន ដូចជាពេលចង់សន្សំចូលនិវត្តន៍ គិតថាចាំជិតចាស់ទៅចាំសន្សំ ឬចាំដល់អាយុនេះចាំចាប់ផ្តើមគិតគូរពីអនាគត
• មិនសូវយល់ច្បាស់ពីផលប៉ះពាល់ពេលដែលមិនបានធ្វើឱ្យទាន់ពេលវេលា ដូចជាត្រូវគេពិន័យលុយ ខកខានការងារ និងពេលវេលាអ្នកដទៃជាដើម។
Procrastination មានផលប៉ះពាល់យ៉ាងណា
• ដំណើរជីវិតមិនស្របតាមបំណងប្រាថ្នា និងមិនងាយសម្រេចបានឯករាជ្យភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន
• វិបត្តិហិរញ្ញវត្ថុរយៈពេលយូរអាចឈានដល់ការបាក់ទឹកចិត្ត
• អាចសម្រេចចិត្តខុសទាំងប្រញាប់ប្រញាល់ និងមិនបានគិតគូទុកមុនឱ្យបានដិតដល់
• ខាតបង់ប្រាក់ចំណេញដោយសារទុកចោលមិនបានដាក់វិនិយោគ ឬសន្សំឱ្យបានត្រឹមត្រូវ
• ខកខានឱកាសរស់នៅបានស្រួលក្រោយចូលនិវត្តន៍
• អារម្មណ៍សោកស្ដាយដែលមិនបានរៀបចំផែនការហិរញ្ញវត្ថុបានល្អ។
អនុវត្តក្បួន ២នាទីដើម្បីយកឈ្នះភាព Procrastination
សម្រាប់អ្នកដែលមានបញ្ហា Procrastination អ្នកអាចអនុវត្តក្បួន ២នាទីដើម្បីយកឈ្នះភាព Procrastination នេះ។ ប្រសិនបើកិច្ចការនោះអាចធ្វើទៅបានក្នុងរយៈពេល២នាទី អ្នកគួរធ្វើភ្លាមៗ ហើយរំលឹកខ្លួនឯងថា ធ្វើតែ២នាទី លែងបារម្ភពីវាហើយ។ ប្រសិនបើកិច្ចការនោះទាមទារពេលលើសពី២នាទី អ្នកអាចចាប់ផ្ដើមធ្វើវាត្រឹម២នាទីសិន។ បើមិនចង់ធ្វើបន្តក៏អាចឈប់ត្រឹមពេល២នាទីនោះ បើចង់ធ្វើកិច្ចការនោះបន្តក៏បានដែរ។ ការធ្វើបែបនេះ មានប្រសិទ្ធភាពព្រោះ ការចាប់ផ្ដើមជាផ្នែកមួយដែលពិបាកបំផុត រាល់ពេលធ្វើកិច្ចការណាមួយ។
ឧទាហរណ៍៖ អ្នកអាចកែផែនការពី «វិនិយោគលើភាគហ៊ុន» មក «យកពេល២នាទី ដើម្បីស្វែងយល់ថា ការវិនិយោគលើភាគហ៊ុនមានគុណសម្បត្តិអ្វីខ្លះ?»
សារលើកទឹកចិត្តសម្រាប់អ្នកអាន៖
នរណាក៏ដោយក៏មានពេលមួយដែលខ្លួនមានសម្ពាធ និងខ្វះកម្លាំងចិត្តបំពេញភារកិច្ចរបស់ខ្លួនដែរ។ ក៏ប៉ុន្តែ Procrastination បន្តិចបន្តួចមិនសូវមានបញ្ហាទេ គឺកំុឲ្យតែធ្វើឲ្យវាក្លាយជាទម្លាប់ទៅបានហើយ។ យើងក៏គួរតែចេះលើកលែង និងខំប្រឹងលើកទឹកចិត្តខ្លួនឯងដែរ ព្រោះគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ។
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។