គេថាឲ្យតែចុងខែ ម្ហូបពិសេស មីកំប៉ុង ត្រីខ ដឹងតែមានវត្តមាន មិនអ៊ីចឹងទេ ឆាតរកអ្នកផ្ទះ ឬមិត្តភក្ដិ ខ្ចីលុយដោះទ័លមួយរយៈទម្រាំដើមខែបើកលុយ។ ដើម្បីបង្ការហេតុការណ៍នេះ គួរតែដាក់វិន័យចាយវាយម្ដងហើយ ទើបបាន!
តោះមកដឹងពី ៣ ល្បិចដើម្បីសល់លុយចុងខែជាមួយកាក់សេនទាំងអស់គ្នា!
ច្បាប់៣០ថ្ងៃ
ច្បាប់៣០ថ្ងៃនេះ កុំច្រឡំថា ដាក់ច្បាប់ការងារ៣០ថ្ងៃណា ។ ច្បាប់នេះបានន័យថាបើសិនអ្នកឃើញទំនិញដែលចង់បាន ត្រូវរង់ចាំ៣០ថ្ងៃសិន ជំនួសឲ្យការទិញភ្លាមៗ។ បន្ទាប់ពី៣០ថ្ងៃហើយ អ្នកអាចទិញបាន បើអ្នកនៅតែចង់បានទំនិញនោះ ប៉ុន្តែបើអ្នកភ្លេច ឬមានអារម្មណ៍ថាលែងចង់បាន នោះអ្នកប្រាកដជាសល់លុយ ព្រោះការរង់ចាំកាន់តែយូរ អារម្មណ៍ចង់បានអាចនឹងថមថយតាមនោះ។
ច្បាប់៣០ថ្ងៃនេះ នឹងបង្រៀនយើងឱ្យចេះអត់ធ្មត់ និងចេះគិតគូរ មុនសម្រេចចិត្តចំណាយលើតម្រូវការមិនចាំបាច់ណាមួយ។
ការប្ដេជ្ញាមិនចំណាយ
ការប្ដេជ្ញាមិនចំណាយ ឬ No-spend challenge សំដៅដល់ការជម្នះចិត្តថានឹងមិនចំណាយបន្ថែម លើសពីការកំណត់ទុក ក្នុងរយៈពេលជាក់លាក់មួយ អាចមួយអាទិត្យ មួយខែ ឬចុងសប្ដាហ៍ជាដើម។ ការប្ដេជ្ញាមិនចំណាយ មិនមែនបានន័យថាអ្នកមិនចាយវាយសោះនោះឡើយ តែចាយទៅចំណាយចាំបាច់ដូចជាថ្លៃភ្លើង អាហារ សាំង។ល។ ចំណែកអ្វីដែលគួរមិនចំណាយលើដូចជា ការញ៉ាំក្រៅ ខោអាវថ្មីផ្សេងៗ។
អត្ថប្រយោជន៍នៃ No-spend challenge នឹងទប់ស្កាត់ការនឹកឃើញភ្លាម ទិញភ្លាម ហើយលុយដែលមិនចំណាយនោះ អាចយកទៅវិនិយោគ ឬសន្សំ។ល។
វិធីសាស្ត្រ ៥០/៣០/២០
វិធីសាស្ត្រ ៥០/៣០/២០ ជារូបមន្ដគ្រប់គ្រងប្រាក់ដើម្បីសម្រេចផែនការហិរញ្ញវត្ថុដែលក្នុងនោះ
- ចែក៥០%នៃចំណូលលើការចំណាយចាំបាច់ (Needs) សម្រាប់ជីវភាពប្រចាំថ្ងៃដូចជា ម្ហូបអាហារ ថ្លៃទឹក-ភ្លើង សេវាអ៉ីនធឺណែត។ល។
- ចំណែក៣០%ទៀតសម្រាប់ចំណង់ (wants) ផ្សេងៗដូចជា សម្លៀកបំពាក់ ឬការជួបជុំផ្សេងៗ។
- រីឯ២០%នៅសល់ អ្នកអាចយកទៅវិនិយោគ សន្សំទុកជាប្រាក់បម្រុងអាសន្ន (Emergency Fund) ឬសម្រាប់ដោះស្រាយបំណុល ឬប្រើប្រាស់ក្នុងការធ្វើផែនការអ្វីមួយ។
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន