ពាក្យចាស់ពោលថា “ធ្វើបុណ្យទាន់ខែភ្លឺ”។
ពីតូចដល់ធំ មានប៉ុន្មានដង ដែលអ្នកធ្លាប់និយាយពាក្យថា “អរគុណម៉ែ និងពុកដែលតែងតែស្រលាញ់ និងលះបង់ដើម្បីកូនៗ” ឬក៏ធ្វើអ្វីផ្សេងទៀតដើម្បីតបស្នងដល់អ្នកមានគុណរបស់ខ្លួន? យើងច្រើនគិតថា ពេលខ្លួនមានការងារធ្វើ មានប្រាក់ចំណូលផ្ទាល់ខ្លួនហើយ គ្រាន់តែជូនលុយឲ្យអ្នកមានគុណគឺរួចរាល់។ ការពិតទៅ មិនចាំទាល់តែមានលុយជូនអ្នកមានគុណ ទើបចាត់ទុកជាកូនកតញ្ញូនោះទេ។ ដើម្បីបានឈ្មោះជាកូន ដែលមានកតញ្ញូកតវេទិតាធម៌ នោះ ខាងក្រោមនេះជាទង្វើដែលគួរប្រណិប័តន៍៖
១. គោរព និងឲ្យតម្លៃពួកគាត់
ឪពុកម្ដាយណាក៏ចង់ឲ្យកូនៗល្អ ទើបពួកគាត់ប្រៀនប្រដៅកូនចៅប្រព្រឹត្ដតែអំពើល្អ ប្រកាន់ខ្ជាប់នូវអត្តចរិត និងអាកប្បកិរិយាប្រពៃ។ ដូចនេះ ក្នុងនាមជាកូន យើងគួរប្រតិបត្តិនូវឱវាទអប់រំរបស់ឪពុកម្ដាយ ដោយការគោរព មិនក្រអឺតក្រទម ច្រឡើសបើស ឬសម្តីតូចធំដាក់ពួកគាត់។ ទោះបរិបទសព្វថ្ងៃអាចខុសគ្នាពីជំនាន់ពួកគាត់ យើងគួរតែគោរពឲ្យតម្លៃលើគំនិតពួកគាត់ ព្យាយាមយល់ពីពួកគាត់ ជាជាងតមាត់ចចេសរឹងរូស។
២. ចំណាយពេលវេលាឲ្យបានច្រើនជាមួយពួកគាត់
នៅពេលធំដឹងក្ដី ចម្រើនវ័យ យើងតែងតែរវល់នឹងការងារ មិត្តភក្តិ ឬជាមួយគ្រួសាររបស់ខ្លួនជាដើម រហូតដល់ ពេលខ្លះមិនទាំងមានពេលវេលាជាមួយឳពុកម្តាយ លោកតាលោកយាយ ពូមីងផង។ យើងក៏ប្រហែលជាភ្លេចថាពួកគាត់ក៏កាន់តែចាស់ទៅៗ។ រវល់យ៉ាងណា ក៏ពុំគួរភ្លេចចំណាយពេលវេលាជាមួយពួកគាត់ដែរ ដូចជាការឆ្លៀតពេលចុងសប្ដាហ៍ ឬសម្រាកពីការងារ ជូនគាត់ទៅពិសាអាហារឆ្ងាញ់ៗ ដើរលំហែកម្សាន្តក្នុង ឬក្រៅប្រទេសជាដើម។
៣. ផ្តល់សេចក្តីសុខផ្លូវកាយ និងផ្លូវចិត្ត
សេចក្តីសុខផ្លូវកាយ និងផ្លូវចិត្តនឹងនាំឲ្យយើងម្នាក់ៗរឹងមាំ និងមានសុខភាពល្អ។ ចំពោះសុខភាពផ្លូវកាយ ព្រះរស់ ជីដូនជីតាគួរតែបរិបូរណ៍ដោយគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ទីលំនៅសមរម្យ និងថ្នាំសង្កូវផ្សេងៗ ដែលបុត្រាបុត្រីត្រូវផ្គត់ផ្គង់ឱ្យបានសព្វគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវជូនពួកគាត់ទៅពិនិត្យសុខភាពទៀងទាត់ផងដែរ។ ចំណែកសុខភាពផ្លូវចិត្តគឺធ្វើឲ្យគាត់សប្បាយចិត្ត ដោយលើកទឹកចិត្តពួកគាត់ ខិតខំសិក្សារៀនសូត្រ ប្រកបការងារសុចរិត ដើរក្នុងគន្លងធម៌ លើកកិត្តិយសគ្រួសារដោយធ្វើជាពលរដ្ឋល្អត្រឹមត្រូវ និងជៀសឆ្ងាយពីអំពើអបាយមុខផងទាំងពួង។ល។
ក្រៅតែពីការផ្គត់ផ្គង់ហិរញ្ញវត្ថុពីកូ ឪពុកម្តាយពិតជាចង់ទទួលបាននូវការគោរពស្រលាញ់ និងយកចិត្តទុកដាក់ពីកូនរាល់គ្នា ដូចអ្វីដែលគាត់បានលះបង់កម្លាំងញើសឈាមកន្លងមក។ ពេលវេលាមិនរង់ចាំយើងទេ ទាន់នៅមានឱកាសបានតបស្នងគុណត្រឡប់ទៅពួកគាត់ កុំចាំថ្ងៃនេះ ថ្ងៃនោះ ជៀសវាងមានវិប្បដិសារីនៅពេលក្រោយណ៎ា ជាក់ស្តែងដូចក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះឯង ព្រោះពួកគាត់នឹងកាន់តែរីករាយ នៅពេលដែលឃើញកូនចៅមកជួបជុំគ្នា និងជូនគាត់ទៅធ្វើបុណ្យដាក់ទានជាដើម។
© 2022 – 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន