កាលពីអត្ថបទមុន យេីងបានបកស្រាយពីប្រវិត្តិ និងដេីមចមនៃដុល្លាររូបនីយកម្មនៅកម្ពុជារួចមកហើយ។ ថ្ងៃនេះ យើងនឹងងាកមកមើលពីគុណសម្បត្តិ និងគុណវិបត្តិនៃដុល្លាររូបនីយកម្មវិញម្ដង កាលពេលដែលដុល្លាររូបនីយកម្មចាប់ផ្តេីមកេីតមាននៅប្រទេសកម្ពុជា។
•គុណសម្បត្តិរបស់ដុល្លាររូបនីយកម្ម:
ក. ធ្វើឲ្យសាធារណជនផ្លាស់ប្ដូរពីការប្រើប្រាស់មាស មកប្រើក្រដាសប្រាក់វិញ ហើយក៏បានជំរុញឲ្យមានការសន្សំ ជាពិសេសប្រជាជនក្នុងវណ្ណៈកណ្ដាល(middle class)។
ខ. ជួយសម្រួលដល់ដំណើរការធ្វើសមាហរណកម្មពាណិជ្ជកម្ម(business integration)ក្នុងសេដ្ឋកិច្ចអន្តរជាតិ ដោយសារការប្រេីប្រាស់លុយដុល្លារធ្វើឲ្យមានភាពងាយស្រួលក្នុងការវិនិយោគជាមួយបរទេស។
គ. ជំរុញអោយមានសក្តានុពលលេីសេវាកម្មហិរញ្ញវត្ថុដូចជា សេវាកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយកាលនោះ ប្រាក់កម្ចីពីធនាគារពាណិជ្ជកម្មផ្សេងៗត្រូវបានផ្តល់អោយជាលុយដុល្លារ។
ឃ. បានកាត់បន្ថយហានិភ័យនៃការធ្លាក់ថ្លៃរបស់រូបិយប័ណ្ណ និងជួយការពារប្រទេសកម្ពុជាមួយផ្នែកពីវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ 1997-2000 ព្រមទាំងបានរក្សាទំនុកចិត្តវិនិយោគិនដែលមកវិនិយោគក្នុងទីផ្សារកម្ពុជា។
ង. កាត់បន្ថយថ្លៃដើមប្រតិបត្តិការ (ថ្លៃប្តូររូបិយប័ណ្ណ)។
អនុញ្ញាតឱ្យមានការរីកចម្រើននៅក្នុងឧស្សាហកម្មកាត់ដេរ ដ្បិតលុយវិនិយោគផ្នែកឧស្សាហកម្មកាត់ដេរ គឺជាលុយដុល្លារ។
• គុណវិបត្តិរបស់ដុល្លាររូបនីយកម្ម:
ក. ទំហំនៃដុល្លាររូបនីយកម្មនាពេលនោះ ធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តគោលនយោបាយរូបិយវត្ថុ(monetary policy)អោយមានប្រសិទ្ធភាព និងហួសពីការគ្រប់គ្រងរបស់ធនាគារជាតិ ហើយក្នុងនាមជាអ្នកផ្ដល់កម្ចីចុងក្រោយ(lender of last resort) ក៏បានប្រឈមនឹងបញ្ហាសាច់ប្រាក់យ៉ាងខ្លាំង។
ខ. ការប្រេីប្រាស់លុយដុល្លារច្រេីន ធ្វេីអោយរូបិយប័ណ្ណជាតិធ្លាក់តម្លៃ ហេីយបាត់បង់ភាពជានិមិត្តរូបនៃអធិបតេយ្យភាព និងជាតិសាសន៍។
គ. ធនាគារជាតិទទួលបានចំណូលពីការបោះពុម្ពសាច់ប្រាក់នៅពេលប្រាក់នោះចរាចរណ៍ក្នុងទីផ្សារសេដ្ឋកិច្ច។ តែដោយសារការប្រេីប្រាស់លុយដុល្លារច្រេីនក្នុងទីផ្សារ ធនាគារជាតិបាត់បង់ប្រាក់ចំណូលប្រចាំឆ្នាំ ប្រមាណចន្លោះពី 20 ទៅ 90 លានដុល្លារក្នុងមួយឆ្នាំ។ រីរដ្ឋាភិបាលសហរដ្ឋអាមេរិកទទួលបានអត្ថប្រយោជន៍ពីប្រទេសកម្ពុជាចាប់តាំងពីប្រាក់ដុល្លារត្រូវបានប្រើប្រាស់ដោយប្រជាជនកម្ពុជា។