តាមច្បាប់ការងារ និយោជិតធ្វើការពេញម៉ោង (full-time workers) មិនត្រូវធ្វើការលើសរយៈពេល 8ម៉ោងក្នុង 1ថ្ងៃ ឬ 48ម៉ោងក្នុង 1សប្ដាហ៍ទេ។ ប៉ុន្តែក្នុងករណីមានកិច្ចការងារប្រញាប់ខុសធម្មតាណាមួយ បុគ្គលិកអាចត្រូវធ្វើការថែមម៉ោង។
ការងារថែមម៉ោង ត្រូវបានគេចែកចេញជា 4ប្រភេទ ហើយបើតាមច្បាប់ការងារ បុគ្គលិកធ្វើការថែមម៉ោងនឹងទទួលបានប្រាក់ឈ្នួលបន្ថែមអាស្រ័យតាម៖
1. ការថែមម៉ោងលើម៉ោងធម្មតា
បុគ្គលិកអាចធ្វើការលើម៉ោងធម្មតាយ៉ាងច្រើន 2ម៉ោង ក្នុង1ថ្ងៃ ហើយមានសិទ្ធិទទួលបានប្រាក់ឈ្នួលតាមអត្រា 150% នៃប្រាក់គោលក្នុង1ម៉ោង។
2. ការថែមម៉ោងវេនយប់
បុគ្គលិកដែលថែមម៉ោងវេនយប់ នឹងទទួលប្រាក់ឈ្នួលតាមអត្រា 200% នៃប្រាក់គោលក្នុង 1ម៉ោង។
* វេនយប់រាប់ពីចន្លោះម៉ោង 10យប់ ដល់ម៉ោង 5ភ្លឺ។
3. ការថែមម៉ោងនៅថ្ងៃសំរាកប្រចាំសប្ដាហ៍
បុគ្គលិកដែលធ្វើការថែមម៉ោងនៅថ្ងៃ ឈប់សំរាកប្រចាំសប្ដាហ៍ (ដែលថ្ងៃឈប់សម្រាកអាចខុសគ្នាតាមការកំណត់របស់ក្រុមហ៊ុន) នឹងទទួលបានប្រាក់ឈ្នួល តាមអត្រា 200% នៃប្រាក់គោលក្នុង1ម៉ោង។
4. ការថែមម៉ោងនៅថ្ងៃបុណ្យ
បុគ្គលិកនឹងទទួលបានប្រាក់ឈ្នួលតាមអត្រា 200% នៃប្រាក់គោលក្នុង1ម៉ោងដូចការថែមម៉ោងនៅថ្ងៃសម្រាកប្រចាំសប្ដាហ៍ដែរ។
ឧទាហរណ៍ថា ប្រាក់ខែគោលរបស់អ្នកគឺ $600 ក្នុង1ខែ នោះបានន័យថាអ្នកទទួលបានប្រាក់ឈ្នួល $20 ក្នុង 1ថ្ងៃ ឬ $2.5 ក្នុង 1ម៉ោង។ បើអ្នកធ្វើការថែម 8ម៉ោង ក្នុង1ខែ នោះប្រាក់ឈ្នួលសម្រាប់ការថែមម៉ោងរបស់អ្នកគឺ៖
ក. ថែមម៉ោងធម្មតា: $2.5 x 150% x 8ម៉ោង = $30
ខ. ថែមម៉ោងនៅវេនយប់: $2.5 x 200% x 8ម៉ោង = $40
គ. ថែមម៉ោងនៅថ្ងៃសម្រាកប្រចាំសប្ដាហ៍: $2.5 x 200% x 8ម៉ោង = $40
ឃ. ថែមម៉ោងនៅថ្ងៃបុណ្យ: $2.5 x 200% x 8ម៉ោង = $40
យ៉ាងណាមិញ ការធ្វើការថែមម៉ោងមិនត្រូវឲ្យនិយោជិតធ្វើរាល់ថ្ងៃឡើយ លុះត្រាតែពេលមានការងារប្រញាប់ណាមួយដែលមិនអាចពន្យារពេលបាន ហើយបើគិតទាំងម៉ោងធ្វើការបន្ថែមអប្បបរមាប្រចាំថ្ងៃ និយោជិតមិនអាចធ្វើការលើសពី10ម៉ោងក្នុង1ថ្ងៃនោះទេ៕
ព័ត៌មានដកស្រង់ចេញពី៖ ច្បាប់ការងារ