ការទុកដាក់លុយនៅជាប់ខ្លួន រឺនៅផ្ទះអាចមានបញ្ហាប្រឈមមួយចំនួនដូចជាការបាត់បង់ប្រាក់តាមរយៈការលួច ឆក់ ប្លន់ ហើយវាអាចបាត់បង់ជារៀងរហូត និងបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ យ៉ាងណាមិញ ធនាគារអាចចាត់ទុកបានថាជាកន្លែងមានសុវត្ថិភាពមួយ ដែលទទួលបានការទុកចិត្តពីសំណាក់ប្រជាជន ក្នុងការទុកដាក់លុយកាក់ ហេីយថែមទាំងទទួលបានអត្ថប្រយោជន៍នានាទៀតផង។ ដូច្នេះ តើយើងគួរទុកលុយទាំងអស់នៅធនាគារដែររឺទេ?
អត្ថប្រយោជន៍នៃការទុកលុយនៅធនាគារ
១. សុវត្ថិភាពក្នុងការដាក់ប្រាក់និងគ្រប់គ្រងសាច់ប្រាក់
តួយ៉ាង មានការព្រួយបារម្ភជាច្រើនបានចោទឡើង ទាក់ទងនឹងសុវត្ថិភាពក្នុងការដាក់ប្រាក់នៅធនាគារ ពេលមានវិបត្តិពិភពលោក កូវីដ១៩។ ដោយសារសេដ្ឋកិច្ចពិភពលោកទទួលការប៉ះទង្គិចពី វិបត្តិកូវីដ នាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចធនាគារក្ស័យធន ឬ កើតមានចលាចលណាមួួយក្នុងសង្គម ដែលអាចជាហេតុនាំឲ្យប្រជាពលរដ្ឋសម្រុកទៅដកលុយពីធនាគារមកដាក់នៅផ្ទះវិញ ឬមិនហ៊ានតម្កល់លុយទុកក្នុងធនាគារទៅវិញ ។
តាមពិតទៅ ការទុកដាក់ប្រាក់នៅធនាគារមានសុវត្ថិភាពជាងការទុកដាក់ប្រាក់នៅជាខ្លួន ឬនៅផ្ទះចោល ព្រោះធនាគារនីមួយៗមានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងការរៀបចំត្រឹមត្រូវ ដូចជាផែនការហិរញ្ញវត្ថុរបស់ធនាគារ ប្រាក់តម្កល់នៅធនាគារជាតិ កិច្ចសន្យា ជាពិសេសគឺអាជ្ញាប័ណ្ណនិងគោលការណ៍ច្បាស់លាស់។ ម្យ៉ាងទៀត ចាប់តាំងពីមានវិបត្តិកូវីដ ១៩ ក្នុងប្រទេសកម្ពុជាមក មិនទាន់មានធនាគារណាមួយជួបបញ្ហាឈានដល់ការប្រកាសបិទទ្វារនៅឡើយទេ។
២. ដាក់តម្កល់ធ្វើជាទ្រព្យសម្រាប់ចំណាយនៅពេលអាសន្ន
លើសពីនេះទៅទៀត អ្នកអាចសន្សំលុយរបស់អ្នកនៅធនាគារ ដើម្បីបម្រុងសម្រាប់បញ្ហាអាសន្ននៅពេលខាងមុខដែលយើងមើលមិនឃើញ ដូចជាបញ្ហាសុខភាព ពេលអត់ការងារធ្វើ គ្រោះថា្នក់ចៃដន្យ ថ្លៃជួសជុលសម្ភារផ្សេងៗ ជាដើម ដែលវាអាចធ្វើអោយយើងមានអារម្មណ៍សុវត្ថិភាពផ្នែកហិរញ្ញវត្ថុផង។
៣. ទទួលបានការប្រាក់
អ្នកក៏អាចទទួលបានប្រាក់ចំណេញជាមួយនឹងការប្រាក់ដែលទទួលបានពីការដាក់ប្រាក់នៅធនាគារថែមទៀតផង។ ដូចកាក់សេនធ្លាប់ប្រាប់ពីរឿងការប្រាក់លើប្រាក់បញ្ញើនៅធនាគាររួចមកហើយ ការផ្ញើលុយទុកនៅធនាគារមានច្រើនជម្រើស ច្រើនប្រភេទ ទៅតាមធនាគារផ្សេងៗគ្នា រីអត្រាការប្រាក់ក៏ខុសគ្នាដែរ។ ហេតុនេះអ្នកអាចសិក្សាជាមុនសិនទៅលើធនាគារផ្សេងៗគ្នា ប្រភេទគណនីបញ្ញើសន្សំ និងអត្រាការប្រាក់ មុននឹងសម្រេចបង្កើតគណនីដាក់សាច់ប្រាក់។ ដូចបានលើកឡើងអញ្ចឹងថាធនាគារនីមួយៗមានលក្ខខណ្ឌក្នុងការផ្ញើប្រាក់ ការគិតអត្រាការប្រាក់ដែលអាចអាស្រ័យលើរយៈពេលសន្សំ និងអត្ថប្រយោជន៍ផ្សេងៗពីគ្នា។
៤. មានភាពងាយស្រួល និងសុវត្ថិភាពក្នុងការចាយវាយ
មិនតែប៉ុណ្ណោះ វាកាន់តែងាយស្រួលពេលយើងចង់ចាយវាយក្នុងការទិញទំនិញ រឺបង់កម្រៃផ្សេងៗដោយគ្រាន់តែប្រើប្រាស់កាតធនាគារ រឺទូទាត់លុយតាមប្រព័ន្ធឌីជីថលដូចជាmobile appក៏បាន។ ម្យ៉ាងទៀត ប្រសិនបើកាតធនាគារនោះមានភ្ជាប់ជាមួយនឹង Visa Card រឺ Master Card រឺ Western Union ផងនោះ អ្នកក៏អាចទិញទំនិញonlineពីក្រៅប្រទេសយ៉ាងងាយស្រួល ដោយទូទាត់ប្រាក់ចេញពីគណនីធនាគាររបស់អ្នក។
លើសពីនេះ នាពេលបច្ចុប្បន្ន ហាងទំនិញ និងកន្លែងផ្តល់សេវាកម្មជាច្រើន អនុញ្ញាតអោយអតិថិជនគិតប្រាក់តាមរយៈកាតធនាគារ រឺសេវាកម្មធនាគារឌីជីថលផងដែរ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ ធនាគារជាច្រើនអាចអនុញ្ញាតអោយអតិថិជនរបស់ពួកគេ ផ្ទេរលុយពីគណនីមួយទៅគណនីមួយទៀតបានតាមរយៈទូរស័ព្ទដៃបានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់។
គុណវិបត្តិនៃការដាក់ប្រាក់នៅធនាគារ
យេីងបានរៀបរាប់ពីគុណសម្បត្តិនៃការដាក់លុយនៅធនាគារក៏ពិតមែន តែវាក៏មានបញ្ហាប្រឈមខ្លះៗដែលគួរពិចារណាដែរ។ ការទុកលុយនៅធនាគារអាចប្រឈមនឹងគុណវិបត្តិមួយចំនួនដូចជាការកំណត់ចំនួនដកប្រាក់រហ័ស តាមទូរATM ដែលយើងមិនអាចដកលុយបានច្រេីនតាមចិត្ត និងលេីសពីការកំណត់នៃគោលការណ៍របស់ធនាគារ ហើយគេតម្រូវអោយបង់ប្រាក់លើសេវាកម្មមួយចំនួនដូចជា ថ្លៃកាត និងសេវាអតិថិជនប្រចាំឆ្នាំជាដើម។
ក្រៅពីនេះ បេីសិនជាអ្នកដាក់លុយនៅធនាគារទាំងអស់ ហេីយគ្មានលុយជាប់នឹងខ្លូនសោះ ក៏អាចប្រឈមនឹងបញ្ហាដែរ។ ឧទាហរណ៍ថា ពេលអ្នកត្រូវការលុយបន្ទាន់ខ្លាំងចាំបាច់ណាមួយ ស្របពេលដែលមានបញ្ហាចៃដន្យមិនអាចដកលុយទាន់មពេលវេលាដោយសារបញ្ហាបច្ចេកទេស នោះវាអាចនាំផលវិបាកដល់យើងដែរ។
ទោះបីជាការដាក់ប្រាក់នៅធនាគារមានគុណវិបត្តិមួយចំនួនក្តី ប៉ុន្តែវាមានផលប្រយោជន៍ដ៏ល្អជាច្រើនដែលគេមិនគួរមើលរំលងឡើយ ដូចជាកត្តាផ្នែកសុវត្ថិភាព និងកត្តាភាពងាយស្រួលសម្រាប់អតិថិជនក្នុងយុគសម័យថ្មីនេះ។ លើសពីនេះទៅទៀត ការដាក់ប្រាក់នៅធនាគារអាចបង្កើតជាប្រាក់ចំណេញដល់អ្នកតាមរយៈការប្រាក់ ដែលវាមានភាពល្អប្រសើរជាងការទុកលុយចោលនៅផ្ទះហើយប្រឈមនឹងហានិភ័យខ្ពស់។