អ្នកធ្វើការ freelance ឬអ្នកធ្វើការឯករាជ្យ គឺជាអ្នកធ្វើការអោយក្រុមហ៊ុនមួយ ឬអោយនរណាម្នាក់ដោយមិនមែនជាបុគ្គលិកពេញសិទ្ធិ និងមិនចាំបាច់ទៅធ្វើការនៅការិយាល័យទេ ហើយពួកគេអាចធ្វើការនៅទីណាក៏បានតាមចិត្តរបស់គេ។ អ្នកធ្វើការឯករាជ្យ រកចំណូលបានទៅតាមការងារដែលគេធ្វើ ក្នុងតម្លៃមួយដែលបានព្រមព្រៀងគ្នាជាមួយអតិថិជន ហើយចំណូលរបស់ពួកគេមិននឹងនរដូចអ្នកធ្វើការធម្មតាទេ។ អ្នកធ្វើការឯករាជ្យអាចត្រូវផ្លាស់ប្តូរការងារពីមួយទៅមួយ និងស្វែងរកការងារជាបន្តបន្ទាប់។
បើសួរថាពួកគេអាចសល់ប្រាក់សន្សំបានដែរឬអត់? ចម្លើយនោះគឺអាស្រ័យលើបុគ្គលម្នាក់ៗ។
អ្នកធ្វើការឯករាជ្យក៏អាចសន្សំលុយបានដែរ ហើយអាចលើសអ្នកធ្វើការពេញសិទ្ធិក៏ថាបាន។ បើយោងតាមសារពត៌មាន NBCnews នៅសហរដ្ឋអាមេរិច អ្នកធ្វើការឯករាជ្យទទួលបានចំណូលជាមធ្យមប្រមាណ $28 ក្នុងមួយម៉ោង ហើយមានប្រជាជនអាមេរិចប្រមាណ 57លាននាក់ធ្វើការ freelance នៅឆ្នាំ 2019។ ការធ្វើការងារបែប freelance មានភាពងាយស្រួលត្រង់ថា អ្នកចង់ធ្វើការពីទីណាក៏បាន មិនចាំបាច់ខ្វល់ខ្វាយរឿងឯកសណ្ឋាន ច្បាប់ក្រុមហ៊ុន មានពេលច្រើនចំណាយជាមួយគ្រួសារ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ប៉ុន្តែអ្នកធ្វើការងារឯករាជ្យក៏ត្រូវរ៉ាប់រងលើចំណាយមួយចំនួនដោយខ្លួនឯងដែរ ដូចជាថ្លៃរ៉ាប់រងលើសុខភាព សម្ភារសម្រាប់ធ្វើការ បាយទឹក ថ្លៃទឹកភ្លើង និងបាត់បង់អត្ថប្រយោជន៍ការងារមួយចំនួន ដែលបុគ្គលិកពេញសិទ្ធិភាគច្រើនទទួលបាន។
ជាទូទៅ អ្នកធ្វើការឯករាជ្យភាគច្រើនមាន ដូចជាអ្នកបង្កើតកម្មវិធីទូរស័ព្ទ ឬ វេបសាយ អ្នកសរសេរអត្ថបទ អ្នកទីផ្សារ អ្នកធ្វើការងារច្នៃប្រឌិត ស្ថាបត្យករ អ្នកធ្វើការបែបអប់រំ អ្នកធ្វើការផ្នែកច្បាប់ អ្នកវិភាគទិន្នន័យ ឬអ្នកបកប្រែអត្ថបទជាដើម។ ទោះបីការងារ freelance ក្នុងស្រុកអាចពិបាករកក្តី គេក៏អាចស្វែងរកឱកាសការងារនេះជាច្រើន តាមរយៈ website មួយចំនួនដូចជា៖
1. https://www.upwork.com/
2. https://www.freelancer.com/
3. https://www.guru.com/
4. http://www.fiverr.com/
5. https://www.peopleperhour.com/
បេីអ្នកធ្វេីការ freelance រកបានប្រាក់កម្រៃតិច ហេីយចង់សន្សំលុយបានច្រេីននោះ គួរផ្លាស់ប្តូរទម្លាប់មួយចំនួនដូចជា ផ្លាស់ប្តូរកន្លែងធ្វើការពីនៅផ្ទះ ឬហាងកាហ្វេដែលត្រូវចំណាយច្រើន ទៅកាន់កន្លែងសាធារណៈដែលស្ងប់ស្ងាត់ដូចជានៅបណ្ណាល័យ។ លើសពីនេះទៀត គេអាចសន្សំលុយតាមរបៀបមួយចំនួនដូចជា រៀបចំគម្រោងចាយវាយប្រចាំខែ និងចៀសវាងចំណាយលើរឿងមិនចាំបាច់ជាដើម។ អ្នកធ្វើការ freelance អាចសន្សំលុយបាន ព្រោះមានការងារជាច្រើនដែលកំពុងមានតម្រូវការ ប៉ុន្តែវាក៏អាស្រ័យទៅតាមការចំណាយ និងកម្រិតចំណូលរបស់ពួកគេដែរ៕
Click here to read more about: វិធីជួយង្កើនឱកាសរកការងារបានកាន់តែច្រើន