បើយោងតាមតម្លៃប្រេងឥន្ធនៈក្នុងទីផ្សារអន្តរជាតិ ថ្លៃសាំងលក់រាយបានកើនដល់ ៤.៨១៨ រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 ឯប្រេងម៉ាស៊ូត DO 50ppm ឡើងថ្លៃដល់ ៤.៧១៨ រៀល/លីត្រ។
ប៉ុន្តែដើម្បីសម្រួលដល់ជីវភាពប្រជាជន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះថ្លៃប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥ សេនដុល្លារ/លីត្រ។ ដែលធ្វើឱ្យថ្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត ធ្លាក់ចុះរៀងគ្នាមក ៤.៥៥០ រៀល/លីត្រ និង៤.៤៥០ រៀល/លីត្រ។
តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនឹងលក់ក្នុងតម្លៃនេះចាប់ពីថ្ងៃទី ១ សីហា ដល់ ១០ សីហា បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មក្នុងថ្ងៃនេះ។
បើយោងតាមក្រាហ្វិកនៃបម្រែបម្រួលថ្លៃប្រេងសាំងរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថាតម្លៃប្រេងឥន្ធនៈបានហក់ឡើង ៤០០រៀល ក្នុងរយៈពេលមិនទាន់បានមួយខែផង ក្រោយពីការប្រកាសតម្លៃប្រេងឥន្ធនៈកាលពីថ្ងៃទី ២១ ខែកក្កដាកន្លងទៅ។
គិតពីថ្ងៃទី ១១ ខែមិថុនា ដល់ ថ្ងៃទី២១ ខែកក្កដា តម្លៃប្រេងសាំងបានចុះពី ៤.២០០ រៀល/លីត្រ មក ៤.១៥០ រៀល/លីត្រ ឯតម្លៃប្រេងម៉ាស៊ូត ក៏បានឡើងក្នុងតម្លៃតិចតួចផងដែរ គឺពី ៣.៩០០រៀល/លីត្រ មក ៤.០០០រៀល/លីត្រ។
សូមបញ្ជាក់ថា តម្លៃនេះមិនមែនក្រសួងពាណិជ្ជកម្មជាអ្នកកំណត់ទេ ក្រសួងគ្រាន់តែស្រង់តម្លៃប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិ មកគណនាតែប៉ុណ្ណោះ៕