អ្នកទាំងអស់គ្នាធ្លាប់ស្គាល់ម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk បច្ចុប្បន្ន គាត់ជាមហាសេដ្ឋីលំដាប់ទី ១ លើពិភពលោកដែលមានទ្រព្យសម្បត្តិជាង ២៤៨.៨ ប៊ីលានដុល្លារ។ គាត់មិនមែនមានក្រុមហ៊ុនតែមួយហ្នឹងទេ គាត់ក៏ជាម្ចាស់ក្រុមហ៊ុនធំៗដទៃទៀតដូចជាក្រុមហ៊ុន SpaceX, Twitter និង SolarCity ជាដើម។
ក្នុងដំណើរទៅកាន់ភាពជោគជ័យ Elon Musk បានប្រើគោលការណ៍ ១០ ដែលថ្ងៃនេះអេដមីននឹងលើកយកមកបកស្រាយ។
- ស្រលាញ់អ្វីដែលអ្នកធ្វើ៖ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើអ្វីមួយដែលអ្នកស្រលាញ់ ព្រោះវាធ្វើឱ្យអ្នកមានភាពច្នៃប្រឌិត និងមានកម្លាំងចិត្តធ្វើវា។ លោក Elon Musk មានចំណូលចិត្តខាងផ្នែកបច្ចេកវិទ្យា។ ដូច្នេះ គាត់ព្យាយាមអភិវឌ្ឍអ្វីដែលទាក់ទងនឹងបច្ចេកវិទ្យា ដូចជាការបង្កើតនូវក្រុមហ៊ុន Tesla និងSpaceX ជាដើម។
- ផ្តោតលើរឿងតែមួយ៖ ពេលបំពេញកិច្ចការ កុំព្យាយាមធ្វើការច្រើនក្នុងពេលតែមួយ។ គួរផ្តោតលើការងារតែមួយ ធ្វើដល់ចប់ ចាំចូលមួយទៀត។ បើធ្វើរឿងច្រើនពេកក្នុងពេលតែមួយ អ្នកអាចមិនសម្រេចកិច្ចការទាន់ពេល ហើយលទ្ធផលការងារមិនសូវល្អទៀត។
- ធ្វើអ្វីដែលផ្តល់ជាប្រយោជន៍បានច្រើន៖ បើរឿងនោះ ឬការងារមួយមានសារៈសំខាន់សម្រាប់អ្នក ហើយផ្ដល់ប្រយោជន៍រួមដល់សង្គម យើងគួរសាកល្បងធ្វើវាសិន។ បើទោះជាមិនមានផលអ្វីជាដុំកំភួនភ្លាមៗក្តី អ្នកនឹងទទួលបានការគាំទ្រជាបន្តបន្ទាប់តាមក្រោយ។ Elon បង្កើតក្រុមហ៊ុនឡានអគ្គិសនី Tesla ក្នុងគោលបំណងបញ្ឈប់ការប្រើប្រាស់ប្រេង និងថែរក្សាបរិស្ថាន។
- ធ្វើការឱ្យអស់ពីសមត្ថភាព៖ ការងារអ្វីក៏ដោយគួរធ្វើឱ្យអស់ពីសមត្ថភាព មិនគួរមានលេស ឬធ្វើឱ្យតែរួចពីដៃ។ ការខិតខំប្រឹងប្រែងនឹងធ្វើឱ្យអ្នកឆាប់ទទួលបានជោគជ័យ។ Elon musk បាននិយាយថា បើអ្នកដទៃធ្វើការ ៤០ម៉ោង ហើយអ្នកធ្វើការ ១០០ម៉ោងទៅលើរឿងដូចគ្នា នោះអ្នកនឹងសម្រេចវាក្នុងរយៈពេល ៤ខែ ខណៈពេលអ្នកដទៃប្រើពេល ១ឆ្នាំ។
- កុំបោះបង់៖ ផ្លូវទៅភាពជោគជ័យមិនស្រួលទេ។ បើជួបបញ្ហាតិចតួច ឆាប់បោះបង់ នោះអ្នកគ្មានថ្ងៃទទួលបានជោគជ័យទេ។ សូម្បីតែ Elon musk ក៏ធ្លាប់ជួបភាពបរាជ័យ និងបញ្ហាក្ស័យធនដែរ។ ប៉ុន្តែគាត់មិនបោះបង់ ខិតខំធ្វើបន្ត ដល់ជោគជ័យដូចសព្វថ្ងៃ។
- ហ៊ានប្រឈមមុខនឹងបញ្ហា៖ ការប្រឈមមុខនឹងបញ្ហានឹងធ្វើឱ្យអ្នកកាន់តែរឹងមាំជាងមុន រីកចម្រើនជាងមុន។ ទំហំនៃបញ្ហាគឺជាអ្វីដែលកំណត់ភាពជោគជ័យរបស់អ្នកនៅពេលអនាគត។ ជាជាងការបោះបង់ចោល គួរតែខិតខំស្វែងរកដំណោះស្រាយ ប្រែពីបញ្ហាទៅជាឱកាស។
- កុំសូវខ្វល់ពីសំដីអ្នកដទៃ៖ នៅពេលដែលអ្នកចាប់ផ្តើមធ្វើអ្វីមួយ អ្នកនឹងទទួលមតិពីមនុស្សជុំវិញខ្លួន មានទាំងវិជ្ជមាន និងអវិជ្ជមាន។ អ្នកអាចគិតពិចារណាពីមតិទាំងនោះ តែអ្វីដែលសំខាន់គឺខ្លួនយើង។ Elon Musk បាននិយាយថា នៅពេលដែលគាត់ចាប់ផ្តើមក្រុមហ៊ុន SpaceX មានមិត្តភក្តិម្នាក់បានប្រមូលផ្តុំវីដេអីនៃការផ្ទុះរបស់យាន្តអាវកាសឱ្យគាត់មើល ក្នុងគោលបំណងមិនចង់ឱ្យ Elon ខាតលុយ។ តែទោះយ៉ាងណា គាត់នៅតែបន្តធ្វើអ្វីដែលគាត់ចង់ធ្វើ។
- ប្រមូលផ្តុំមនុស្សដែលមានសមត្ថភាព៖ គ្មានអ្នកណាទទួលបានជោគជ័យតែម្នាក់ឯងនោះទេ។ ក្នុងក្រុមគួរតែមានអ្នកពូកែ អាចធ្វើការបាន ទើបការងារអាចសម្រេចតាមការគ្រោងទុក។ Elon Musk ជាអ្នកសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ព្រោះគាត់ត្រូវការមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីសម្រេចទស្សនៈវិស័យរបស់គាត់។
- មានចក្ខុវិស័យ និងគោលដៅច្បាស់លាស់៖ ការដែលមានចក្ខុវិស័យច្បាស់លាស់ និងគោលដៅជាក់លាក់នឹងធ្វើឱ្យអ្នកដឹងថា ខ្លួនឯងគួរធ្វើអ្វីដើម្បីសម្រេចគោលដៅទាំងនោះ។ Elon Musk ជាមនុស្សដែលមានមហិច្ចតា និងមានគោលដៅវែងឆ្ងាយ ដូចជាការបង្កើតឡានអគ្គិសនីសម្រាប់អនាគត និងគម្រោងនាំមនុស្សទៅភពព្រះចន្ទ។
- បន្តក្រេបយកចំណេះដឹង៖ ការបន្តសិក្សារៀនសូត្រធ្វើឱ្យអ្នកបន្តទទួលយកចំណេះដឹងថ្មីជាប្រចាំ។ ប្រសិនអ្នកគិតថាខ្លួនចេះអស់ហើយ មិនត្រូវការរៀនអ្វីថ្មី នោះអ្នកនឹងស្ថិតនៅកន្លែងដដែល គ្មានការរីកចម្រើនបន្ថែម។ Elon Musk បានចំណាយពេលក្នុងការសិក្សាពីគោលការណ៍ផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យា បញ្ញាសប្បនិម្មិត និងរូបវិទ្យាជាដើម។ គាត់បាននិយាយថាគាត់ធ្លាប់អានសៀវភៅ ៥០០ទំព័រក្នុងមួយថ្ងៃ។
ត្រូវចាំថា បើចង់ជោគជ័យអ្នកគួរតែមានវិន័យច្បាស់លាស់ មានការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ ព្រោះថាគ្មានភាគជោគជ័យណាកើតឡើងដោយគ្មានការលះបង់នោះទេ៕