លោក Donald John Trump ជាអតីតប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក និងជាអ្នកជំនួញជោគជ័យ ហើយមានភាពល្បីល្បាញមួយរូប។ ក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក លោកជាប្រធានាធិបតីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ។ មកទល់បច្ចុប្បន្ន ទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួនដល់ ២.៦ ពាន់លានដុល្លារ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៣។
ជាមួយនឹងភាពជោគជ័យនេះ លោកក៏បានសរសេរសៀវភៅជាច្រើនដែលទាក់ទងនឹងមេរៀនពីការជោគជ័យក្នុងការវិនិយោគផងដែរ។ ថ្ងៃនេះកាក់សេននឹងដកស្រង់យកមេរៀនហិរញ្ញវត្ថុទាំង ៥ របស់លោកមកចែករំលែកជាមួយអ្នកទាំងអស់គ្នា៖
១. កុំវិនិយោគលើសពីអ្វីដែលខ្លួនមាន
មិនថាការវិនិយោគ ឬការរកសុីតែងតែមានខាត និងចំណេញ។ អ្នកគួរវិនិយោគតាមសមត្ថភាពដែលអ្នកមាន កុំហក់លោតតាមគេ ព្រោះបើខាតបង់ ក៏មិនខាតធ្ងន់ធ្ងរដែរ។
២. ពេលវេលាជាមាសប្រាក់
អ្នកត្រូវធ្វើជាម្ចាស់នៃពេលវេលា ហើយបែងចែកវាឲ្យបានត្រឹមត្រូវ។ ចំណាយពេលវេលាឲ្យច្រើនគិតគូរពីការអភិវឌ្ឍន៍អាជិវកម្ម ឬការរកសុីរបស់អ្នក ដើម្បីបង្កើនលទ្ធភាពក្នុងការជោគជ័យ។
៣. គ្រប់គ្រងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ
លោក Trump បានសរសេរនៅក្នុងសៀវភៅ Trump: Think Like a Billionaire របស់គាត់ថា បើទោះបីជាអ្នកមានលុយច្រើនហើយក៏ដោយ ក៏កុំភ្លេចគ្រប់គ្រងវាឲ្យបានត្រឹមត្រូវ។ អ្នកគួរដាក់ផែនការសន្សំ ទិញរបស់របរណាដែលអាចមានតម្លៃល្អពេលលក់ចេញវិញ និងចៀសវាងការវិនិយោគដែលមិនមានប្រភពច្បាស់លាស់ជាដើម។
៤. ប្រើប្រាស់លុយឲ្យមានប្រយោជន៍
បើចង់សល់លុយ ទាល់តែប្រើវាឲ្យមានប្រយោជន៍ ព្យាយាមយកលុយបង្កើតលុយចៀសជាងចាយលើចំណាយមិនចាំបាច់។ សម្ភារប្រើប្រាស់ក៏ដូចគ្នា មិនចាំបាច់ទាល់តែទំនើបមានម៉ាកយីហោទេ សំខាន់ឲ្យតែមានគុណភាពល្អ។ ដូចនេះ មុនពេលចំណាយលើរបស់ថ្លៃៗ គួរពិចារណាលើចំណុចនេះសិន។
៥. ដាក់ផែនការហិរញ្ញវត្ថុសម្រាប់អនាគត
លុយមិនអាចទុកដាក់ដោយខ្លួនឯងទេ តម្រូវឲ្យអ្នកចេះរៀបចំ មានផែនការ និងគ្រប់គ្រង។ ដើម្បីមានស្ថិរភាពនៅពេលអនាគត តម្រូវឲ្យអ្នកមានផែនការហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្នឲ្យហើយ។ លោកក៏បានណែនាំឲ្យតាមដានផែនការជាប្រចាំផងដែរ ដើម្បីប្រាកដថាផែនការដើរទៅរកគោលដៅដែលចង់សម្រេច។
គួរឲ្យដឹងដែរថាអាជីវកម្មចម្បងរបស់លោក Donald Trump គឺការបណ្តាក់ទុនលើអចលនទ្រព្យ រួមទាំងសណ្ឋាគារ កាស៊ីណូ និងទីលានវាយកូនហ្គោលដែលមានតម្លៃពាន់លានប៉ុន្តែលោកក៏មិនភ្លេចមើលការចំណាយរបស់លោកដែរ។ លោកបាននិយាយថា ត្រូវមានទំនុកចិត្ត ជឿលើខ្លួនឯង ចេះចាប់យកឱកាស ហើយចំណេះដឹងគឺជាអំណាច ដូចនេះត្រូវយល់ដឹងពីព័ត៌មានឲ្យបានច្រើនតាមដែលអាចធ្វើបាន មុនពេលសម្រេចចិត្តិហិរញ្ញវត្ថុ៕