កម្មវិធី Met Gala ដែលបានប្រារព្ធឡើងកាលពីប៉ុន្មានថ្ងៃមុននេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយក្នុងចំណោមព្រឹត្តិការណ៍ដទៃផ្សេងៗទៀតក្នុងវិស័យ fashion។ ក្នុងទស្សនាវដ្តីធំៗដូចជា Vogue បានបង្ហោះនូវទិដ្ឋភាពអ្នកចូលរួមកម្មវិធីនេះ ជាមួយម៉ូតសម្លៀកបំពាក់ប្លែកៗដែលយើងកម្រឃើញគេពាក់ទូទៅណាស់។ រីឯអ្នកចូលរួមសុទ្ធសឹងតែ ជាមនុស្សដែលមានមុខមាត់ និងតារាល្បីៗនៅក្នុងសង្គមដូចជា Kim Kadashian Grimes Lil Nas X និង Rosé ជាដើម។
តើគេបង្កើតកម្មវិធីនេះឡើងដើម្បីអ្វី? ហើយបានទុនពីណាខ្លះមករៀបចំ?
Met Gala គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយផ្តួចផ្តើមដោយ Eleanor Lambert ដែលជា fashion publicist មានឈ្មោះបោះសំលេងម្នាក់។ កម្មវិធីនេះបង្កើតលើកដំបូងនៅក្នុងឆ្នាំ១៩៤៨ ក្នុងរូបភាពជាកម្មវិធីពិសារភោជនីហារពេលល្ងាច រួមជាមួយនឹងការដាក់បង្ហាញម៉ូតសម្លៀកបំពាក់ ក្នុងគោលបំណងរៃអង្គាសប្រាក់សម្រាប់ទ្រទ្រង់ និងផ្គត់ផ្គង់វិទ្យាស្ថានសម្លៀកបំពាក់នៃសារមន្ទីរសិល្បៈ Metropolitan នៃទីក្រុងញូវយ៉ក។ លុះដល់ឆ្នាំ១៩៧៣ កម្មវិធី Met Gala មានការវិវត្តទំនើបជាងមុន ហើយគេបានកំណត់រាល់ថ្ងៃច័ន្ទនៃសប្ដាហ៍ទី១នៃខែឧសភាជាថ្ងៃប្រារព្ធកម្មវិធីរៀងរាល់ឆ្នាំ (ប៉ុន្តែឆ្នាំនេះត្រូវបានគេពន្យារពេលរហូតមកដល់ខែកញ្ញា ថ្ងៃទី១៥)។ អ្នកមានកិត្តយសត្រូវបានអញ្ជើញឱ្យចូលរួមគឺជាអ្នកដែលមានមុខមាត់ល្បីៗនៅក្នុងសង្គម រួមមានអភិជន តារាសម្តែង តារាបង្ហាញម៉ូត និងតារាចម្រៀង។ល។
រាល់ឆ្នាំនៃកម្មវិធី អ្នកចូលរួមតម្រូវឲ្យស្លៀកសំលៀកបំពាក់ឲ្យត្រូវជាមួយ theme ដែលគេបានកំណត់មកសម្រាប់ឆ្នាំនោះ។ តួយ៉ាងឆ្នាំនេះ theme ឬប្រធានបទដែលគេកំណត់នោះគឺ “In America: A Lexicon Fashion” ដែលអត្ថន័យរួមគឺសំដៅដល់ម៉ូតសម្លៀកបំពាក់បែបអាមេរិចតាំងពីឆ្នាំ១៩៤០ រហូតដល់បច្ចុប្បន្ន។
ងាកមកប្រភពចំណូលឬដើមទុនសម្រាប់រៀបចំកម្មវិធីនេះវិញ តើគេបានចំណូលមកពីណាខ្លះទៅ?
កម្មវិធី Met Gala មានចំណូលមកពីប្រភពធំជាងគេនោះគឺថ្លៃសំបុត្រអ្នកចូលរួម។ បើតាមគេហទំព័រ Forbes បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ថ្លៃសំបុត្រសម្រាប់មនុស្សម្នាក់ដើម្បីចូលរួមកម្មវិធីនេះ មានតម្លៃ $30,000 ។ ប៉ុន្តែចំណុចគួរឱ្យកត់សម្គាល់នៃកម្មវិធីនេះនៅត្រង់ថា បើទោះបីជាអ្នកមានលុយទិញសំបុត្រចូលរួមក៏មិនប្រាកដថា អ្នកបានចូលរួមកម្មវិធីនោះដែរ ព្រោះក្តីសម្រចគឺស្ថិតនៅលើ Anna Wintour ដែលជា Editor-in-Chief នៃទស្សនាវដ្តី Vogue។
គួរបញ្ជាក់ផងថា ជាធម្មតាតារាល្បីៗតែងត្រូវបានអញ្ជើញដោយ Anna Wintour ដើម្បីមកចូលរួម។ តួយ៉ាងដូចជាក្នុងឆ្នាំនេះ តារាចម្រៀងកូរ៉េ CL ដែលត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសដោយផ្ទាល់ពី Anna Wintour។ បន្ថែមពីនេះទៅទៀត ម្ចាស់ហាងសម្លៀកបំពាក់លំដាប់ៗ ដូចជា Chanel Versace YSL ជាដើម សុខចិត្តចំណាយលុយទិញសំបុត្រដើម្បីអញ្ជើញតារាល្បីៗ ឬអ្នកតំណាងម៉ាក (Brand Ambassador) របស់ពួកគេឲ្យមកចូលរួមដោយស្លៀកសម្លៀកបំពាក់នៃម៉ាករបស់ខ្លួនដែរ ក្នុងគោលបំណងឲ្យម៉ាកយីហោរបស់ខ្លួនកាន់តែមានឈ្មោះបោះសំលេង។ តួយ៉ាងដូចជា Rosé ដែលត្រូវបានអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយស ដោយ Anthony Vaccarello ដែលគាត់ជា Fashion Designer ប្រចាំប្រេន YSL។ ចំណែកឯប្រភពចំណូលមួយទៀតនោះគឺបានមកពីការឧបត្ថម្ភក្នុងរូបភាពជា corporate sponsorship។ ពោលគឺរៀងរាល់ឆ្នាំនឹងមានក្រុមហ៊ុនមួយធ្វើជាម្ចាស់ sponsor ធំសម្រាប់ដំណើរការកម្មវិធី ក្នុងគោលបំណងផ្សព្វផ្សាយក្រុមហ៊ុនរបស់ខ្លួន។ ដោយឆ្នាំនេះ ក្រុមហ៊ុនយក្ស Instagram ជាម្ចាស់ sponsor ធំនៃកម្មវិធី Met Gala ឆ្នាំ ២០២១នេះ។ បើតាមគេហទំព័រ New York Times បានឲ្យដឹងថាក្នុងឆ្នាំ២០១៩ ប្រាក់ចំណូលសរុបនៃកម្មវិធី Met Gala មានរហូតដល់ ១៥លានដុល្លារ។
ជារួម កម្មវិធី Met Gala ជាកម្មវិធីមួយដ៏ធំដែលទទួលបានចំណាប់អារម្មណ៍សន្ធឹកសន្ធាប់ពីសាធារណជនជាច្រើន។ នរណាៗក៏ទន្ទឹងរង់ចាំមើលឈុតសម្លៀកបំពាក់ប្លែកៗរបស់អ្នកចូលរួមក្នុងកម្មវិធីនេះដែរ ព្រោះចង់ដឹងថាពួកគេបានរៀបចំស្លៀកពាក់ឲ្យត្រូវទៅនឹង theme ដែលកម្មវិធីបានកំណត់ដែរឬទេ៕
ឯកសារយោង៖
The Costume Institute
The Met Gala: From Midnight Suppers to Superheroes and Rihanna
Met Gala Facts - History of The Met Gala and Why It Was Better Before
A Look Back at the Met Gala’s History and Decor Throughout the Years
‘In America: A Lexicon of American Fashion’ is coming to The Met
Inside The Met Gala: The Money Behind Fashion's Biggest Night
Everything You Need to Know About the Met Gala 2021
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។