មនុស្សធម្មតាដូចយើងរាល់គ្នា ពេលខ្វះលុយមួយថ្ងៃពីរថ្ងៃអី ខ្ចីលុយបងប្អូន ឬមិត្តភកិ្ត យកមកដោះទាល់មួយពេលសិន។ ចុះយើងដែលឆ្ងល់អត់ថា តើធនាគារនឹងទៅខ្ចីលុយពីអ្នកណាគេ? ដើម្បីអី?
គឺអាចខ្ចីពីធនាគារកណ្ដាល ឬធនាគារដូចគ្នា តែពុំមែនបានន័យថាធនាគារនោះជិតរលំ ក្ស័យធនទេ គឺដើម្បីដោះស្រាយបញ្ហាកង្វះសាច់ប្រាក់ទប់ទល់ប្រតិបត្តិការ ដែលគេស្គាល់ថាទីផ្សារកម្ចីអន្តរធនាគារ (interbank lending market)។
១ ទិដ្ឋភាពទូទៅ
ទីផ្សារកម្ចីអន្តរធនាគារសំដៅដល់ប្រព័ន្ធ ឬទីផ្សារមួយដែលផ្តល់ប្រាក់កម្ចីជាសាច់ប្រាក់រវាងធនាគារ និងធនាគារ ដោយផ្អែកតាមលក្ខខណ្ឌកំណត់ណាមួយ ដើម្បីឲ្យធនាគារត្រូវការសាច់ប្រាក់ អាចបំពេញតម្រូវការសន្ទនីយភាពរយៈពេលខ្លី (short term liquidity needs)។ ចំំណែកឯទ្រព្យធានា និងអត្រាការប្រាក់អាចនឹងប្រែប្រួលអាស្រ័យតាមការផ្គត់ផ្គង់ និងតម្រូវការ ក៏ដូចជាការចរចារជាក់ស្តែងលក្ខណៈឯកជនរវាងធនាគារនីមួយៗ។
២ គុណសម្បត្តិ និងគុណវិបត្តិ
តាមរយៈកម្ចីនេះ ធនាគារអ្នកខ្ចីនឹងទទួលបានអត្ថប្រយោជន៍ដូចជា
- ជំនួយបន្ទាន់ជាសាច់ប្រាក់ដើម្បីគាំទ្រប្រតិបត្តិការ
- ហើយពេលខ្លះគឺដើម្បីបំពេញនូវប្រាក់បម្រុងកាតព្វកិច្ចរបស់ធនាគារកណ្តាលដែលកំណត់ដោយច្បាប់
- ចំណែកធនាគារឲ្យខ្ចីវិញ គេក៏នឹងទទួលបានចំណូលការប្រាក់ពីការឲ្យខ្ចី។ ជាទូទៅ ធនាគារមិនសូវជាទុកប្រាក់បម្រុងកាតព្វកិច្ចនៅធនាគារកណ្តាលច្រើនលើសការកំណត់នោះទេ ដ្បិតមិនទទួលបានការប្រាក់ត្រឡប់មកវិញ ដូចនេះគេសុខចិត្តផ្តល់ជាកម្ចីឱ្យធនាគារមួយទៀត ដើម្បីបានចំណូលការប្រាក់ជាដើម។
យ៉ាងណាមិញ វាក៏ផ្តល់នូវគុណវិបត្តិមួយចំនួនដូចជា៖
- កាលកំណត់បង់ ភាគច្រើនមានរយៈពេលខ្លី ឬត្រឹមរយៈពេលមួយយប់ (overnight) ក៏មាន
- ប្រសិនបើទីផ្សារកម្ចីអន្តរធនាគារដំណើរការមិនប្រក្រតី ធនាគារអាចប្រឈមមុខនឹងភាពមិនអាចសងបំណុលបាន ប៉ះពាល់ដល់អ្នកប្រាក់បញ្ញើ ឬបង្កជាការភិតភ័យដល់ធនាគារដទៃទៀត។
៣ បច្ចុប្បន្នភាពនៃទីផ្សារកម្ចីអន្តរធនាគារ
យោងទៅតាមសារព័ត៌មាន Khmer Times ចុះផ្សាយឆ្នាំ២០១៩ ទីផ្សារកម្ចីអន្តរធនាគារនៅមានបញ្ហាប្រឈមមួយចំនួន ហើយធនាគារជាតិនៃកម្ពុជា ក៏បានបន្តកិច្ចសហប្រតិបត្តិការជាលើកទី៤ ជាមួយធនាគារកណ្ដាលកូរ៉េ ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍទីផ្សារអន្តរធនាគារនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
បន្ថែមពីនេះទៀត កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនាមជាអាណាព្យាបាលនៃប្រព័ន្ធធនាគារ ធនាគារជាតិ នៃកម្ពុជាបានដាក់ឱ្យដំណើរការឧបករណ៍ផ្តល់សន្ទនីយភាពរយៈពេលខ្លី (Marginal Lending Facility) ជាប្រាក់រៀល ដើម្បីឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួយបំពេញកង្វះសន្ទនីភាពរយៈពេលខ្លី និងជំរុញទីផ្សារអន្តរធនាគារឱ្យកាន់តែប្រសើរបន្ថែមទៀត។
ទន្ទឹមនឹងវឌ្ឍនភាពនៃប្រព័ន្ធធនាគារបច្ចុប្បន្ន វាជាការចាំបាច់សម្រាប់វិស័យធនាគារទាំងមូលក្នុងការសិក្សាពីលទ្ធភាព និងជំរុញឲ្យមានភាពទូលំទូលាយនៃទីផ្សារអន្តរធនាគារ ដើម្បីបោះជំហានវិស័យហិរញ្ញវត្ថុទៅមួយកម្រិតទៀត៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន
ឯកសារយោង និងជំនួយស្មារតី៖
១. 2020 BOK Knowledge Partnership Program with CAMBODIA | Monetary Operations and FX Policy
២. NBC introduces overnight lending facility
៣. Korea, Cambodia central banks to study interbank market
៤. ប្រកាសស្ដីពីហានិភ័យគ្រប់គ្រងហានិភ័យសន្ទនីយភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
៥. សេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យដំណើរការឧបករណ៍ផ្ដល់សន្ទនីយភាពរយៈពេលខ្លះ