លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានពន្យល់ថា ការធ្វើដៃគូសហការជាមួយក្រុមហ៊ុន UnionPay របស់ប្រទេសចិន មិនមែនមានន័យថាឱ្យទេសចរចិនចាយប្រាក់យ៉ន់នៅខ្មែរទេ។ ការសហការនេះបានន័យថា ទេសចរចិនអាចធ្វើការទូទាត់ប្រាក់ដោយប្រើប្រាស់ UnionPay ដើម្បីស្កេនជាមួយអ្នកលក់ខ្មែរ តាមរយៈ KHQR របស់ប្រព័ន្ធបាគង។ នោះប្រព័ន្ធធនាគារនឹងធ្វើការបង្វិលសាច់ប្រាក់ពីប្រាប់យ៉ន់ ទៅប្រាក់រៀលដោយស្វ័យប្រវត្តិ។ សម្រាប់ទេសចរខ្មែរដែលធ្វើដំណើរទៅប្រទេសចិន ក៏អាចទូទាត់ជាមួយអ្នកលក់ចិន ដោយការស្កេន QR តាមប្រព័ន្ធបាគងបានផងដែរ។
ដូចគ្នាដែរ សម្រាប់អ្នកលក់នៅខ្មែរ បើចង់ទាក់ទាញភ្ញៀវទេសចរណ៍ចិន គឺតម្រូវឱ្យមានកុងធនាគារជាលុយរៀល ទើបអាចប្រើប្រាស់ QR ស្កេននេះបាន។ សម្រាប់ម្ចាស់ហាងដែលមិនមានកុងធនាគារជាលុយរៀល អាចទូទាត់ជាក្រដាសប្រាក់ ឬមធ្យោបាយផ្សេងៗទៀតបាន។
ក្នុងនោះ លោកជំទាវបានបន្ថែមថា “វិធានការណ៍ខាងលើគឺធ្វើឡើងដើម្បីលើកកម្ពស់ប្រាក់រៀល និងលើកកិត្យានុភាពប្រាក់រៀល និងមុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទូទាត់អេឡិចត្រូនិក លើឆាកអន្តរជាតិ”។
ដំណើរការនៃការស្កេនទូទាត់ប្រាក់នេះ ធនាគារជាតិបានក្លាយជាដៃគូសហការដោយជោគជ័យហើយ ជាមួយប្រទេសថៃ។ បច្ចុប្បន្ន កំពុងរៀបចំពង្រីកដៃគូសហការជាមួយប្រទេសចំនួនប្រាំទៀតដូចជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ចិន និងឥណ្ឌា។ ដំណើរការនៃការទូទាត់ប្រាក់តាម QR ស្កេនជាមួយប្រទេសវៀតណាម ឡាវ និងចិន ទំនងអាចរួចរាល់ក្នុងដំណាច់ឆ្នាំនេះ បើយោងតាមប្រសាសន៍របស់ថ្នាក់ដឹកនាំធនាគារជាតិ៕