កាលពីប្រធានបទមុន យើងបាននិយាយរួចមកហើយអំពីធនាគារឯកទេស។ ដូច្នេះសម្រាប់ប្រធានបទលើកនេះវិញ យើងនិយាយពីធនាគារពាណិជ្ជវិញម្តង។ អញ្ចឹង! យើងទៅដឹងទាំងអស់គ្នាថា តើធនាគារពាណិជ្ជមានន័យដូចម្តេច ហើយគេធ្វើអ្វីខ្លះ?
ធនាគារពាណិជ្ជ គឺជាស្ថាប័នហិរញ្ញវត្ថុមួយប្រភេទដែលទទួលយកប្រាក់បញ្ញើ ផ្តល់សេវាកម្មត្រួតពិនិត្យគណនី បង្កើតប្រាក់កម្ចីផ្សេងៗ និងផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុទូទៅដូចជាវិញ្ញាបនបត្រប្រាក់បញ្ញើ និងគណនីសន្សំដល់បុគ្គល និង អាជីវកម្មខ្នាតតូច។ ធនាគារពាណិជ្ជរកចំណូលដោយផ្តល់កម្ចីនិងទទួលបានចំណូលតាមរយៈការប្រាក់ពីកម្ចីទាំងនោះឯង។ ប្រាក់កម្ចីដែលធនាគារពាណិជ្ជអាចផ្ដល់ឱ្យ មានប្រភេទខុសៗគ្នា ដែលរួមមាន ប្រាក់កម្ចីរថយន្ត ប្រាក់កម្ចីអាជីវកម្ម និងប្រាក់កម្ចីផ្ទាល់ខ្លួន។
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
១. ទទួលប្រាក់បញ្ញើ៖ ធនាគារពាណិជ្ជទទួលប្រាក់បញ្ញើសាធារណជន និងបង្កើតគណនីជូនអតិថិជនរបស់ខ្លួនដែលមានដូចជាគណនីសន្សំជាដើម។
២. ផ្ដល់ប្រាក់កម្ចី៖ ធនាគារពាណិជ្ជផ្ដល់ជូននូវប្រាក់ឥណទានជូនដល់សាធារណជន អាជីវកម្មខ្នាតតូចធំក្រោមទម្រង់ជាសាច់ប្រាក់ទៅកាន់អតិថិជនរបស់ពួកគេ។ ប្រភពចំណូលចម្បងសម្រាប់ធនាគារពាណិជ្ជគឺទទួលបានតាមរយៈការប្រាក់នៃកម្ចីនីមួយៗនេះឯង។
៣. ទូទាត់ប្រាក់៖ ធានាគារពាណិជ្ជជួយសម្រួលដល់ការទូទាត់ (Payment) ជាច្រើនដូចជាបង់ពន្ធ ទូទាត់នូវសកម្មភាពទិញទំនិញនិងសេវាកម្ម ដូចជាការបង្កើតឲ្យអតិថិជនប្រើប្រាស់មូលប្បទានបត្រ ផ្គត់ផ្គង់នូវប្រព័ន្ឋទូទាត់ អេឡិចត្រូនិចជាដើម ។
៤. ភ្នាក់ងារ៖ ធនាគារមានតួនាទីជាភ្នាក់ងារដែលបម្រើសេវាកម្មបង់ប្រាក់ជំនួសមុខឱ្យអតិថិជនរបស់ពួកគេដែលអាចមានរួមសេវាកម្មបង់រម្លស់ឡានឬផ្ទះ បង់ប្រាក់សម្រាប់ប័ណ្ណធានារ៉ាប់រងជីវិត ឬថ្លៃស្នាក់នៅជាដើម។
៥. សេវាកម្មប្រើប្រាស់ទូទៅ៖ សម្រាប់សេវាកម្មទូទៅដែលធនាគារពាណិជ្ជមានតួនាទីមានដូចជា ការដាក់ចេញឱ្យប្រើប្រាស់កាតឥណពន្ធនិងឥណទាន និងមានកន្លែង (Vault ឬ Locker) សម្រាប់ទុកដាក់ទ្រព្យសម្បត្តិ និងលុយកាក់ដល់អតិថិជនរបស់ខ្លួនផងដែរ។
យើងមើលឃើញថា ធនាគារពាណិជ្ជល្បីៗនៅកម្ពុជាមានដូចជា៖
• ធនាគារ អេប៊ីអេ (ADVANCED BANK OF ASIA LIMITED.)
• ធនាគារ អេស៊ីលីដា (ACLEDA BANK Plc.)
• ធនាគារកាណាឌីយ៉ា (CANADIA BANK Plc.)
• ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (Foreign Trade Bank of Cambodia)
• ធនាគារវឌ្ឍនៈ (Vattanac Bank)
សរុបមកធនាគារពាណិជ្ជនៅប្រទេសកម្ពុជាមានចំនួនសរុប៤២ ដែលតួរលេខនេះបានសបញ្ជាក់ឱ្យឃើញថា វិស័យធនាគារនៅប្រទេសកម្ពុជាពិតជាមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ៕