ជាង ០២ឆ្នាំមកហើយ បើគិតមកដល់ថ្ងៃនេះ ដែលជំងឺកូវីដ ១៩ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចសកលលោក ជាពិសេសនៅកម្ពុជាយើង។ ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កភាពអាសន្នទៅលើផ្នែកសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែមេរោគនេះ ថែមទាំងបានគម្រាមកំហែងទៅលើវិស័យសេដ្ឋកិច្ចក្នុងស្រុកយ៉ាងដំណំ ទាំងទេសចរណ៍ ការនាំចេញ និងវិស័យសំណង់ជាដើម។ ក្ដីសង្ឃឹមចុងក្រោយដើម្បីឱ្យសេដ្ឋកិច្ចងើបឡើងវិញ បន្ទាប់ពីការរកឃើញនៅវ៉ាក់សាំងការពារជំងឺ ១៩។
បើយោងទៅតាមសន្និសីទសារព័ត៌មានសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាត្រូវការវ៉ាក់សាំងចំនួន ២០លានដូស ឬស្មើនឹងចំនួនប្រជាជន ១០លាននាក់ ដើម្បីឱ្យ ដើម្បីធានាពីសុវត្ថិភាពប្រជាជនពីការចម្លងរីករាលដាល។ វត្តមាននៃវ៉ាក់សាំងប្រឆាំងកូវីដនេះ ជាបច្ច័យចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញ តាមរយៈសេណារីយ៉ូធំៗ ០៣ គឺ៖
១. សេដ្ឋកិច្ចគ្រួសារ
- តួនាទីចម្បងរបស់វ៉ាក់សាំង គឺការកសាងទំនុកចិត្តរបស់ប្រជាជនគ្រប់រូប បានន័យថាកាលណាវ៉ាក់សាំងជួយឲ្យរាងកាយមានកងការពារគ្រប់គ្រាន់ នោះមនុស្សហ៊ានចេញពីផ្ទះ ប្រកបអាជីវកម្មឡើងវិញដូចធម្មតា បំពេញកិច្ចការងារដូចសព្វដង។
- វ៉ាក់សាំងចូលរួមចំណែកស្រោចស្រង់ជីវភាពគ្រួសារទាំងឡាយណាដែលមានសមាជិកជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានអាជីវករលក់បន្លែត្រីសាច់តាមទីផ្សារ អ្នករត់ម៉ូតូឌុប រ៉ឺម៉ក អ្នកលក់អាហារតាមចិញ្ចើមថ្នល់ ហាងកាត់សក់។ល។
- បន្ទាប់ពីមានគ្រួសារណាដែលរស់នៅក្នុងតំបន់ងាយប្រឈមខ្ពស់ (ដូចតំបន់ក្រហមជាដើម) ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ តាមការណែនាំរបស់ថ្នាក់ដឹកនាំ នោះអត្រាឆ្លងរាលដាលអាចនឹងត្រូវបានកាត់បន្ថយ ឬកាត់បន្ថយហានិភ័យគ្រោះថ្នាក់ ហើយទាំងសមាជិកគ្រួសារជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្ដី ក្នុងប្រព័ន្ធក្ដីនឹងមានលទ្ធភាពចេញរកស៊ីធ្វើការដូចដើមវិញ ដើម្បីរកចំណូលចូលផ្ទះ។
២. សេដ្ឋកិច្ចប្រទេសជាតិ៖
- ទំនុកចិត្ត ដោយមិនភ័យព្រួយពីមេរោគចម្លង បន្ទាប់ពីមានវ៉ាក់សាំងក្នុងខ្លួន ធ្វើឲ្យសង្វាក់ផលិតកម្មកម្រើកឡើងវិញ រោងចក្របើកទ្វារជាធម្មតា អត្រាអ្នកគ្មានការងារធ្វើត្រូវបានកាត់បន្ថយ
- មនុស្សអាចដើរហើរឡើងវិញ ពេលនោះទេសចរណ៍បើកចំហវិស័យជើងមេឃ ត្រឡប់មករកភាពដើម ធ្វើឱ្យវិស័យសេវាកម្មរស់ឡើងវិញដូចជាសណ្ឋាគារ ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ភោជនីយដ្ឋានជាដើម
- ពាណិជ្ជករបរទេស វិនិយោគិនរកស៊ីវិនិយោគធំៗមានសង្ឃឹមឡើងវិញ
- វ៉ាក់សាំងជូនបុគ្គលិកអប់រំ និងគ្រូបង្រៀន នឹងបម្រើឲ្យវិស័យអប់រំមានដំណើរការប្រកបដោយគុណភាព និងសមភាព ដើម្បីឲ្យគ្រឹះស្ថានសិក្សាបើកបង្រៀនវិញ សម្រាប់បណ្ដុះបណ្ដាលសិស្សានុសិស្ស គ្រប់កម្រិតសិក្សា ព្រោះធនធានមនុស្សទាំងអស់នេះជាចលករចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទាំងមូល។
- បើសិន ៦០-៧០% នៃប្រជាជនសរុប បានទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នោះសេដ្ឋកិច្ចប្រទេសជាតិនឹងដំណើរការល្អប្រក្រតីឡើងវិញ។ ម្យ៉ាងទៀត យោងទៅធនាគារអភិវឌ្ឍអាស៊ី ADB បានប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ ដើរថយក្រោយគឺ -៤% និងបានព្យាករថានឹងមានកំណើនឡើងវិញក្នុងឆ្នាំ ២០២១ គឺដល់ទៅ ៥.៩%។
៣. សេដ្ឋកិច្ចសកល
• មានការដឹកជញ្ជូនភស្ដុភារ ដោះដូរពាណិជ្ជកម្មដោយរលូន គ្មានឧបសគ្គ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស
• ទេសចរណ៍ជុំវិញពិភពលោក លែងមានរបាំងដូចមុន
• ភាពរាំងស្ទះផ្នែកសកលភាវូបីយកម្មត្រូវបានដោះស្រាយ
• GDP សកលលោកក្នុងឆ្នាំ ២០២១ត្រូវបានរំពឹងថានឹងកើនឡើង ៤% បន្ទាប់ពីធ្លាក់ចុះ ៤.៣%ក្នុងឆ្នាំ ២០២០ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក។
យ៉ាងណាក៏ដោយ យើងគប្បីដឹងថា វ៉ាក់សាំងនេះមិនអាចធានាដល់លទ្ធភាពទប់ទល់ការឆ្លងបានទាំងស្រុងទេ ពោលគឺវ៉ាក់សាំងមួយមុខមិនគ្រប់គ្រាន់ឡើយ គឺទាល់តែមានការចូលរួមយ៉ាងស្វិតស្វាញពីប្រជាជនគ្រប់គ្នា រួមមានស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពបទបញ្ជាដែលដាក់ចេញដោយរាជរដ្ឋាភិបាល ពិសេសវិធានការ៣ការពារ និង៣កុំ។ វ៉ាក់សាំង និងការចូលរួមរបស់យើងម្នាក់ៗ ជារស្មីនៃការយកជ័យជម្នះទៅលើវីរុសកូវ៉ូណា និងការស្ដារក្បាលម៉ាស៊ីនសេដ្ឋកិច្ចឡើងវិញ។
‣ ឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី៖
១. សន្និសីទសារព័ត៌មានសម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាបន្ទាប់ពីទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំង SARS-CoV2 (Sinopharm) ពីរដ្ឋាភិបាលចិនជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ | https://pressocm.gov.kh/archives/69837
២. កិច្ចសម្ភាសន៍រវាងស្ថាប័នព័ត៌មានថ្មីៗ និងលោកលោកបណ្ឌិតឆេង គឹមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច
៣. សារព័ត៌មានភ្នំពេញប៉ុស្តិ៍ | វ៉ាក់សាំងស៊ីណូហ្វាម ៤០ ម៉ឺនដូស ដែលជាជំនួយបន្ថែមរបស់ចិននឹងមកដល់កម្ពុជានៅថ្ងៃស្អែក
៤. World Bank | Global Economy to Expand by 4% in 2021; Vaccine Deployment and Investment Key to Sustaining the Recovery