បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជានៅចុងឆ្នាំ ២០២០ នេះ ប្រព័ន្ធធនាគារនៅកម្ពុជាក្នុងរយៈពេលប្រហែល ១ទសវត្សចុងក្រោយនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដ្បិតថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៥.៧% (ស្មើនឹង ៥៩.៤ ប៊ីលានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនបានកើនដល់ ១៤.៨% (ស្មើនឹង ៣៧.៣ ប៊ីលានដុល្លារអាមេរិក)។ ដោយក្នុងនោះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានគណនីឥណទានអតិថិជនកើនដល់ ៣.២ លានគណនី។
ទិន្នន័យនេះបានបង្ហាញពី កំណើននៃអ្នកប្រើប្រាស់ឥណទាន។ ទោះបីជាមានឥណទានកើនឡើងច្រើនក៏ដោយ ក៏មិនមែនមានន័យថាលក្ខខណ្ឌនៃការទទួលបានឥណទានមានភាពងាយស្រួលនោះទេ។
ហេតុអី្វពិន្ទុឥណទានមានសារសំខាន់សម្រាប់អ្នកចង់ខ្ចីលុយពីធនាគារ? ពិន្ទុឥណទាននឹងបង្ហាញពីលទ្ធភាពដែលអតិថិជនម្នាក់អាចសងត្រឡប់នៃទឹកប្រាក់កម្ចីទៅកាន់ស្ថាប័នហិរញ្ញវត្ថុវិញ។ វាត្រូវបានសង្ខេបចេញពីរបាយការណ៍ឥណទានរបស់អតិថិជនម្នាក់ៗ ដែលរួមមានដូចជា ចំនួនដងនៃការសងត្រឡប់ទាន់ពេលវេលា ទឹកប្រាក់កម្ចីដែលអ្នកនៅមានជាមួយគ្រឹះស្ថានឬធនាគារណាមួយ និងចំនួនទឹកប្រាក់ដែលបានប្រើប្រាស់ជាដើម។
សំណើរសុំឥណទានជាច្រើនប្រភេទ ទាមទារឱ្យអ្នកមានពិន្ទុឥណទានខ្ពស់ នោះទើបគ្រឹះស្ថានហិរញ្ញវត្ថុអាចវាយតម្លៃពីហានិភ័យនៃការផ្ដល់ឥណទាន និងសម្រេចចិត្តអនុម័តឥណទាននោះដល់អ្នកប្រកបដោយភាពត្រឹមត្រូវដោយឥណទានទាំងនោះអាចរួមមាន ឥណទានគេហដ្ឋាន ឥណទានរថយន្ដ ឥណទានអាជីវកម្ម និងកាតឥណទានជាដើម។
▸ឧទាហរណ៍ថា អ្នកកំពុងមានកម្ចីនៅធនាគារ “ក” ចំនួន $1,000 ប៉ុន្តែអ្នកចង់ខ្ចីលុយនៅធនាគារ “ខ” ចំនួន $1,000 ថែមទៀត។ នោះធនាគារ “ខ” នឹងពិនិត្យលើពិន្ទុឥណទានរបស់អ្នកថាកំពុងមានកម្ចីជាមួយធនាគារផ្សេងឬទេ? បើមាន តើអ្នកមានលទ្ធផលខ្ចីលុយពីធនាគារបានចំនួនប៉ុន្មានបន្ថែមទៀតជាដើម។
នៅប្រទេសកម្ពុជា ពិន្ទុឥណទានរបស់អតិថិជន ឬហៅថា ខេ ស្ករ (K-Score) ត្រូវបានកំណត់ចាប់ពី ១០០ ដល់ ១៧០០ និងត្រូវបានផ្ដល់ដោយ ការិយាល័យឥណទានកម្ពុជា (CBC) ទៅកាន់ស្ថាប័នហិរញ្ញវត្ថុដែលអ្នកបានដាក់ស្នើសុំឥណទាននោះ ដើម្បីឱ្យស្ថាប័នហិរញ្ញវត្ថុវាយតម្លៃទៅលើហានិភ័យនៃការផ្ដល់ឥណទានឱ្យអ្នកខ្ចី។ បច្ចុប្បន្ន អ្នកក៏អាចត្រួតពិនិត្យមើល និងស្វែងយល់បន្ថែមពីពិន្ទុឥណទានរបស់ខ្លួនបានផងដែរ តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃរបស់ CBC។ សម្រាប់របៀបព័ត៌មានលម្អិតបន្ថែមពីការិយាល័យឥណទានកម្ពុជា (CBC)។
ដោយបានសង្កេតឃើញថា ពិន្ទុឥណទានមានសារៈសំខាន់ ដូចនេះអ្នកគប្បីរក្សាពិន្ទុឥណទានរបស់ខ្លួនឱ្យបានល្អតាមរយៈការទូទាត់កម្ចីរបស់អ្នកឱ្យទាន់តាមពេលវេលាដែលបានកំណត់ និងអាចពិភាក្សាជាមួយអ្នកជំនាញ ដើម្បីទទួលយកនូវដំបូន្មានល្អៗក្នុងការថែរក្សាពិន្ទុឥណទានរបស់អ្នក៕