Cross-border QR payment ជាការទូទាត់ប្រាក់តាមរយៈ QR កូដពីធនាគារមួយនៃប្រទេសមួយ ទៅធនាគារមួយទៀតនៃប្រទេសមួយទៀតដែលជាដៃគូសហការដោយប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ឬឧបករណ៍ស្កេនដទៃទៀត។
ពីមុនការផ្ទេរប្រាក់មានភាពស៊ាំញ៉ាំ ហើយចំណាយពេលច្រើនថ្ងៃ និងមានតម្លៃសេវាថ្លៃថែមទៀត ដូចជាការផ្ទេរប្រាក់ឱ្យបងប្អូននៅប្រទេសផ្សេងគ្នាតាមបញ្ញើជាប្រាក់សុទ្ធជាដើម។ ប៉ុន្តែឥឡូវបច្ចេកវិទ្យាកាន់តែទំនើប ការផ្ទេរប្រាក់ត្រូវបានជំនួសដោយ QR ស្កេនដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
- មានភាពឆាប់រហ័ស និងសុវត្ថិភាពខ្ពស់
- អាចផ្ទេរលុយដោយខ្លួនឯង មិនត្រូវការទៅធនាគារ
- មិនចាំបាច់ត្រូវបំពេញឯកសារស្មុគស្មាញ
- ងាយស្រួលផ្ញើរលុយទៅក្រុមគ្រួសារដែលនៅប្រទេសផ្សេងគ្នា
- ធនាគារនឹងប្តូរប្រាក់ពីរូបិយប័ណ្ណមួយទៅរូបិយប័ណ្ណមួយទៀតដោយស្វ័យប្រវត្តិ
ការសហការជាដៃគូនៃការផ្ទេរប្រាក់ឆ្លងប្រទេសនេះពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើន គួបផ្សំនឹងឱកាសអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់។
តួយ៉ាង ប្រទេសកម្ពុជាក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនខ្លាំងលើវិស័យធនាគារ ជាពិសេសលើគម្រោងបាគងដែលបានផ្ដួចផ្ដើមឡើងក្នុងឆ្នាំ ២០២០ ដោយលោកជំទាវ ជា សេរី ដែលបច្ចុប្បន្នជាអគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជា។ មកដល់សព្វថ្ងៃ ការផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយទៀតតាមរយៈបាគង ទទួលបានជោគជ័យ និងការគាំទ្រយ៉ាងសន្ធឹកសន្ធាប់។ ធនាគារជាតិក៏បានពង្រីកគម្រោងបាគងនេះជាមួយប្រទេសដទៃទៀត ដែលចាប់ផ្តើមពីប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍។ បន្ទាប់ពីជោគជ័យជាមួយប្រទេសថៃ និងម៉ាឡេស៊ីរួចមក ធនាគារជាតិកំពុងតភ្ជាប់ជាមួយប្រទេសឡាវ ដែលរំពឹងថាអាចដំណើរការបាននៅចុងឆ្នាំ ២០២៣ នេះ ហើយបន្តទៅប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា ប្រទេសចិន និងប្រទេសឥណ្ឌា។
ប្រទេសកម្ពុជាព្យាយាមតភ្ជាប់ដៃគូសហការទូទាត់ប្រាក់ឆ្លងប្រទេសនេះក្នុងគោលបំណង ជំរុញការប្រើប្រាស់ប្រាក់រៀល លើកកម្ពស់វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងទាញយកការវិនិយោគពីបរទេស។ល។
តើនៅថ្ងៃខាងមុខ កម្ពុជាអាចពង្រីកដៃគូសហការ QR ស្កេនជាមួយប្រទេសខាងប៉ែកអ៊ឺរ៉ុបដែរទេ?