ធ្លាប់អត់ ពេលមិត្តភក្តិហៅចេញក្រៅ មិនចង់ទៅ តែមិនហ៊ានបដិសេធព្រោះខ្លាចគេខឹង ខ្លាចគេអន់ចិត្ត?
ពេលបដិសេធមិត្តភក្តិបបួលទៅណាម្ដងៗ មានអារម្មណ៍មិនស្រួលក្នុងចិត្ត មានអារម្មណ៍ជាប់ពិរុទ្ធ ដូចមិនសម។ ពេលខ្លះបង្ខំចិត្តទៅព្រោះមិនចង់ឲ្យមិត្តខឹង ហើយខ្លាចល្អក់កករជាមួយគ្នា តែតាមការពិត ការបដិសេធទាំងនេះគួរចាត់ទុកជារឿងធម្មតា។
មនុស្សម្នាក់ៗគួររៀនទទួលយកពាក្យបដិសេធ ជំនួសឲ្យការខឹង ឬអន់ចិត្ត ហើយគួរតែរៀនបើកចិត្តយល់ពីមូលហេតុក្រោយការបដិសេធនោះ។
តាមពិតទៅ គេបដិសេធមិនមែនគេមិនចង់ទៅ ឬមិនចង់រាប់អាននោះទេ តែអាចព្រោះមានបញ្ហាផ្ទាល់ខ្លួនច្រើនយ៉ាងដែលពិបាកក្នុងការបកស្រាយ ឬនិយាយចេញទៅ។ ជួនកាលខ្លះ អាចបដិសេធដោយសារមានបញ្ហាសុខភាព មានធុរៈផ្ទាល់ខ្លួនត្រូវដោះស្រាយ ឬមានការរវល់នៅផ្ទះមិនអាចចេញក្រៅបាន។
មួយវិញទៀត អាចដោយសារបញ្ហា លុយកាក់ក៏ថាបាន ព្រោះពេលចេញក្រៅច្បាស់ជាត្រូវចំណាយ លុយជាក់ជាមិនខាន។ ពេលខ្លះទៀត ចង់មានពេលសម្រាប់ខ្លួនឯង អារម្មណ៍មនុស្សម្នាក់ៗមានឡើងមានចុះ ចង់សម្រាក សាកថ្មឲ្យខ្លួនឯងដោយការនៅស្ងប់ស្ងាត់ម្នាក់ឯង។
សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកគឺជារឿងសំខាន់ដែលអ្នកត្រូវខ្វាយខ្វល់។ អ្នកគួរតែគិតពីខ្លួនឯងជាមុននឹងបារម្ភពីការអាក់អន់ចិត្តរបស់អ្នកផ្សេង។ អ្នកមានសិទ្ធិបដិសេធ មិនអីទេ ធ្វើម៉េចឲ្យតែខ្លួនមានអារម្មណ៍សប្បាយចិត្ត គ្រាន់ជាងការបង្ខំចិត្តខ្លួនឯង។ ការបដិសេធដើម្បីខ្លួនឯងដោយហេតុផលណាមួយខាងលើ មិនគួរជារឿងដែលអ្នកត្រូវមានអារម្មណ៍ថាខុស ឬជារឿងដែលមិនគួរធ្វើនោះទេ។
មិត្តភាពរឹងមាំមិនមែនទាល់តែជួបជុំគ្នាគ្រប់ពេល ឬមានមុខគ្រប់កម្មវិធីនោះទេ។ អ្វីដែលសំខាន់នោះគឺជាការចេះជួយគ្នា យោគយល់គ្នា និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។ ធំៗអស់ហើយ ម្នាក់ៗសុទ្ធតែរវល់រៀងៗខ្លួន ដែលជារឿងធម្មតាមួយដែលកើតឡើងក្នុងជីវិតយើង។ អេដមីនចង់ឲ្យអ្នកទាំងអស់គ្នា កុំមានចិត្តប្រកាន់ខឹង ឬអន់ចិត្ត នៅពេលលឺពាក្យ “ខ្ញុំរវល់ហើយពុំបានចូលរួមឡើយ” ពីមិត្តភក្ដិរបស់យើង បើរវល់លើកនេះក៏ចាំលើកក្រោយទៀតបាន មិនខ្វះពេលនោះឡើយ៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។