សេរីភាពហិរញ្ញវត្ថុ (Financial Freedom) មិនមែនមានន័យថាជាការមានសេរីភាពក្នុងការចាយវាយលើអ្វីក៏បានស្រេចតែចិត្ត ដូចការយល់ច្រឡំភាគច្រើននោះទេ។ តាមពិតទៅ សេរីភាពហិរញ្ញវត្ថុអាចមានន័យច្រើនយ៉ាង។
ជាទូទៅ វាសំដៅលើការមានប្រាក់គ្រប់គ្រាន់ ដើម្បីអោយការរស់នៅមានភាពសុខស្រួល ដោយមិនបាច់ខ្វល់ពីការចំណាយលើអ្វីៗដែលចាំបាច់ ប៉ុន្តែ មិនមានសល់ប្រាក់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការឬការចង់បានផ្សេងៗទៀត។ ជារួមអាចនិយាយបានថា វាជាភាពឥតកង្វល់ និងភាពមានឯករាជ្យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ តែអត្ថន័យនៃសេរីភាពផ្នែកហិរញ្ញវត្ថុអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ឧទាហរណ៍ថា អ្នកខ្លះខំប្រឹងប្រែងរកចំណូល បង្កើនទ្រព្យសម្បត្តិ ដើម្បីមានលុយចាយគ្រប់គ្រាន់ និងសន្សំទុកនៅពេលខ្លួនចូលនិវត្តន៍។ ឯអ្នកខ្លះទៀតចង់មានលទ្ធភាពក្នុងការចាយវាយ ទិញរាល់សម្ភារដែលខ្លួនចង់បាន និងអាចដើរហើរទៅលេងប្រទេសក្រៅជារៀងរាល់ឆ្នាំជាដើម។ សម្រាប់អ្នកខ្លះវិញអាចគ្រាន់តែចង់មានសេរីភាពក្នុងការជ្រើសរើសអាជីពដែលពួកគេចូលចិត្តដោយមិនចាំបាច់ខ្វល់ពីប្រាក់ខែតិចឬច្រើនប៉ុណ្ណោះ។
ពាក្យថាសេរីភាពផ្នែកហិរញ្ញវត្ថុនេះ មិនបានន័យថាចាំបាច់ទាល់តែជាអ្នកមាន សល់លុយស្ដុកស្ដម្ភទើបហៅថាមានសេរីភាពហិរញ្ញវត្ថុនោះទេ។ ទោះបីអ្នកមានចំណូលទាប មធ្យម ឬ ចំណូលថ្នាក់ណាក៏ដោយ ក៏អាចមានបំណងប្រាថ្នាចង់បានសេរីភាពហិរញ្ញវត្ថុនេះដែរ ដែលវាខុសគ្នាទៅតាមក្ដីសុបិន្ត និង គោលដៅរបស់មនុស្សផ្សេងៗគ្នា។ ត្បិតមនុស្សមួយចំនួនអាចគ្រាន់តែចង់មានលុយគ្រប់គ្រាន់ក្នុងការចាយវាយប្រចាំថ្ងៃ ដោយមិនខ្វះមុខខ្វះក្រោយ ហេីយថែមទាំងសល់លុយខ្លះដើម្បីទុកបម្រុង បន្ទាប់ពីត្រូវបង់ថ្លៃសេវាចាំបាច់ផ្សេងៗ។ ចំណែកអ្នកខ្លះទៀតប៉ងត្រឹមមានសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ចខ្លួនបានរួមទាំងពេលមានអាសន្នផ្សេងៗ។ ហើយក៏មានអ្នកដែលគ្រាន់តែចង់មានថវិកានិងពេលវេលាគ្រប់គ្រាន់ សម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ ឬ គ្រាន់មានការជួបជុំអាហារពេលល្ងាចម្ដងម្កាលជាដើម។
ចុះអ្នកវិញ? តើអ្នកមានបំណងសម្រេចសេរីភាពហិរញ្ញវត្ថុបែបណាដែរ? អាចចែករំលែកគ្នាឲ្យដឹងផងបានទេ?