ការគ្រប់គ្រងហិរញ្ញវត្ថុមិនមែនជារឿងងាយស្រួលទេ!
កំហុសហិរញ្ញវត្ថុអាចកើតឡើងលើមនុស្សគ្រប់គ្នា ពេលខ្លះទាំងមិនដឹងខ្លួនទៀតផង ហើយមិនកំណត់ថានៅអាយុប៉ុន្មាននោះទេ កំហុសទាំងនេះនៅតែអាចមានគ្រាន់តែក្នុងទ្រង់ទ្រាយផ្សេងៗគ្នា។
បើសិនជាអ្នកមិនចាប់ផ្តើមរៀនពីកំហុសទាំងនេះទេ អ្នកអាចនឹងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ជំពាក់បំណុល ឬក្ស័យធននិងពិបាករឿងលុយជារឿយៗមិនខាន។
វ័យ ២០ឆ្នាំ
ក្នុងអាយុ ២០ឆ្នាំជាង បុគ្គលភាគច្រើននៅត្រូវពឹងផ្អែកខ្លាំងលើឪពុកម្តាយ ឬអាណាព្យាបាលក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅ ការសិក្សា និងការចំណាយដទៃទៀត។ ក្នុងវ័យនេះដែរ បុគ្គលភាគច្រើនអាចនឹងចាប់ផ្តើមរកសុី ឬធ្វើការកំឡុងពេលរៀន ដើម្បីបង្កើនប្រាក់ចំណូល និងទទួលបានបទពិសោធន៍ការងារ។
កំហុសហិរញ្ញវត្ថុមួយចំនួនដែលតែងតែកើតមានក្នុងវ័យ ២០ឆ្នាំ រួមមាន៖
- ចាយវាយតាមទំនើងចិត្ត ឬហួសសមត្ថភាពដោយចង់សប្បាយមួយពេល, តាមការញុះញង់របស់មិត្តភក្តិជាដើម
- ចាយវាយតាមបែបសម្ភារៈនិយម និងមិនបានគិតគូរឲ្យបានវែងឆ្ងាយមុនឹងទិញសម្ភារៈទំនើបៗទាន់សម័យ
- មិនតាមដានចំណូលចំណាយបស់ខ្លួនពីមួយខែទៅមួយខែ និងមិនយល់ដឹងអំពីវិធីគ្រប់គ្រងហិរញ្ញវត្ថុសមស្របនឹងខ្លួន
- មិនគិតរៀបចំផែនការគ្រប់គ្រងហិរញ្ញវត្ថុវែងឆ្ងាយ ដោយគិតថាខ្លួននៅក្មេង នៅមានពេលវេលា និង ឱកាសច្រើននៅថ្ងៃអនាគត
វ័យ ៣០ឆ្នាំ
ចាប់ពីវ័យ៣០ឆ្នាំឡើងទៅ ជាវ័យដែលបុគ្គលភាគច្រើនបានទទួលបទពិសោធន៍ការងារ និងជីវិតបានច្រើនគ្រប់គ្រាន់ រួមទាំងមានលំហូរហិរញ្ញវត្ថុឋិតថេរជាងក្នុងវ័យ២០ឆ្នាំ។ នេះជាវ័យដែលអាចចាត់ទុកថាជាមនុស្សចាស់ទុំហើយអាចចាប់ផ្តើម និងទទួលបន្ទុកគ្រួសារខ្លួនឯងបាន។
មិនថាបុគ្គលនោះមានគ្រួសារ ឬនៅលីវនៅឡើយទេ កំហុសហិរញ្ញវត្ថុដែលតែងកើតមានឡើងក្នុងវ័យនេះមានដូចជា៖
- មិនបានវិនិយោគ ឬមានផែនការវិនយោគរយៈពេលវែង
- មិនបានគិតគូរពីសារៈសំខាន់របស់ធានារ៉ាប់រង, និងមិនមានផែនការសន្សំសម្រាប់គ្រាមានអាសន្ន
- មិនបានរៀបចំផែនការសម្រាប់ខ្លួនឯង, គ្រួសារ និងកូន
- មិនបានគិតដិតដល់អំពីការចំណាយធំៗ ដូចជាការទិញឡានទំនើប មុនទិញផ្ទះ ឬទិញដីមិនមានប្លង់រឹង
វ័យ ៤០ឆ្នាំ
នៅពេលឈានដល់វ័យ ៤០ឆ្នាំ បុគ្គលភាគច្រើនតែងមានឋានៈតួនាទីក្នុងជួរការងារខ្ពស់។ ប៉ុន្តែក្នុងវ័យនេះដែរ ពួកគេអាចនឹងមានបំណុលជាប់ខ្លួន ព្រោះត្រូវការថវិកាដើម្បីវិនិយោគបន្ថែម ឬដើម្បីសម្រេចគោលបំណងហិរញ្ញវត្ថុដែលបានព្រៀងទុក។
យ៉ាងណាមិញ នៅក្នុងវ័យនេះពួកគេអាចជួបកំហុសហិរញ្ញវត្ថុដូចជា៖
- មិនហ៊ានប្រថុយលើការវិនិយោគ ហើយខ្លះទៀតប្រថុយដោយមិនបានពិចារណាលើការវិនិយោគនោះច្បាស់លាស់
- មិនបានចាប់ផ្តើមគិតគូរសងបំណុលដែលមានស្រាប់ ហើយបែរជាបន្ថែមបំណុលថ្មីពីលើដោយមិនបានពិចារណាឲ្យបានលម្អិត
- មិនបានបើកគណនីសន្សំសម្រាប់ពេលចូលនិវត្តន៍ និងរៀបចំទ្រព្យសម្បតិ្តឲ្យបានរៀបរយតាមច្បាប់
- មិនស្វះស្វែងរកប្រភពចំណូលបន្ថែម តែបែរជាពឹងផ្អែកលើប្រភពចំណូលតែមួយ
តើអ្នកកំពុងស្ថិតក្នុងវ័យណា ហើយកំពុងធ្វើរឿងទាំងអស់នេះឬអត់?
សូមកុំភ្លេច! ចូលរួមជាមួយ កាក់សេន-KAKCENT នៅលើ Telegram ឥឡូវនេះ!
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។