មុននឹងចាប់ផ្តើមធ្វើជាម្ចាស់ហាងកាហ្វេមួយ មានរឿងច្រើនដែលអ្នកត្រូវគិតគូរ ជាពិសេសការបង្កើតផែនការហិរញ្ញវត្ថុតែម្តង។
ការមានគម្រោងហិរញ្ញវត្ថុមុនពេលបើកហាងមានសារ:សំខាន់ណាស់សម្រាប់ជួយឲ្យយើងដឹងលទ្ធភាពជាក់ស្តែងរបស់អាជីវកម្មណាមួយ។ វានឹងជួយដល់ការសម្រេចចិត្ត និងការទុកដាក់ហិរញ្ញវត្ថុ ដើម្បីឲ្យបានមកវិញនូវផលចំណេញដូចដែលយើងគ្រោងទុក។ ថែមពីនេះទៀត បើអ្នកមានគម្រោងត្រឹមត្រូវ វាជាកត្តាទាក់ទាញទុនពីអ្នកផ្ដល់កម្ចីឱ្យយើងរកស៊ីផងដែរ។
ក្នុងផែនការហិរញ្ញវត្ថុនោះ គួរគប្បីមាន៖
១. ដើមទុន (Startup Cost)
គេពុំដែលចោលឡើយនូវការគណនាដើមទុនដំបូងពេលចាប់ផ្ដើមរបររកស៊ី។ សម្រាប់អាជីវកម្មកាហ្វេខ្នាតតូច ថ្លៃដែលគួររាប់បញ្ចូលក្នុងដើមទុន រួមមាន សម្ភារ: និងម៉ាស៊ីនឆុងកាហ្វេ គ្រឿងតុបតែង តុ កៅអី តូប/ទូកញ្ចក់/រទេះ ថ្លៃគ្រឿងផ្សំ ថ្លៃជួលទីតាំង ឬថ្លៃបុគ្គលិកផ្សេងៗ។ សូម្បីតែការធ្វើទីផ្សារ ផ្សព្វផ្សាយយីហោ ក៏ត្រូវរៀបចំគណនាឲ្យបានក្បោះក្បាយដែរ។
២. ប្រភពទុន
ពេលដឹងថាត្រូវចំណាយដើមទុនអស់ប៉ុន្មានហើយ បន្ទាប់គឺត្រូវដឹងគួររកទុនមកពីណា? ជម្រើសខ្លះៗមានដូចជា ពីគ្រួសារ មិត្តភក្តិ ធនាគារ ឬប្រាក់សន្សំខ្លូនឯងជាដើម។ ជាពិសេស អ្នកគួរតែច្បាស់ថាអ្នកខ្ចីមិនហួសពីសមត្ថភាព ហើយគម្រោងអាជីវកម្មអាចទប់ទល់នឹងបំណុលនេះបាននៅថ្ងៃមុខ។
៣. ផែនការចំណាយសម្រាប់ឆ្នាំដំបូង
-ចំណាយថេរ (Fixed Expenses)
ចំណាយថេរមានដូចជា ទឹក ភ្លើង WiFi ប្រាក់ខែបុគ្គលិក ឬថ្លៃជួលផ្សេងៗដែលត្រូវបង់ប្រចាំខែ។ ដូច្នេះ អ្នកគួររៀបចំនូវកញ្ចប់ចំណាយថេរពីខែទី១ ដល់ខែទី១២ដំបូងសិន ឲ្យបានលម្អិត ហើយទុកដោយឡែកពីថវិកាផ្សេង។
-ចំណាយប្រែប្រួល (Variable Expenses)
ចំណាយប្រែប្រួលមាន វត្ថុធាតុដើម និងគ្រឿងផ្សំដូចជាទឹកកក ទឹកដោះគោ ទុយោ កែវ ក្រដាសជូតមាត់ ដែលភាគច្រើនអាស្រ័យលើទំហំលក់។ ការរៀបចំទុកដាក់ចំណាយប្រែប្រួល អាចឱ្យយើងកំណត់ថ្លៃលក់ក្នុងមួយកែវផងដែរ ដើម្បីឱ្យតម្លៃលក់មិនខ្ពស់ពេក មិនចូលដើម និងចំណេញ។
៤. ព្យាករណ៍ចំណូលពីការលក់ (Projected Sales Revenue)
បន្ទាប់ពីមានផែនការចំណាយ យើងក៏ត្រូវប៉ាន់ស្មានពីចំណូលនៃការលក់ដូចគ្នា។ របៀបគណនា យើងត្រូវមាន:
- ចំនួនលក់ដែលបានគ្រោងទុក (Projected Unit Sales)
ជាចំនួនឯកតា (កែវ) ដែលម្ចាស់អាជីវកម្មអាចប៉ាន់ស្មានជាមធ្យមក្នុងមួយខែៗ។
ឧទាហរណ៍ ក្នុងខែទី១ ដល់ខែទី៥ លក់បានជាមធ្យម ១៥០០កែវ/១ខែ, ក្នុងខែទី៦ ដល់ខែទី៨ លក់បានជាមធ្យម ២០០០កែវ/១ខែ, ក្នុងខែទី៩ ដល់ខែទី១២ លក់បានជាមធ្យម ២៥០០/១ខែ។
- តម្លៃមធ្យមក្នុងមួយឯកតា (Average Price Per Unit)
ឧទាហរណ៍ ១.៥$ ក្នុងមួយកែវ យើងនឹងអាចគណនាឃើញចំណូលពីការលក់ដែលបានគ្រោងទុក (ប្រចាំខែ និងឆ្នាំ) ដោយយកចំនួនលក់ដែលបានគ្រោង គុណនឹងតម្លៃមធ្យមក្នុងមួយឯកតា។ ឧទាហរណ៍ខែទី១ ចំណូលទទួលបានគឺ ២២៥០ដុល្លារ ដោយយក ១៥០០កែវ គុណ ១.៥ដុល្លារ។
៥. ព្យាករណ៍ចំណេញខាត (Profit/Loss)
ដើម្បីដឹងថាការលក់របស់យើងនឹងខាត ឬចំណេញ
អាជីវករអាចយកចំណូលដែលបានគ្រោងទុក ដកនឹងចំណាយថេរ និងចំណាយប្រែប្រួលបូកបញ្ចូលគ្នា នោះលទ្ធផលដែលទទួលបាននឹងបង្ហាញពីចំណេញ ឬខាតក្នុងមួយខែ ក៏ដូចជាប្រចាំឆ្នាំ។ ក្នុងប៉ុន្មានខែដំបូងៗ អាជីវករមិនគួររំពឹងចំណេញច្រើនទេ ព្រោះអតិថិជនមិនទាន់ស្គាល់ច្រើន ណាមួយបើសិនការគ្រប់គ្រងចំណាយនៅមានកម្រិត។
៦. ចំណុចរួចដើម (Break-Even Point)
ដើម្បីដឹងថា ការលក់របស់យើងអាចរួចដើមឬអត់ អាចប្រើរូបមន្ត ចំណាយថេរ ចែកឱ្យ (ថ្លៃលក់ក្នុងមួយកែវ ដកឱ្យចំណាយប្រែប្រួលក្នុងមួយកែវ) នោះលទ្ធផលនឹងបង្ហាញថាយើងត្រូវលក់ប៉ុណ្ណឹងកែវក្នងមួយខែ ទើបអាចរួចដើម។
បញ្ជាក់៖ ខាងលើគឺជាផែនការមួយដែលប្រិយមិត្តអាចអនុវត្តបាន ប៉ុន្តែវាពុំមែនជារូបមន្តជាក់លាក់មួយឡើយ។ សូមមេត្តាអនុវត្តប្រកបដោយការទទួលខុសត្រូវ។
ក្រៅពីចំណុចទាំង៦ដែលបានរៀបរាប់ខាងលើ ក៏នៅចំណុចផ្សេងៗទៀតដែលម្ចាស់អាជីវកម្មត្រូវគិតគូរដូចជា សមត្ថភាពទប់ទល់នឹងការលក់ខាត បង្កើតគណនីសម្រាបអាជីវកម្មដាច់ដោយឡែក និងស្វែងរកដៃគូប្រឹក្សាអាជីវកម្មជំនាញ ដើម្បីជំនួយក្នុងការរៀបចំផែនការហិរញ្ញវត្ថុ ព្យាករណ៍ចំណូលចំណាយ និងកំណត់តម្លៃផ្សេងៗ៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ GBS - Gourmet Beverage Solutions
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន