អ្នកណាខ្លះគិតថាខ្លួនឯងធំហើយ ចូល comment នៅខាងក្រោមតិចមក អេដមីនសូមស្គាល់មុខតិច
ចូលដល់វ័យខ្ទង់ ២០ អីហើយអាចចាត់ទុកបានថាមិនក្មេងពេក ហើយក៏មិនទាន់ចាស់ណាស់ណានោះដែរ។ ទោះជាដំណើរជីវិតនៅមានលើសកន្លះជីវិតទៀតឯណោះក្ដី នៅវ័យនេះ អ្នកគួរតែបានស្គាល់រសជាតិជីវិតគួរសមហើយ គិតទាំងពីវ័យកុមារភាព វ័យសិក្សា និង ជីវិតស្នេហា (តែអេដមីនអត់ recommend ទេ) រហូតពេលនេះអ្នកអាចនឹងកំពុងប្រឡូកក្នុងវិស័យការងាររួចទៅហើយ។ ប៉ុន្តែចំណែកមួយទៀតដ៏សំខាន់ដែលអ្នកមិនអាចខ្វះបាននោះគឺ ចំណេះចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួន។
ខាងក្រោមនេះជាចំណេះជំនាញហិរញ្ញវត្ថុមួយចំនួនដែលមនុស្សវ័យខ្ទង់ ២០ គួរតែចេះ សម្រាប់យកទៅប្រើប្រាស់ក្នុងការស់នៅរបស់ខ្លួន។
សមត្ថភាពគ្រប់គ្រង និង រៀបចំផែនការផែនការហិរញ្ញវត្ថុ
ខណៈដែលហិរញ្ញវត្ថុផ្ទាល់ខ្លួនជាចំណែកមួយយ៉ាងសំខាន់ក្នុងជីវិតមនុស្សគ្រប់វ័យ តែវារឹតតែសំខាន់ថែមទៀតសម្រាប់មនុស្សចាប់ផ្ដើមចូលវ័យខ្ទង់ ២០។ ដោយហេតុថា ក្នុងជីវិតពិតមិនមានអ្នកចាំនាំផ្លូវដូចកាលនៅវ័យសិក្សាមានគ្រូបាអាចារ្យនោះទេ។ ពេលនេះ យើងត្រូវចេះឈរដោយខ្លួនឯង និងនាំផ្លូវដោយខ្លួនឯង។ ហេតុនេះហើយទើប យើងត្រូវរៀនសូត្រនិងហ្វឹកហាត់ជំនាញគ្រប់គ្រង និងរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យបានល្អ ឬយ៉ាងហោចណាស់ឱ្យសក្តិសមជាមួយស្ថានភាពហិរញ្ញវត្ថុរបស់យើង។
អ្នកគួរតែចាប់ផ្ដើមរៀនរៀបចំទាំងផែនការរយៈពេលខ្លី (ត្រឹម ២-៣ ឆ្នាំខាងមុខ) និងផែនការយៈពេលវែង (តួយ៉ាងសម្រាប់ពេលចូលនិវត្តន៍ ឬចាស់ជរា)។ ដ្បិតថាចំណេះជំនាញមួយនេះមិនអាចរកបាននៅសាលានោះទេ តែទាមទារឱ្យអ្នកហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពលើវាដោយខ្លួនឯង។
លទ្ធភាពកសាងប្រាក់ចំណូលបន្ថែម
នេះជាវ័យដែលអ្នកពោរពេញទៅដោយកម្លាំងកាយ និងប្រាជ្ញា។ ហេតុនេះ អ្នកគួរខិតខំបំពេញការងារ និងប្រកបរបរ ដើម្បីរកចំណូលឲ្យបានច្រើនទៅតាមលទ្ធភាពទាន់ខ្លួននៅមានកម្លាំងមាំមួន។ ក្រៅពីប្រើប្រាស់ជំនាញវិជ្ជាជីវៈទៅរកចំណូលបានមកហើយ យើងក៏អាចបង្កើតឱកាសរកចំណូលបន្ថែមដោយខ្លួនឯងដែរតាមរយៈការធ្វើការងារឯករាជ្យជា freelancer ឬ ការងារ part-time ជាមួយនឹងសមត្ថភាព ឬ hobbies ដទៃទៀត មួយចំនួនដែលយើងមានស្រេចនិងដែលអាចរកចំណូលបាន។
តែសូមបញ្ជាក់ដែរថា ក្នុងវ័យនេះ បទពិសោធន៍របស់យើងអាចនៅមានកម្រិតនៅឡើយ។ ដូចនេះ ក្នុងកាលៈទេសៈមួយចំនួន យើងក៏ត្រូវគិតគូរដល់ការរៀនសូត្របន្ថែមពីការងារទាំងនោះផង ដោយមិនផ្ដោតមើលតែលើប្រាក់ចំណូលមួយជ្រុងប៉ុណ្ណោះទេ។ មួយវិញទៀត បើអ្នកចង់ប្រកបអាជីវកម្ម អ្នកក៏គួរតែសិក្សាពីវាឲ្យបានច្បាស់ជាមុន ឬចាប់ផ្ដើមពីតូចសិនទើបជាការប្រសើរ ដើម្បីកាត់បន្ថយហានិភ័យពីកំហាតបង់។
មូលដ្ឋានគ្រឹះនៃការវិនិយោគ
មធ្យោបាយវិនិយោគមានច្រើនប្រភេទណាស់។ ពិចារណាលើបទពិសោធន៍ និងការយល់ដឹងដែលអ្នកទទួលបានក្នុងវ័យនេះ អ្នកគប្បីកុំព្យាយាមបង្ខំខ្លួនហក់លោតក្នុងវិស័យនេះលឿនពេកអី។ ផ្ទុយទៅវិញ អ្នកគួរចំណាយពេលសិក្សាស្វែងយល់ពីវា ឬអាចចាប់ផ្ដើមប្រឡូកពីត្រឹមកម្រិតមូលដ្ឋានសិន ដោយចាប់ផ្ដើមពីប្រភេទនៃការវិនិយោគដែលមានហានិភ័យទាបជាមុន។ ទាក់ទងនឹងការវិនិយោគ អ្នកអាចសិក្សាបានតាមមុខវិជ្ជាដែលផ្ដល់ឱ្យក្នុងមុខជំនាញចំនួន និងក្រេបយកចំណេះដឹងបន្ថែមពីការស្រាវជ្រាវដោយខ្លួនឯង រួមទាំងតាមគេហទំព័រឬប្រភពចែករំលែកចំណេះដឹងទាក់ទងការវិនិយោគមួយចំនួនទៀត។
បំណុល
ដូចយើងដឹងហើយថា បំណុលមាន២ប្រភេទគឺបំណុលល្អ និងបំណុលអាក្រក់។ អ៊ីចឹងហើយ ការយល់ដឹងពីបំណុលនឹងជួយយើងឱ្យចេះប្រើប្រាស់កម្ចីឱ្យត្រឹមត្រូវ និងឱ្យចេះចៀសពីការធ្លាក់ខ្លួនជាប់បំណុលអាក្រក់ដូចគ្នា។ ខាងក្រោមនេះជាចំណុចមួយចំនួនអំពីបំណុលដែលអ្នកក្នុងវ័យខ្ទង់ ២០ គួរយល់ដឹង៖
ក. ចេះបែងចែករវាងបំណុលល្អ និងបំណុលអាក្រក់ និងការប្រើប្រាស់វាឱ្យបានត្រឹមត្រូវ
ខ. ចេះគ្រប់គ្រងចំណាយទៅតាមតម្រូវការផ្ទាល់ខ្លួន ដើម្បីចៀសវាងការខ្ចីបុលបន្ថែមមកប្រើប្រាស់លើចំណាយខុសតម្រូវការ
គ. អាចអនុវត្តវិធីសាស្ត្រណាមួយឬចេះដោះស្រាយបំណុលប្រកបដោយប្រសិទ្ធិភាព
ឃ. អាចវិភាគមើលរវាងជម្រើសឥណទានផ្សេងៗ ដើម្បីសម្រេចចិត្តបានល្អប្រសើរ ។
ចំណេះជំនាញផ្នែកហិរញ្ញវត្ថុទាំងប៉ុន្មានខាងលើនេះ ពិតជាសំខាន់ណាស់សម្រាប់មនុស្សដែលឈានចូលវ័យខ្ទង់ ២០ ឆ្នាំ។ វានឹងដើរតួជាជំនួយដល់ស្ថានភាពហិរញ្ញវត្ថុរបស់យើងឱ្យកាន់តែល្អប្រសើរទៅមុខ បូករួមទាំងការប្រើប្រាស់ថវិកាបានត្រឹមត្រូវ ការសម្រេចបានគោលដៅនិងផែនការអនាគត ការត្រៀមខ្លួនសម្រាប់បញ្ហាបន្ទាន់នានា ជាពិសេសវាអាចជួយយើងឱ្យជៀសផុតពីហានិភ័យហិរញ្ញវត្ថុមួយចំនួនទៀតផង៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។