ចាក់សាំង ជិះទៅធនាគារ ហត់ផង ភ្លេចឯកសារទៀត ឥឡូវមានតែទូរសព្ទមួយ ដូចដាក់យ័ន្តតាមខ្លួន ហើយនេះក៏ដោយសារបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech។
តើ Fintech ជាអ្វី? មានប្រយោជន៍អ្វីខ្លះដល់សេវាកម្មធនាគារ?
“Fintech” ជាការច្នៃប្រឌិតនៃបច្ចេកវិទ្យាដែលធ្វើឱ្យមានការវិវត្តនៅក្នុងវិស័យហិរញ្ញវត្ថុ។
តាមរយៈនវានុវត្តន៍នៃបច្ចេកវិទ្យាបែបនេះ វានឹងធ្វើឲ្យការផ្តល់សេវាកម្មរបស់ធនាគាប្រែមុខមាត់ ៣ យ៉ាងដូចខាងក្រោម៖
1 កាន់តែងាយស្រួល និងឆាប់រហ័ស
បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នឹងជួយឲ្យអតិថិជនប្រើប្រាស់សេវាកម្មធនាគារកាន់តែទូលំទូលាយជាងមុន ដោយសារតែយើងអាចធ្វើវាបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ពោលគឺ២៤ម៉ោងក្នុងមួយថ្ងៃ ដោយមិនចាំបាច់រង់ចាំយូរ ឬទៅធនាគារដូចមុន។ ដូចនេះ យើងគ្រាន់តែមានស្មាតហ្វូន ប្រព័ន្ធអ៊ីនធើណែត និងកម្មវិធីធនាគារចល័ត យើងអាចធ្វើប្រតិបត្តិការ ផ្ញើប្រាក់ ទូទាត់ប្រាក់ ឬបង់វិក្កយបត្របាន ដោយងាយស្រួល និងឆាប់រហ័ស មិនចាំបាច់ចាប់លេខរង់ចាំនៅធនាគារ។
2 ជម្រើសសម្បូរបែប
កម្មវិធីធនាគារលើទូរសព្ទដៃ នៅមានជម្រើសសម្បូរបែបផ្សេងទៀត ក្រៅពីដក-ដាក់ប្រាក់ រួមមាន៖ សន្សំប្រាក់ក្នុងគណនីសន្សំមានកាលកំណត់ ផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស ការទិញផលិតផលធានារ៉ាប់រងជាដើម។ ការដែលមានច្រើនមុខងារ ច្រើនប្រតិបត្តិការលើកម្មវិធីតែមួយនេះ គឺដូចជាមានប្រព័ន្ធអេកូឡូស៊ីឌីជីថល (digital ecosystem) បាត់ទៅហើយ ងាយស្រួលយើងមិនចាំបាច់ត្រូវទាញយកកម្មវិធី
ច្រើនរួមគ្នានោះទេ។
3 មានសុវត្ថិភាពខ្ពស់
យោងតាម Forbes Advisor ការប្រើប្រាស់ធនាគារឌីជីថលគឺមានសុវត្ថិភាពខ្ពស់ ព្រោះរាល់ព័ត៌មានរបស់យើងនឹងត្រូវបានការពារដោយធនាគារ កុំឲ្យមានការបែកធ្លាយទៅកាន់ជនទី៣។ ហេតុនេះ យើងមានទំនុកចិត្តទ្វេដង ព្រោះរាល់ការធ្វើប្រតិបត្តិការរបស់យើងម្តងៗ ធនាគារឌីជីថលក៏បានបន្ថែមការការពារ ដូចជាលេខកូដសម្ងាត់ ឬស្គេន Face ID ដើម្បីផ្ទៀងផ្ទាត់។
យ៉ាងណាមិញនៅពេលអនាគត ធនាគារឌីជីថលប្រហែលជានឹងបោះជំហានទៅមុខជាងនេះដែល អាចបញ្ចូលនូវការផ្តល់សេវាហិរញ្ញវត្ថុបន្ថែមផ្សេងៗទៀតដូចជាកម្ចី និងការសិក្សាពីឥរិយាបទប្រើប្រាស់របស់អតិថិជនតាមរយៈបញ្ញាសិប្បនិម្មិត (AI) ជាដើម ដែលវានឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំងដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទាំងមូល៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន