យោងតាមសារព័ត៌មានថ្មីៗ គិតត្រឹម៦ខែដំបូងក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានផ្តល់ប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់និយោជិតចំនួន៦៦៣៥០នាក់ ដែលស្ថិតក្នុងសហគ្រាស២០០៣កន្លែង។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប័ណ្ណ ប.ស.ស. ដល់បុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍សេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេសស្ត្រីដែលបម្រើការនៅរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្គាឌិន កន្លែងម៉ាស្សា និងស្ប៉ា ដែលរាល់ការព្យាបាល រដ្ឋនឹងរ៉ាប់រងទាំងស្រុង។ ឯអាជីវករ អ្នករត់ម៉ូតូឌុប អ្នករត់កង់បី និងអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទក៏អាចស្នើសុំធ្វើប័ណ្ណបានផងដែរ តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ដោយតម្រូវឱ្យបង់ ៤ដុល្លារក្នុងមួយខែ។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍លើកទឹកចិត្តដល់និយោជកនៃក្រុមហ៊ុនដែលមានបុគ្គលិកចាប់ពីម្នាក់ឡើងទៅ ក្នុងការធ្វើប័ណ្ណ ប.ស.ស. ដល់បុគ្គលិកផងដែរ។
សមាជិក ប.ស.ស. ទទួលបានផលប្រយោជន៍ពីរគឺ
- ការធានារ៉ាប់រងផ្នែកសុខភាពពេលមានហានិភ័យការងារដូចជា
- គ្រោះថ្នាក់ការងារ៖ គ្រោះថ្នាក់ដែលកើតឡើងក្នុងពេលបំពេញការងារ រាប់ចូលទាំងការធ្វើដំណើរមកធ្វើការ ឬអំឡុងពេលត្រឡប់ទៅគេហដ្ឋានវិញ។
- ជំងឺវិជ្ជាជីវៈ៖ សំដៅលើជំងឺដែលកើតឡើងក្នុងពេលបំពេញការងារ។
សម្គាល់៖ អ្នកជំងឺទទួលបានសេវាព្យាបាល និងប្រាក់ឧបត្ថម្ភក្នុងលក្ខខណ្ឌមិនអាចបំពេញការងារ ហើយត្រូវសម្រាកព្យាបាលបណ្តោះអាសន្ន។
- ការធានារ៉ាប់រងផ្នែកថែទាំសុខភាព ដូចជាការព្យាបាល ការផ្តល់សេវាជំងឺរ៉ាំរ៉ៃ សេវាថែទាំវេជ្ជសាស្ត្រ និងសេវាបង្ការសុខភាព ហើយផ្តល់ជាប្រាក់បំណាច់ប្រចាំថ្ងៃក្នុងលក្ខខណ្ឌអ្នកជំងឺមិនអាចទៅធ្វើការបាន។
សមាជិក ប.ស.ស. អាចប្រើប្រាស់ប័ណ្ណនេះជាមួយមន្ទីរពេទ្យសាធារណៈ ឬមន្ទីរពេទ្យផ្សេងទៀតដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម។
គួរបញ្ជាក់ផងដែរថា បេឡាជាតិរបបសន្តិសុខសង្គមជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលត្រូវបានបង្កើតឡើងតាមអនុក្រឹត្យតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងធ្វើប្រតិបត្តិការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ៕